ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១០ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក រដ្ឋបាលស្រុកកោះកុង សហការជាមួយអយ្យកាអមសាលាដំបូងខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលាងសំអាតប្រាក់ ក្រោមអធិបតីភាពឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង និងលោក ជា សូវី អភិបាលនៃគណៈអភិបាលស្រុកកោះកុង និងមានការចូលរួមពីលោកព្រះរាជអាជ្ញារង អភិបាលរងនៃគណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីមេឃុំ មេភូមិទាំង៤ឃុំ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកកោះកុង។
គោលបំណង នៃវគ្គសិក្ខាសាលានេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ និងនីតិវិធីច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងត្រឹមត្រូវ ពិសេសការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលស្ថិតក្នុងដែនដីរដ្ឋបាលស្រុក នៃខេត្តកោះកុង។