រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាប្រធានស្តីទីមន្ទីរពេទ្យ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំងសហការី ធ្វើគារវកិច្ច ស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Ploenpote ATTHAKOR អមដំណើរដោយក្រុមគណៈប្រតិភូមួយចំនួនទៀត ។

ថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាប្រធានស្តីទីមន្ទីរពេទ្យ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំងសហការី មានកិត្តិសយបានធ្វើគារវកិច្ច ស្វាគមន៍ ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Ploenpote ATTHAKOR ព្រមទាំងលោកជំទាវរដ្ឋមន្រ្តី​ អនុព័ន្ធយោធា​ក្រសួងការពារជាតិ​ថៃ អមដំណើរដោយក្រុមគណៈប្រតិភូ រួមនិងវិស័យឯកជនថៃជាច្រេីនរូបទៀត ដែលមកបំពេញទស្សនៈកិច្ចក្នុងមន្ទីរពេទ្យ ក្នុងគោលបំណង ពិនិត្យមើលសមិទ្ធិផលនានាដែលមន្ទីរពេទ្យទទួលបានពីព្រះរាជាណាចក្រថៃ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យសុខាភិបាលរវាងខេត្តជាប់ព្រំដែនទាំងពីរ(ខេត្តកោះកុង-ខេត្តត្រាត)។
ដែលសមិទ្ធិផលទាំងនោះរួមមាន៖

  • ការកសាងអគារសង្គ្រោះបន្ទាន់ និងរបួស រួមទាំងបំពាក់សំភារៈបរិក្ខារមួយចំនួន
  • ការជួលជុលកែលម្អឡើងវិញ និងបំពាក់សំភារៈបរិក្ខារនៅអគារបោកគក់ និងរម្ងាប់មេរោគរួម
  • ការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន១គ្រឿង
  • ការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីមន្ទីរពេទ្យ
  • ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺរវាងមន្ទីរពេទ្យបង្អែកខេត្តកោះកុង-ខេត្តត្រាត ។ ក្នុងឱកាសនោះឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងសហការី ដែលបានទួលស្វាគមន៍ដល់ ក្រុមគណៈប្រតិភូរបស់គាត់ ប្រកបដោយភាពរាក់ទាក់ និងកក់ក្តៅ និងបានសំដែងនូវការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធិផលទាំងនេះ ក្រោមកិច្ចសហប្រតិបត្តិការណ៍ល្អរវាងប្រទេសទាំងពីរលើវិស័យសុខាភិបាល(ខេត្តកោះកុង-ខេត្តត្រាត) រួមទាំងការដឹកនាំ រៀបចំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងសហការី ធ្វើឱ្យមន្ទីរពេទ្យកាន់តែមានការអភិវឌ្ឍថែមទៀត។ទាំងនេះគឺជាគោលដៅរួម ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពមនុស្សជាតិ ជាពិសេសប្រជាជនក្នុងខេត្តកោះកុង។

ឆ្លៀតក្នុងឱកាសនេះដែរថ្នាក់ដឹកនាំមន្ទីរពេទ្យបានស្នើសុំទៅភាគីថៃ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អនេះតទៅមុខទៀត ដោយផ្តោតលើ៣ចំនុច សំខាន់គឺ៖

  • ការពង្រឹងប្រពន្ធ័បញ្ជូនអ្នកជំងឺរវាងមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងខេត្តត្រាត ។
  • ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់មន្រ្តីសុខាភិបាលក្នុងខេត្តកោះកុង។
  • ការឧបត្ថម្ភ សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ចាំបាច់មួយចំនួនបន្ថែមទៀត។

អត្ថបទទាក់ទង