លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានទទួលជូបសំណេះសំណាលជាមួយ លោក អាសៃ ហ៊ីរ៉ូស៊ី ទីប្រឹក្សាគម្រោង របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ស្តីពីការផ្តល់គ្រូស្ម័គ្រចិត្តចំនួន២រូប មកពីប្រទេសជប៉ុន មកជួយផ្នែកកីឡាបាល់ទាត់ និងអនុវិស័យអប់រំកុមារតូច នៅក្នុងខេត្តកោះកុង។ ក្នុងជំនួបពិភាក្សានោះ លោក អាសៃ ហ៊ីរ៉ូស៊ី បានជម្រាបថា៖ នៅដើមខែ កញ្ញា ២០២៣ គ្រូ ស្ម័គ្រចិត្តទាំង២រូប នឹងមកបំពេញការងារនៅតាមសាលាគោលដៅ ដែលមន្ទីរឯកភាព ដើម្បីពួកគាត់បានចែករម្លែក នូវ ចំណេះដឹង និងបទពិសោធន៍មួយចំនួនដល់លោកគ្រូ អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្សកម្ពុជា ក្នុងខេត្តកោះកុង ។ ទន្ទឹមនឹងនោះ លោក ង៉ែត ឡឹង ក៏បានជម្រាបស្នើទៅតំណាងJICA ពិចារណាបន្ថែម ផ្ដល់គ្រូស្ម័គ្រចិត្ត ជនជាតិ ជប៉ុន ឱ្យមកជួយផ្នែកបច្ចេកទេសបឋមសិក្សាលើការបង្រៀនមុខវិជ្ជាគណិតវិទ្យាផងងដែរ ។លោក អាសៃ ហ៊ីរ៉ូស៊ី បានទទួលយកការស្នើសុំនេះយកទៅពិចារណា និង ឆ្លើយតបក្នុងពេលដ៏ឆាប់នាពេលខាងមុខនេះ។