រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានចូលរួមក្នុង“ពិធីផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្ត“ ជាមួយ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រីមន្ត្រីជំនាញ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការទាំងអស់នាពេលនេះ។
នាងខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គលេខាធិការដ្ឋាន តែងតែមានប្រសាសន៍ណែនាំដល់អាជ្ញាធររាជធានី ខេត្ត យកចិត្តទុកដាក់ខ្ពស់ក្នុងការងារយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងធ្វើការផ្សព្វផ្សាយ អំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រោះថ្នាក់គ្រឿងញៀន ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។
ដើម្បីឱ្យខេត្តកោះកុងយើង សម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានជំនឿយ៉ាងមុតមាំលើឆន្ទៈ និងការតាំងចិត្តរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសសមត្ថកិច្ចជំនាញ ក្នុងទប់ស្កាត់ បង្ក្រាប ដោះស្រាយរាល់បញ្ហា និងវិបត្តិនានាដែលកើតឡើងនៅក្នុងមូលដ្ឋានបានល្អ និងទាន់ពេលវេលាជាក់ជាមិនខាន។
ស្ថិតក្នុងស្ថានភាព និងបរិបទនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកតិ្តបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវ ផែនការលេខ ០១ផក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)សម្រាប់ឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងគណៈអភិបាលរាជធានីខេត្តទាំងអស់ ចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពបំផុត។ ក្នុងន័យនេះ ក្នុងនាមជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងត្រូវយកចិត្តទុកដាក់បំផុតក្នុងការអនុវត្តនូវផែនការខាងលើ ដើម្បីទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុលោមតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទះមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍសង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា។ ជាពិសេសត្រូវអនុវត្តដាច់ខាតនូវ បទបញ្ជាលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការណ៍ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថានប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ ០០១សណន អ.ជ.ប.គ.ញ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តីពីវិធានការ ក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ដូចនេះទើបយើងរៀបចំ“ពិធីផ្សព្វផ្សាយនូវឯកសារគតិយុត្តពាក់ព័ន្ធនានា និងការធ្វើតេស្តរហ័ស រកសារធាតុញៀនតាមទឹកមូត្រដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ“ ជាជំហ៊ានដំបូងក្នុងខេត្តកោះកុង និងបន្តអនុវត្តការងារធ្វើតេស្តរហ័សរកសារធាតុញៀន នៅតាមន្ទីរ និងអង្គភាពជំនាញជុំវិញខេត្ត នូវជំហ៊ានបន្ទាប់គ្នាក្នុងពេលឆាប់ៗនេះ ដើម្បីរាយការណ៍អំពីលទ្ធផលធ្វើតេស្តជូនក្រសួងមហាផ្ទៃបានជ្រាប។

ការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ (ដែលហៅសាមញ្ញថា តាមទឹកនោម) គឺ ដើម្បីពង្រឹងគុណភាពធនធានមនុស្ស ប្រកបដោយភាពស្អាតស្អំ និងភាពជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ គោលការណ៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការអនុវត្តនេះទៀតសោត គឺត្រូវធ្វើឡើងស្របតាមគោលការណ៍ណែនាំរបស់ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានបញ្ជូនមន្ត្រីទទួលបន្ទុកចូលរួមវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពីរបៀបនៃការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដល់មន្ត្រីជំនាញរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ពេលកន្លងមក។ ចំពោះគណៈកម្មការ និងក្រុមប្រតិបត្តិ ដែលត្រូវបានបង្កើតឡើង តាមរយៈសេចក្តីសម្រេចលេខ ០២៣ សសរ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ របស់គណៈកម្មាធិការត្រួតពិនិត្តគ្រឿងញៀនខេត្ត ត្រូវបន្តសហការ និងសម្របសម្រួលការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញទូទាំងខេត្ត គឺជាការអនុវត្តគោលការណ៍ដឹកនាំ “សម្អាតផ្ទះយើង” របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ និងមហាជនទូទៅ ទាំងក្នុង និងក្រៅប្រទេស។
ឈរលើស្មារតីនេះ ខ្ញុំក៏សូមស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃរដ្ឋបាលខេត្ត ត្រូវចូលរួមសហការជាមួយក្រុមការងារប្រតិបត្តិទាំង៧ ដើម្បីធ្វើតេស្តឱ្យបានគ្រប់ៗគ្នា ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ដោយមិនត្រូវគេចវេស ឬយកលេសជាប់រវល់នេះរវល់នោះ ជាដាច់ខាត។ ក្នុងករណី មន្ត្រីរូបណាមិនចូលរួមក្នុងការធ្វើតេស្តរហ័សរកសារធាតុញៀន រដ្ឋបាលខេត្ត នឹងចាត់វិធានការចំពោះមន្ត្រីរូបនោះតាមច្បាប់ជាធរមាន។ ក៏ប៉ុន្តែ ប្រសិនបើថ្ងៃនេះ អំឡុងពេលធ្វើតេស្ត នៅមានមន្ត្រីរូបណាមានជាប់បំពេញបេសកកម្មផ្លូវការដែលខានពុំបាន ទៅក្រៅខេត្ត ឬតាមស្រុក មន្ត្រីរូបនោះត្រូវស្នើសុំធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ជាមួយរដ្ឋបាលក្រុងស្រុក ដែលជាជម្រើសមួយទៀត។ ទន្ទឹមគ្នានេះដែរសូមក្រុមការងារ ត្រូវកត់ត្រាឱ្យបានច្បាស់លាស់ចំពោះមន្ត្រីដែលកំពង់សម្រាកព្យាបាលជំងឺ ដែលមិនអាចមកធ្វើតេស្តបាន ដើម្បីយើងទុកពេលវេលាសមស្របណាមួយសម្រាប់ឱ្យពួកគាត់បានមកធ្វើតេស្តរហ័ស ស្របតាមបទបញ្ជា និងសេចក្តីណែនាំរបស់ថ្នាក់លើ។
ខ្ញុំសូមអរគុណដល់ លោកបណ្ឌិតអភិបាលរង លោកឧត្តមសេនីយ៍ស្នងការ នាយករងរដ្ឋបាលសាលាខេត្ត ដែលបានអានបទបញ្ជា សេចក្តីណែនាំ និងធ្វើបទបង្ហាញសង្ខេបអំពីនីតិវិធីនៃការធ្វើតេស្តរហ័សរកសារធាតុញៀន ដល់អង្គពិធីបានជ្រាប។
ស្របពេលនេះដែរ ខ្ញុំក៏សូមណែនាំ ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ យោធិន និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមអនុវត្តការងារចាំបាច់មួយចំនួនដូចតទៅនេះ៖
១.ត្រូវធ្វើការផ្សព្វផ្សាយអំពី ខ្លឹមសារ នៃការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរ អង្គភាពខ្លួន ឱ្យបានដឹង និងចូលរួមសហការអនុវត្តនាពេលខាងមុខ។
២.ត្រូវសម្របសម្រួល សហការឱ្យបានល្អជាមួយក្រុមការងារប្រតិបត្តិទាំង៧ ពាក់ព័ន្ធនឹងការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ នៅតាមមន្ទីរ អង្គភាពរបស់ខ្លួន។
៣.ត្រូវអនុវត្តឲ្យបានជាដាច់ខាតនូវ ទិសស្លោកគ្រឿងញៀន “ ៣កុំ និង ១រាយការណ៍ ”។
៤.ត្រូវបន្តសហការ និងចែករំលែកព័ត៌មាន របស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាព។
៥.ត្រូវបន្តយកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀតដោយផ្តោតលើ អាទិភាពគន្លឹះទាំង៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
៦.ត្រូវបន្តធ្វើការអប់រំ និងផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីបញ្ហាគ្រោះថ្នាក់គ្រឿងញៀន ដល់សហការី សមាជិកក្រុមគ្រួសារ និងសហគមន៍ ឱ្យឃ្លាតឆ្ងាយពីបញ្ហាគ្រឿងញៀន តាមពាក្យស្លោក “ទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន!” ។
ដូចពាក្យចាស់បុរាណលោកពៅលថា ៖
-ចោរប្លន់នៅសល់ផ្ទះ អស់ប្រាក់ មាស មិនជាអ្វី ភ្លើងឆេះផ្ទះនៅសល់ដី អត់បាយឆីដីលក់បាន
-ចាញ់ល្បែងនៅជីវិត បើចេះគិតវិលវិញបានញៀនថ្នាំប្រចាំប្រាណ កែលែងបានស្លាប់ទាំងរស់!
ដោយក្តីសង្ឃឹមជឿជាក់ នាងខ្ញុំ ស្នើដល់ក្រុមការងារប្រតិបត្តិទាំង៧ ត្រូវអនុវត្តការងារធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ នៅថ្ងៃនេះ ធ្វើយ៉ាងណាឱ្យការងារនេះដំណើរការបានដោយរលូន តម្លាភាព និងមានប្រសិទ្ធភាព ពិសេសក៏សូមស្នើដល់ថ្នាក់ដឹកនាំ មន្តី្ររាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ចូលរួមសហការឱ្យបានល្អប្រសើរក្នុងពេលដំណើរការធ្វើតេស្តនេះ។

បន្ទាប់ពីការធ្វើតេសត្តរួចរាល់នៅរដ្ឋបាលខេត្ត ក្រុមការងារនឹងបន្តចុះធ្វើតេស្តរហ័សនៅតាមក្រុងក្រុង ដូចនេះ ខ្ញុំស្នើដល់លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុងស្រុក ត្រូវចូលរួមសហការឱ្យបានល្អបំផុត ដើម្បីឱ្យការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះឧបករណ៍តេស្ត ខេត្តទទួលបានពីក្រសួងមហាផ្ទៃចំនួន ៤០០តេស្ត ពីស្នងការដ្ឋាននគរបាលខេត្តចំនួន៥០០តេស្ត សរុបរួមចំនួន៩០០តេស្ត។ ដោយឡែកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានទិញរួចហើយចំនួន៣០០តេស្ត សម្រាប់ធ្វើតេស្តមន្ត្រីនៅក្នុងមន្ទីរ។ ចំពោះតេស្តដែលយើងមាន ក៏នៅមិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើតេស្តដល់មន្ត្រីរាជការទូទាំងខេត្តទេ ដូចនេះខ្ញុំស្នើដល់ លោកស្នងការ ជួយសម្រួលករណីខ្វះខាតតេស្តនេះបន្ថែមទៀតផង ហើយខេត្តនឹងរកវិធីដោះស្រាយបន្តដើម្បីឱ្យបានធ្វើតេស្តដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានគ្រប់គ្នា។
ជាទីបញ្ចប់ នាងខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី តាមបីបាច់ប្រោះព្រំ ថែរក្សា ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ទាំងអស់ សូមមានសុខភាពល្អ ជួបតែសេចក្តីសុខសប្បាយ សុភមង្គលគ្រប់ក្រុមគ្រួសារ ជៀសផុតពីជំងឺគ្រប់ប្រភេទ និងសូមនៅឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ៗគ្នា។
ខ្ញុំសូមប្រកាសបើធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ចាប់ពីពេលនេះតទៅ។
សូមអរគុណ !
ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ May 31, 2024

អត្ថបទទាក់ទង