រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ស្តីពីការរៀបចំគម្រោងសេវាសង្គមឆ្នាំ២០២៤

លោកស្រី ឈី វ៉ា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ស្តីពីការរៀបចំគម្រោងសេវាសង្គមឆ្នាំ២០២៤

លោកស្រីអភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា ថ្ងៃនេះជំនួសមុខ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ស្ដីពីការរៀបចំគម្រោងសេវាសង្គមឆ្នាំ២០២៤ នាឱកាសនេះ។
នាងខ្ញុំសូមយកឱកាសនេះ ថ្លែងការកោតសរសើរដោយស្មោះចំពោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តកោះកុង ដែលមាន លោកជំទាវ ចេង វន្នី ជាប្រធាន បានរួមគ្នា អនុវត្តការងាររបស់ខ្លួនបានល្អប្រសើរស្របតាមផែនការប្រចាំឆ្នាំ និងស្របតាមតួនាទីភារកិច្ចដែលក្រុមប្រឹក្សាខេត្តប្រគល់ជូន។ ជាមួយគ្នានេះ មន្ទីរកិច្ចការនារីខេត្ត ដែលមានលោកស្រីប្រធានមន្ទីរជាអនុប្រធានអចិន្ត្រៃយ៍ គ.ក.ស.ក.ខេត្ត ក៏បានរួម ចំណែកយ៉ាងសកម្ម ក្នុងដំណើរការលើកកម្ពស់សមាសភាពយេនឌ័រ សំដៅកាត់បន្ថយអំពើ ហិង្សា ប្រកបដោយសមធម៌ និងបរិយាប័ន្ន។
សិក្ខាសាលារបស់យើងនាពេលនេះ ប្រព្រឹត្តទៅក្នុងពេលដែលយើងទាំងអស់គា្ន កំពុង អបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុង បរិយាកាស សេរី យុត្តិធម៌ និងតម្លាភាព ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងដំណើរការ ប្រកបដោយថាមភាពបន្តពីភាពជោគជ័យនៃរាជរដ្ឋាភិបាលអាណត្តិមុន។ រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសជាតិបាន និងកំពុងត្រូវបានលើកកម្ពស់កិត្យានុភាពជាតិ យ៉ាងខ្ពស់ត្រដែត ទាំងក្នុងតំបន់ និងសកលលោក។
លោកជំទាវ លោក លោកស្រី ទាំងអស់ ជាទីមេត្រី! រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះបានកំណត់អំពីការលើកកម្ពស់ស្ថានភាពស្ត្រីនិងកុមាររួមមាន៖
១.បន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្ត្រីខ្មែរក្នុងសង្គម លើកកម្ពស់ស្ថានភាព តួនាទី និងសិទ្ធិស្ត្រី នៅក្នុងសង្គម និងលុបបំបាត់រាល់ទស្សនៈ ឬ ឥរិយាបថរើសអើង ចំពោះស្ត្រី និងជនងាយរងគ្រោះ ដើម្បីធានា សម្រេចបាននូវសមភាពយេនឌ័រ និងបរិយាប័ន្ននៅក្នុងការអភិវឌ្ឍ ។
២.ជំរុញការបញ្ជ្រាបយេនឌ័រទៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងកម្មវិធីជាតិ រួម ទាំងកម្មវិធី កែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍបៃតង ។
៣.លើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈវិស័យឯកជន និងនយោបាយ ។ ពង្រឹងភាពអង់អាចស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី ការគាំទ្រស្ត្រីដែលដឹកនាំ និងគ្រប់គ្រងអាជីវកម្មខ្នាតមីក្រូ តូច និង មធ្យម ការលើកកម្ពស់ចំណេះដឹង និងជំនាញ ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្រ្តី និង សេដ្ឋកិច្ចដែលគិតគូរដល់ សុខុមាលភាព ការការពារសិទ្ធិរបស់ស្ត្រី ក្នុងសកម្មភាពសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងការលើកកម្ពស់កម្មវិធីតុល្យភាពជីវិតការងារ និងគ្រួសារ ។
៤.ទប់ស្កាត់អំពើហិង្សាគ្រប់រូបភាពលើស្រ្តី និង ក្មេងស្រី តាមរយៈការអនុវត្តផែនការ សកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ការពង្រីកវិសាលភាពសេវា ជួយជនរងគ្រោះ និង ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបន្ត អនុវត្តកម្មវិធីមាតាបិតាភាព ការអប់រំកូនតាមបែបវិជ្ជមាន ការពង្រីកវប្បធម៌អហិង្សា និងការកសាងគ្រួសារ ប្រកប ដោយសុភមង្គលនៅក្នុងសង្គម ។
៥. លើកកម្ពស់ប្រព័ន្ធសុវត្ថិភាពដើម្បីសុខុមាលភាព និងសិទ្ធិរបស់កុមារ ជាពិសេស កុមារ ដែលបានបាត់បង់ឪពុកម្ដាយ ឫអាណាព្យាបាលធ្វើទេសន្តរប្រវេសន៍រយៈ ពេលយូរ ដោយជំរុញឱ្យទទួលបានការអប់រំ និង អនុវត្តយ៉ាងម៉ត់ចត់នូវអនុសញ្ញ អន្តរជាតិស្តីពីសិទ្ធិកុមារ សំដៅធានាសិទ្ធិជាមូលដ្ឋានទាំងបួនរបស់កុមារ គឺ «សិទ្ធិ រស់រានមានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិទទួលបានការការពារ និងសិទ្ធិចូលរួមរបស់កុមារ" ។ យកចិត្តទុកដាក់ថែទាំអប់រំកុមារឱ្យក្លាយជា “កូនល្អ សិស្សល្អ និងមិត្តល្អ ដែលជាអនាគតពលរដ្ឋល្អ។

