ថ្ងៃសុក្រ ៧ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទីព្រឹក លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរសង្កាត់ដងទង់ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ៧គ្រួសារ ក្នុងនោះ បណ្តាលអោយ ខូចខាតទាំងស្រុង១ខ្នងផ្ទះ ស្មើនឹង២គ្រួសារ និងខូចខាតដោយអន្លើ ៥គ្រួសារ ស្មើនឹង៥ខ្នងផ្ទះ កាលពីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧.៤៥នាទីព្រឹក មូលហេតុឆ្លងចរន្តអគ្គិសនី នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនគ្រួសារខូចខាតទាំងស្រុងរួមមាន៖ តង់២ មុង២ ភួយ២ កន្ទេល២ កំសៀវដាំទឹក២ ឆ្នាំង៤ ខ្ទះ២ វែកឆា២ វែកសម្ល២ កញ្ច្រែងជ័រ៤ កាថុនជ័រ២ ផ្ទិល២ ចានដែក២ អង្ករ ១០០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកសុទ្ធឱរ៉ាល់២កេស អាវយឺត១២ និងសម្ភារមួយចំនួនទៀត ព្រមទាំង ថវិកាចំនួន១លានរៀល។ដោយឡែកគ្រួសាររងគ្រោះដោយអន្លើទទួលបាន៖ អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស អាវយឺត២ ព្រមទាំងថវិកា៨ម៉ឺនរៀលដូចៗគ្នា ក្នុងនោះលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឧបត្ថម្ភដល់គ្រួសារខូចខាតទាំងស្រុងចំនួន ២លានរៀល និងរងគ្រោះដោយអន្លើៗ៥០ម៉ឺន ។
អនុសាខាក្រុងខេមរភូមិន្ទ បានឧបត្ថម្ភគ្រួសារខូចខាតទាំងស្រុង ៤០ម៉ឺនរៀល និងខូចខាតដោយអន្លើក្នុងមួយគ្រួសារបន្ថែមចំនួន១០ម៉ឺនរៀលដូចៗគ្នាផងដែរ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#