រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៣ និងយន្តការអនុវត្តស្តង់ជាសាលារៀនគំរូ តាមប្រព័ន្ធអនឡាញ

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៣ និងយន្តការអនុវត្តស្តង់ជាសាលារៀនគំរូ តាមប្រព័ន្ធអនឡាញ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានមកចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យឡើងវិញ "លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ និងយន្តការ អនុវត្តស្តង់ដាសាលារៀនគំរូ" របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង តាមប្រព័ន្ធអនឡាញ នាពេលនេះ។
ក្នុងនាមលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអប អរសាទេចំពោះវត្តមានរបស់ លោក លោកស្រី លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ នាងខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអប់រំយុវជន និងកីឡា ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង។
កិច្ចប្រជុំទាំងមូលជាទីមេត្រី ! យើងទាំងអស់គ្នាបានជ្រាបខ្លះៗហើយ ពីបដិវត្តឧស្សហកម្ម៤.០ បរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ការកសាងធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព ជាកត្តាមិនអាចខ្វះបាន សម្រាប់ការ អភិវឌ្ឍបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា នៅតែជាអាទិភាព ក្នុងយុទ្ធសាស្ត្រទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ក្នុងន័យនេះសាលារៀនមានតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបាន ក្នុងការផ្តល់ចំណេះដឹង បំណិន សីលធម៌ និងសមត្ថភាពពេញលេញដល់យុវជនកម្ពុជា ដែលជាតម្រូវការចាំបាច់សម្រាប់ទីផ្សារការងារ ដែលមានការប្រែប្រួលទៅតាមការអភិវឌ្ឍរបស់សង្គម-សេដ្ឋកិច្ច វប្បធម៌ នយោបាយ បច្ចេកវិទ្យា របស់ប្រទេស និងសកលលោក។ យើងទាំងអស់គ្នាកំពុងបម្រើវិស័យអប់រំ ពិតជាមានសារៈសំខាន់ ណាស់ក្នុងការចូលរួម និងអភិវឌ្ឍគុណភាពអប់រំនៅតាមសាលារៀន គ្រប់ភូមិសិក្សា។
កាលពីថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ដើម្បីពង្រឹង គុណភាពអប់រំតាមគ្រឹះស្ថានសិក្សា ហើយក្រសួងអប់រំ យុវជន និងកីឡា បានបញ្ញាបវិធាន ការគន្លឹះទាំង៤ទៅក្នុងស្តង់ដាសាលារៀនគំរូ។ លើសពីនេះទៅទៀតរាជរដ្ឋាភិបាលបានឯក ភាពជាគោលការណ៍ក្នុងការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី និងយុទ្ធនាការសាលារៀនគ្មានសម្រាម នៅទូទាំងប្រទេស។ ហេតុដូចនេះហើយ ទើបថ្ងៃនេះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង សហការជាមួយរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំនេះឡើង ដោយមានការធ្វើបទបង្ហាញពីមន្ត្រីបច្ចេកទេសដែលបានឆ្លងកាត់ការ បំប៉ន និងវិភាគច្បាស់លាស់អំពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លុះបញ្ចាំងការបំពេញការងារនាឆ្នាំកន្លងមកថាអ្វីធ្វើបានល្អ លេចធ្លោ និងនៅមានចំណុចខ្វះខាតណាខ្លះដើម្បីកែលម្អបន្ថែមឈានទៅចូលរួមសម្រេចទិសដៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណើនសិស្សនិទ្ទេស A ក្នុងខេត្តកោះកុងយើង។ ខ្ញុំជឿជាក់ថាតាមរយៈមតិស្វាគមន៍ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំព្រឹកនេះពីសំណាក់លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងការធ្វើបទរបស់លោក សុខ វីន នាពេលបន្តិចទៀតនេះ លោក លោក ស្រី លោកគ្រូ អ្នកគ្រូនឹងទទួលបានចំណេះដឹងបន្ថែម សម្រាប់យកទៅអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសលោក លោកស្រីមានទុនសម្រាប់ត្រៀមខ្លួន អនុវត្តស្តង់ដាសាលារៀនគំរូ ដែលរាជរដ្ឋាភិបាលអាណតិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ឱ្យ អនុវត្តនៅគ្រប់ភូមិសិក្សាតាំងពីកម្រិតមត្តេយ្យសិក្សាបឋមសិក្សា រហូតដល់មធ្យមសិក្សាក្នុង ឆ្នាំនេះ ជាមួយគ្នានេះ នាងខ្ញុំក៏សូមអោយ លោក លោកស្រី ដែលជាអភិបាលរងទទួលបន្ទុក លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ មេត្តាយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ វាគ្មិន ហើយអ្វីដែលយល់មិនទាន់បានច្បាស់លាស់ ក៏សូមឱ្យលើកជាសំណួរសួរទៅវាគ្មិន យើង ដើម្បីឱ្យការយល់ដឹងកាន់តែមានភាពច្បាស់លាស់បន្ថែមទៀត។
ជំនួសមុខជូនលោកជំទាវអភិបាលខេត្តកោះកុង នាងខ្ញុំឆ្លៀតឱកាសនេះសូមអំពាវដល់ ដៃគូអភិវឌ្ឍទាំងអស់បន្តជួយគាំទ្រ និងលើកកំពស់វិស័យអប់រំក្នុងខេត្តកោះកុង និងផ្តល់នូវតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋជាពិសេសកុមារ ក្នុងគោលបំណងរួមគ្នាកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាមូលធនមនុស្សដ៏សំបូរបែប លើទឹកដីខេត្តកោះកុងដ៏ ស្រស់បវររបស់យើងទាំងអស់គ្នា និងសូមលើកទឹកចិត្តលោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ បន្តចូលរួមអភិវឌ្ឍសាលារៀននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបានក្លាយជាសាលារៀនគំរូ ប្រចាំខេត្ត ចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ប្រចាំឆ្នាំពីសម្តេចធិបតី។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់ លោក លោកស្រី លោកគ្រូ អ្នកគ្រូ អង្គការដៃគូរ និងអង្គប្រជុំទាំងមូល សូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមប្រកាសបើកកិច្ចប្រជុំចាប់ពីពេលនេះតទៅ!

អត្ថបទទាក់ទង