រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ប្រជុំសម្របសម្រួលដោះស្រាយករណីប្រជាពលរដ្ឋប្រើគ្រឿងចក្រឈូសឆាយដីចម្ការ ស្ថិតក្នុងតំបន់ការពារធម្មជាតិ

អាជ្ញាធរខេត្តកោះកុង ប្រជុំសម្របសម្រួលដោះស្រាយករណីប្រជាពលរដ្ឋប្រើគ្រឿងចក្រឈូសឆាយដីចម្ការ ស្ថិតក្នុងតំបន់ការពារធម្មជាតិ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីប្រជាពលរដ្ឋប្រើគ្រឿងចក្រឈូសឆាយដីចម្ការ ស្ថិតក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកថ្មបាំង បានបញ្ជាក់ថា ដោយផ្លូវចូលទីតាំងចម្ការរបស់ប្រជាពលរដ្ឋមួយគ្រួសារ បានទំហំតូចចង្អៀត ទន្ទឹមនឹងខែវស្សាមានការពិបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ដូចនេះក៏សម្រេចចិត្តជួលគ្រឿងចក្រឈូសឆាយពង្រីកផ្លូវចូលទីតាំងចម្ការខាងលើ ដោយអចេតនា ដោយពុំបានដឹងថាបានឈូសឆាយចូលដីតំបន់ការពារធម្មជាតិនោះឡើយ ព្រោះ ដីប្រើប្រាស់ និងដីតំបន់ការពារធម្មជាតិ មិនទាន់ត្រូវបោះបង្គោលព្រំឲ្យបានច្បាស់លាស់នៅឡើយ។ ចំពោះករណីនេះ លោកអភិបាលរងខេត្ត បញ្ជាក់ថា ក្នុងនាមអាជ្ញាធរ នឹងលើកយកបញ្ហានេះទៅពិភាក្សាបន្តជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួល ដោយទង្វើប្រព្រឹត្តជាអចេតនា និងកម្រិតព្យសនកម្មមានទំហំតិចតួច។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនដោយឈរលើស្មារតីទទួលខុសត្រូវ ពោលសំដៅឲ្យការផ្តល់សេវាសាធារណៈ និងការដោះស្រាយវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ទទួលបានប្រសិទ្ធភាពខ្ពស់ ដែលលក្ខណៈសម្បត្តិ ឆ្លើយតបទៅនឹងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល៕
ថ្ងៃពុធ ៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ June 7, 2023

អត្ថបទទាក់ទង