មន្ទីរពេទ្យបង្អែកខេត្តកោះកុង៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាប្រធានស្ដីទីមន្ទីរពេទ្យ និងសហការី បានទទួលបដិសណ្ឋារកិច្ច ក្រុមគណៈប្រតិភូនៃមូលនិធីកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ដែលអញ្ជើញចុះមក ពិនិត្យ តាមដាន វាយតម្លៃគម្រោង « Capacity Building for Neonatal Care Service in Cambodia » នៅមន្ទីរពេទ្យ បន្ទាប់ពីមូលនិធិនេះបានឧបត្ថម្ភ គាំទ្រ លើការបណ្ដុះបណ្ដាលមន្ត្រីមន្ទីរពេទ្យចំនួន៤រួប និងសម្ភារៈ បរិក្ខារពេទ្យមួយចំនួន ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុងកន្លងមក ក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងមន្ទីរពេទ្យលើការងារថែទាំ ព្យាបាល ជំងឺទារកទើបនឹងកើត និងដើម្បីពិនិត្យមើលពីវឌ្ឍនភាព បញ្ហាប្រឈម នៅផ្នែកផ្ដល់សេវាផ្ទាល់ទាក់ទងនឹងជំងឺទារកទើបកើតនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលជួបប្រទះ។ ក្នុងឱកាសនេះលោកស្រីវេជ្ជបណ្ឌិត សៀង ពិសី ប្រធានផ្នែកសម្ភព-រោគស្ត្រី និងតំណាងក្រុមការងារថែទាំទារកទើបកើតនៃមន្ទីរពេទ្យបានធ្វើបទបង្ហាញស្ដីអំពី វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារថែទាំ ព្យាបាល ជំងឺទារកទើបនឹងកើត នៅក្នុងមន្ទីរពេទ្យ និងប្រៀបធៀបសកម្មភាពការងារនេះក្នុងរយៈពេល៤ឆ្នាំចុងក្រោយ មុន និងក្រោយមានការឧបត្ថម្ភ គាំទ្រ លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងសម្ភារៈ បរិក្ខារពេទ្យ ដល់មន្ទីរពេទ្យ ។ ក្នុងឱកាសនោះ លោកប្រធានស្ដីទី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ KOFIH ដែលបានជួយឧបត្ថម្ភ គាំទ្រដល់មន្ទីរពេទ្យ ក្នុងគោលដៅចូលរួមលើកកម្ពស់សុខុមាលប្រជាជន ជាពិសេសទារកទើបនឹងកើតដែលមានបញ្ហាសុខភាព លោកសង្ឃឹមថា មូលនិធិនេះនឹងនៅបន្តការជួយឧបត្ថម្ភ និងមានកិច្ចសហប្រិបត្តិការល្អទៅថ្ងៃអនាគតទៀត។
ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។