រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងមានការទទួលស្គាល់ពីបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ក្រោមម្លប់សន្តិភាពនេះហើយបាននាំឱ្យខេត្តកោះកុង របស់យើង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន ផ្លូវជាតិលេខ៤៨ ផ្លូវជាតិ លេខ១០ ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍និងទំនិញរាយដងទង់ តំបន់សេដ្ឋកិច្ចពិសេស ស្ពាន ថ្នល់ លូ ប្រឡាយ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធដទៃ ទៀតគ្រប់គ្រាន់សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងសម្រាប់បម្រើសេចក្តីត្រូវការ និងលើកស្ទួយជីវភាពប្រជាជន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាទីគោរព ! ឯកឧត្តម លោកជំទាវ និងសមាជិក សមាជិកាអង្គសិក្ខាសាលា ទាំងមូលជាទីមេត្រី ! ថ្ងៃនេះ យើងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹងកាន់តែទូលំទូលាយ នូវខ្លឹមសារនៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅហើយ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ការរៀបចំសិក្ខាសាលានេះគឺដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា នៃការអនុវត្តការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនាពេលកន្លងមក ដើម្បីជា ធាតុចូល និងដាក់ចេញនូវវិធានការដោះស្រាយ ព្រមទាំងកំណត់នូវយន្តការ ឬតម្រូវការចាំបាច់នានា បន្ថែមទៀតសម្រាប់ធានាដល់ការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នេះ។ ឯកសារស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជា ឯកសារគតិយុត្តដ៏សំខាន់ចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនឹងការចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ មរណភាព បញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ឯកសារទាំងអស់នេះ ជាភស្តុតាងដ៏មានតម្លៃបំផុត ក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណស្ថានភាពស៊ីវិល របស់មនុស្សនៅក្នុងសង្គមគ្រួសារ និងត្រកូលរបស់ខ្លួន សម្រាប់ការពារសិទ្ធិសេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានាក្នុងសង្គម។ ការចុះបញ្ជីអត្រានុកូលដ្ឋាននឹងផ្តល់សារសំខាន់ធំៗចំនួនពីរគឺ ទី១,កំណត់អត្តសញ្ញាណ តាមផ្លូវច្បាប់ អំពីព្រឹត្តិការណ៍ជីវិតរបស់បុគ្គលគ្រប់រូប ដែលជាការគាំទ្រដល់ការបង្កើតឯកសារ អត្តសញ្ញាណជាតិ និងទី២,បង្កើតបាននូវប្រភពទិន្នន័យតាមតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការ វិភាគទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតបាននូវស្ថិតិអត្រានុកូលដ្ឋាន។
ក្នុងឱកាសដ៏មានសារៈសំខាន់ នៃសិក្ខាសាលានេះ នាងខ្ញុំសូមសំណូមពរ ដល់សិក្ខាកាមទាំង អស់ដែលមានវត្តមាននៅទីនេះយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តាប់នូវខ្លឹមសារ នៃបទបង្ហាញដែលមានជាបន្តបន្ទាប់ឱ្យបានម៉ត់ចត់ច្បាស់លាស់ និងលើកជាមតិយោបល់ ឬសំណួរ ដើម្បីមានមូលដ្ឋានយកទៅអនុវត្តឱ្យបានល្អប្រសើរ ក្នុងការផ្តល់សេវាសាធារណៈដ៏មានសារៈសំខាន់នេះ ជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មគ្រប់ប្រភេទ ប្រកបដោយភាពងាយស្រួលឆាប់រហ័ស មានតម្លាភាព និងមានគណនេយ្យភាព សំដៅចូលរួមចំណែក ដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាព នយោបាយ និងសុវត្ថិភាពសង្គម។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តមឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គសិក្ខាសាលាទាំងមូល សូមជួបប្រទះតែពុទ្ធពរទាំង បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើក "សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម” ចាប់ពីពេលនេះតទៅ !
ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ May 13, 2024

អត្ថបទទាក់ទង