(កោះកុង) ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨:០០ នាទីនៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុងបានប្រារព្ធកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខប្រចាំខែមករា និងផ្សព្វផ្សាយការងារយោធាសន្តិសុខប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ និងជាមេបញ្ជាការទទួលទិសមុខយោធភូមិភាគទី៣ និងលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង សមាសភាពចូលរួមមានថ្នាក់ដឹកនាំ ជំនាញការិយាល័យ ផ្នែក មេបញ្ជាការគ្រប់កងឯកភាពចំណុះចូលរួមផងដែរ។
ជាកិច្ចចាប់ផ្តើមលោកមេបញ្ជាការបានថ្លែងងបើកកិច្ចប្រជុំ និងបានអនុញ្ញាតឱ្យលោកវរសេនីយ៍ត្រី ចាន់ វណ្ណនី នាយការិយាល័យទី៣ អាននូវរបាយការណ៍សកម្មភាពការងារយោធាសន្តិសុខរយៈពេល០១ ខែ និងទិសដៅបន្ត ជូនដល់អង្គប្រជុំ ។
បន្ទាប់ពីការអានរបាយការណ៍អ្នកទិសដៅបន្តរួចមក លោកមេបញ្ជាការ បានណែនាំដល់កងឯកភាពចំណុះ ជំនាញពាក់ព័ន្ធនិង ថ្នាកដឹកនាំត្រូវចូលរួមយោបល់ដោយសង្ខេបខ្លី និងចំគោលដៅ ដើម្បីថ្នាក់ដឹកនាំ មានមូលដ្ឋានគ្រឹះក្នុងការវាយតម្លៃរកចំណុចខ្លាំង ខ្សោយ ចំពោះការដឹកនាំកន្លងមក។
ជាកិច្ចបន្តបន្ទាប់ពីការចូលរួមយោបល់យ៉ាងផុលផុស លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើការបកស្រាយនិងសំណូមពរពីអង្គប្រជុំ និងបានកោតសរសើរចំពោះការចូលរួមដឹកនាំអង្គភាព របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ក៏ដូចជាជំនាញចំណុះ បានទទួលលទ្ធផលល្អប្រសើរ ហើយចំពោះទិសដៅបន្តអនុវត្តខាងមុខទោះបីមានក្នុងរបាយការណ៍ហើយក្តី ប៉ុន្តែភារកិច្ខសំខាន់បំផុត គឺការពារសន្តិភាព ការពារ បាវចនា ជាតិ រដ្ឋធម្មនុញ្ញ ការពារបូរភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ចូលរួមគោរពច្បាប់ សារាចរណ៍ណែនាំផ្សេងៗរបស់ថ្នាក់លើតាមឋានុក្រម។
ក្រោយពីលោកមេបញ្ជាការបានថ្លែងមតិ និងដាក់ទិសដៅរួចមកលោកមេបញ្ជាការបាន គោរពអញ្ជើញលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ មេបញ្ជាការទិសមុខយោធភូមិភាគទី៣ ដើម្បីធ្វើការបូកសរុប និងផ្តាំផ្ញើ ជូនអង្គប្រជុំ ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ បានពាំនាំការផ្តាំផ្ញើសាកសួរសុខពីឯកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងសូមកោតសរសើរចំពោះលោកមេបញ្ជាការ នាយទាហាន នាយទាហានរងពលទាហាន ទាំងអស់ដែលបានរួមគ្នាការពារបាននូវបូរណភាពដែនដី ការពារសុខសន្តិភាព ដែលជាទ្រព្យម្បត្តិដ៏មហាសាលដែលយើងទាំងអស់គ្នាមិនអាចខ្វះ បាន។
ជាទិសដៅបន្តក្នុងនាមជាយោធិនការពារតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការល្បាត ខិតខំកសាងប្រព័ន្ធការពារដើម្បីពងរឹងប្រៀបការពារជាតិ និងត្រូវបន្តចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមគោរពច្បាប់រដ្ឋ ច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ។
មុននឹងបិទកិច្ចប្រជុំលោកមេបញ្ជាការរងយោធភូមិភាគទី៣ បានជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម ខាងមុខនេះសូមមានសុខភាពល្អ ជួបតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ៕