៦. ពង្រឹងការអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ ការថែទាំកុមារតាមគ្រួសារកំណើត គ្រួសារសាច់ញាតិ និងគ្រួសារធម៌ ក្នុងសហគមន៍សំដៅទប់ស្កាត់ការ បំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ បង្កើនការគ្រប់គ្រងគុណភាពនៃការថែទាំកុមារនៅតាមមណ្ឌលរដ្ឋ និងមណ្ឌលនៃអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសិក្សាលទ្ធភាពបង្កើតមណ្ឌលថែទាំកុមាររយៈពេលថ្ងៃគ្រប់រូបភាព ពង្រឹងកិច្ចការពារកុមារ ទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ទាំងក្នុងគ្រួសារ កំណើត គ្រួសារសាច់ញាតិ គ្រួសារធម៌ និងសហគមន៍ ។ ជំរុញការរៀបចំច្បាប់ស្ដីពី កិច្ចការពារកុមារ និងអនុវត្តដោយម៉ឺងម៉ាត់នូវអនុសញ្ញាអន្តរជាតិ និងច្បាប់ជាធរមាន ដើម្បីរកគ្រួសារល្អ នៅក្នុង និងក្រៅប្រទេស សម្រាប់កុមារ រាំងស្កាត់ការធ្វើ អាជីវកម្មកុមារ តាមគ្រប់រូបភាព និងទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំ។
ដោយមានយុទ្ធសាស្ត្រ៦ចំនុចនេះជាត្រីវិស័យ យើងជឿជាក់យ៉ាងមុតមាំថា ស្ថានភាព ស្ត្រី និងកុមារកម្ពុជា ពិតជាប្រែប្រួលល្អប្រសើរឡើងក្នុងពេលដ៏ខ្លីខាងមុខ។
របាយការណ៍ និងដោះស្រាយសំណូមពរ បញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុង មូលដ្ឋាន និងមន្ទីរ អង្គភាព ដែលបានអនុវត្តការងារ ព្រមទាំងបានដាក់ចេញនូវផែនការ សម្រាប់អនុវត្តផងដែរ។ ជាមួយគ្នានេះ គណៈកម្មាធិការតែងតែបានចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ជូនដល់សមាជិក និងអ្នកពាក់ព័ន្ធ តាមរយៈកិច្ចប្រជុំ និង សិក្ខាសាលា វគ្គបណ្តុះបណ្តាលជាដើម ក្នុងន័យដើម្បីពង្រឹងសមត្ថភាព ដល់ការអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ។
ជាក់ស្តែងសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការចែករំលែក នូវលទ្ធផលការងាររយៈពេល៩ខែ ដែលគណៈកម្មាធិការ បានអនុវត្តកន្លងមក និងលើកទិសដៅសម្រាប់អនុវត្តបន្ត ក្នុងន័យដើម្បីឈ្វេងយល់ពីចំណុចល្អ បញ្ហាប្រឈម ដើម្បីចូលរួមក្នុងការដោះស្រាយ និងកែលម្អការអនុវត្តឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។ មួយវិញទៀត ត្រូវធ្វើបច្ចុប្បន្នភាព នូវបញ្ហា ប្រឈម តម្រូវការចាំបាច់ ដើម្បីមានមូលដ្ឋាន ក្នុងការរៀបចំ ផែនការសកម្មភាព ថវិកា សម្រាប់ឆ្លើយតបគម្រោងសេវាសង្គមឱ្យបានសមស្របបំផុតក្នុង ឆ្នាំ២០២៤។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាបញ្ហាប្រឈមនានា នឹងត្រូវបានលើកយកមក ពិភាក្សា និងដោះស្រាយរួមគ្នាលើផែនការសកម្មភាព និងផែនការថវិកាសម្រាប់ចំណាយ លើគម្រោងសេវាសង្គមឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ ដើម្បីធ្វើឱ្យស្ថានភាពរស់នៅរបស់ស្រ្តី យុវជន និងកុមារ ជនពិការ ជនរងគ្រោះ និង ជនងាយរងគ្រោះ កាន់តែល្អប្រសើរ។
មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណ លោកជំទាវ ប្រធាន លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួម ក្នុង សិក្ខាសាលាបូកសរុបលទ្ធផលការងារខែ ឆ្នាំ២០២៣ និងលើក ទិសដៅការងារ ស្ដីពីការរៀបចំគម្រោងសេវាសង្គមឆ្នាំ២០២៤ នាពេលនេះ។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ អង្គពិធីទាំងមូលសូមជួបតែនឹងព្រះពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នាងខ្ញុំសូមប្រកាសបើក សិក្ខាសាលាបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២៣ និង លើកទិសដៅការងារស្តីពីការរៀបចំគម្រោងសេវាសង្គមឆ្នាំ ២០២៤ ចាប់ពីពេលនេះតទៅ៕
ថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ October 3, 2023

អត្ថបទទាក់ទង