នាព្រឹកថ្ងៃចន្ទទី ២៧ ខែមិថុនា ឆ្នាំ២០២២ លោក ពូន សុខហឿន ប្រធាការិយាល័យរដ្ឋបាលនិងកិច្ចការទូទៅ ក្រោមការចាត់តាំងរបស់លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរឱ្យតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយថ្នាក់មូលដ្ឋាន» ក្រោមអធិបតីភាព បណ្ឌិត អ៊ុក ភក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមជំនួយគាំទ្ររដោយអង្គការ CHURCH WORLD SERVICE ហៅកាត់ថា CWS និងអង្គការម្លប់ព្រហ្មវិហារធម៌ ក្នុងគោលបំណងរៀបចំឱ្យស្ថាប័នពាក់ព័ន្ធទាំងវិស័យរដ្ឋនិងអង្គការដៃគូ ចូលរួមពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយក្នុងការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយថ្នាក់មូលដ្ឋានតាមរយៈការលើកកម្ពស់ការចូលរួមសហគមន៍នៅថ្នាក់មូលដ្ឋាន ក្នុងការលើកបញ្ហានិងតម្រូវការទៅក្នុងដំណើរការនៃការធ្វើផែនការអភិវឌ្ឍន៍នានារបស់រដ្ឋបាលឃុំសង្កាត់។ នៅក្នុងសន្ទរកថានៃកិច្ចចាប់ផ្តើមសិក្ខាសាលានេះ លោកបណ្ឌិត អ៊ុក ភក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា «ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចបុគ្គលណាម្នាក់ ឬ ស្ថាប័នណាមួយតែឯកឯង អាចធ្វើការងារនេះ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពបាននោះទេ ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ» លោកអភិបាលរងខេត្តកោះកុង បានទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ដាក់ចេញយន្តការថ្មីៗបន្ថែមត្រៀមបង្ការទប់ស្កាត់ និងរៀបចំផែនការសកម្មភាពកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយថ្នាក់មូលដ្ឋាន គឺជាកត្តាមួយដែលមិនអាចខ្វះបាន៕