រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ នៃខេត្តកោះកុង ចូលរួមសន្និសីទច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ Cambodia Vietnam Thailand Economic Corridor (CVTEC) Conference 2024

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ នៃខេត្តកោះកុង ចូលរួមសន្និសីទច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ Cambodia Vietnam Thailand Economic Corridor (CVTEC) Conference 2024 ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និសីទ The Aiyapura Resort Koh Chang ស្ថិតក្នុងខេត្តត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម Nattapong Sanguanjit អភិបាលខេត្តត្រាត ក្រោមកិច្ចសហការគាំទ្រពីសមាគមទេសចរណ៍ សភាពាណិជ្ជកម្មថៃ និងនាយកដ្ឋានរៀបចំសន្និសីទ និងពិព័រណ៍ នៃព្រះរាជាណាចក្រថៃឡង់ដ៏។
សមាសភាពចូលរួម នៃប្រទេសកម្ពុជា គឺមានខេត្តជាប់សមុទ្រទាំង៤ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ប្រទេសវៀតណាម មានខេត្តកាម៉ៅ ចំណែកព្រះរាជាណាចក្រថៃឡង់ដ៏ គឺមានខេត្តត្រាត ក្នុងនោះក៏មានការចូលរួមពីវិស័យឯកជន សមាគមឧស្សាហកម្មទេសចរណ៍ តំណាងម្ចាស់រីស៊ត សណ្ឋាគារ និងអាជីវកម្មទេសចរណ៍នៃប្រទេសទាំង៣ ជាច្រើននាក់ផងដែរ។
សន្និសីទរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍វិស័យទេសចរណ៍ និង MICE តាមបណ្តាញផ្លូវទឹកសមុទ្រតភ្ជាប់កោះនៃខេត្តត្រាត និងកោះផ្សេងៗ នៃប្រទេសក្នុងតំបន់ ថៃ កម្ពុជា វៀតណាម និងការកសាងសេដ្ឋកិច្ចទេសចរណ៍ផ្លូវទឹករួមគ្នា សម្រាប់លើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំង៣។ គម្រោងច្រករបៀងសេដ្ឋកិច្ចផ្លូវគោក គឺមានការតភ្ជាប់ខេត្តឈុនបុរី ខេត្តរ៉ាក់យ៉ងខេត្តច័ន្ទបុរី ខេតត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ តភ្ជាប់មកខេត្តកោះកុង ខេត្តសីហនុ ខេត្តកែប ខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា និងឆ្លងទៅខេត្តគៀនយ៉ាង និងខេត្តកាម៉ៅនៃប្រទេសវៀតណាម ចំពោះផ្លូវទឹកសមុទ្រ គឺមានគម្រោងតភ្ជាប់កោះទេសចរណ៍ នៃខេត្តត្រាត និងកោះទេសចរណ៍ នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម។
កិច្ចប្រជុំ CVTEC លើកក្រោយនឹងរៀបចំនៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម ដើម្បីពិនិត្យលើសេចក្តីព្រាងកិច្ចព្រមព្រៀង MOU ដើម្បីដាក់ជូនថ្នាក់ដឹកនាំនៃប្រទេសទាំង៣ ពិនិត្យ និងសម្រេច ក្នុងការជំរុញច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងវិស័យទេសចរណ៍ផ្លូវទឹក ដែលអាចនឹងដំណើរការសាកល្បង នៅរដូវវិស្សមកាលទេសចរណ៍ ខែ១០-ខែ១២ ឆ្នាំ២០២៤ ខាងមុខនេះតាមការស្នើសុំរបស់ភាគីថៃ និងវៀតណាម ដោយអាចចាប់ផ្តើមពីកោះឆាង នៃខេត្តត្រាត ចូលទៅកោះរ៉ុង នៃខេត្តព្រះសីហនុ និងកោះហ្វូគក់ នៃប្រទេសវៀតណាម។
ថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ June 7, 2024

អត្ថបទទាក់ទង