ដោយមានការចាត់តាំងរបស់លោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ បានជួបប្រជុំ ជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅសាលប្រជុំ (ខ)សាលាខេត្ត ។ កិច្ចប្រជុំនេះគឺរៀបចំឡើងដើម្បីពិភាក្សាលើរបាយការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានប្រទះឃើញទីតាំងកាប់រាន ឈូសឆាយដីព្រៃ និងបោះបង្គោលហ៊ុមព័ទ្ធព្រំដី តាមមាត់ព្រែក (ព្រៃលិចទឹកកោងកាង) ស្ថិតក្នុងតំបន់ដីកាត់ឆ្វៀល(អនុក្រឹត្យលេខ៣០ អនក្រ.បក) ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំណុចនិយាមកា ០២៧៨៣៣៨-១២៨៨១៨៦, ០២៧៨០៩៤-១២៨៨៨៤០។ ក្រោយកិច្ចប្រជុំ លោកអភិបាលរងខេត្ត ក៏បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ ចុះពិនិត្យទីតាំងដីជាក់ស្តែង និងបានរកឃើញថាមានការដាំបង្គោលឈើ និងថ្មមួយចំនួន ក្នុងនោះក្រុមការងារក៏បានដកចោលវិញ និងបានរកឃើញថាមានការកាប់ទន្ទ្រានដីព្រៃជាប់មាត់ព្រែកត្រង់ចំណុចនិយាមការ ០២៧៧៤៧៣, ១២៩២២០៥ ទំហំប្រហែល១ហិកតា ផងដែរ។ ពាក់ព័ន្ធនឹងលទ្ធផលដែលបានរកឃើញខាងលើ រដ្ឋបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុក និងឃុំ ត្រូវកំណត់អត្តសញ្ញាណ អ្នកដែលបានចូលបោះបង្គោល និងទន្ទ្រានដីព្រៃតំបន់ព្រែកកោះប៉ោ នេះ ដើម្បីរដ្ឋបាលខេត្ត មានវិធានការបន្ត៕
ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ February 6, 2024