មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យតំណាងអង្គការ HACC ធ្វើបទបង្ហាញ និងស្នើសុំលិខិតគាំទ្រលើការអនុវត្តន៍គម្រោងពង្រឹងប្រព័ន្ធសហគមន៍នៅក្នុង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ រយៈពេល៣ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ ខែធ្នូ ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ជួបពិភាក្សាជាមួយតំណាងអង្គការHACC អំពីគម្រោងពង្រឹងប្រព័ន្ធសហគមន៍នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ។
អេច អេ ស៊ី ស៊ី បានទទួលថវិកាគាំទ្រពីជំនួយមូលនិធិសកល (Global Fund) តាមរយៈមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) សម្រាប់ការអនុវត្តន៍ គម្រោងពង្រឹងប្រព័ន្ធសហគមន៍ដើម្បីឆ្លើយតបនឹងជំងឺអេដស៍ដែលមានរយៈពេល៣ឆ្នាំ (ខែមករា ឆ្នាំ២០២៤ ដល់ ខែធ្នូ ឆ្នាំ ២០២៦) នៅក្នុងខេត្ត/ក្រុងចំនួន១២ រួមមាន រាជធានីភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ព្រះសីហនុ ស្វាយរៀង កំពត កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង តាកែវ និងកោះកុង។
គោលបំណងរបស់គម្រោង គឺផ្តោតលើការពង្រឹងតួនាទីតំណាងសហគមន៍ដែល រួមមានអ្នកដែលកំពុងរស់នៅជាមួយនឹងមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍ ដើម្បីរួមចំណែកក្នុងការ ឆ្លើយតបនឹងការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា។
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤
March 7, 2024