រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈឣភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ អំពីការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤

លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈឣភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ អំពីការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ។

ថ្លែក្នុងវគ្គបណ្តោះបណ្តាលនេះ លោកស្រីបានលើកទឹកចិត្តដល់រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល វិទ្យាល័យ និងអនុវិទ្យាល័យ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម ​និងខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញកាតព្វកិច្ចលើការងារ​គ្រប់គ្រងគ្រោះមហន្តរាយ ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ លោកស្រីបានជំរុញលោក លោកស្រីទាំងអស់ អនុវត្តការងារជាអាទិភាពមួយចំនួនដូចខាងក្រោម ៖
១.ចំពោះរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ បានចុះឈ្មោះប្រើប្រាស់ ប្រព័ន្ធនេះឱ្យបានកាន់តែច្រើនឡើង។
២.ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបញ្ជ្រាបការផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ជូនប្រជាពលរដ្ឋតាមរយៈការរៀបចំវេទិកាសាធារណៈ ឬចុះផ្សព្វផ្សាយអំពីគោលនយោបាយ ”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”នៅតាមមូលដ្ឋានឃុំរៀងៗខ្លួន។
៣.ចំពោះនាយកវិទ្យាល័យ និងអនុវិទ្យាល័យ ត្រូវផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ជូនសិស្សានុសិស្ស ក្នុងវិទ្យាល័យ និងអនុវិទ្យាល័យរបស់ខ្លួនឱ្យបានផុលផុស ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សបានយល់ និងបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ កាន់តែច្រើន ជាពិសេសអាចយកទៅផ្សព្វផ្សាយបន្ត ជូនឳពុក ម្តាយ អាណាព្យាបាល របស់គាត់បានប្រើប្រាស់បន្ថែមទៀត។
ថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ September 26, 2023

អត្ថបទទាក់ទង