រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសូមចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ ប្រជុំពិភាក្សាពិនិត្យសំណើ និងចុះពិនិត្យទីតាំងដី ដែលប្រជាពលរដ្ឋឈ្មោះ ម៉ោញ សុក្រលក្ខិណា ស្នើសូមចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីមានទីតាំងស្ថិតនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានពន្យល់ណែនាំដល់ម្ចាស់សំណើ ក៏ដូចជាអង្គប្រជុំទាំងមូលជ្រាប អំពីនីតិវិធី នៃការចុះបញ្ជីដី ជូនប្រជាពលរដ្ឋ នៃដីកាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា ដីដែលបានកាត់ឆ្វៀលចេញពីតំបន់ការពារដោយអនុក្រឹត្យលេខ៣០ និងអនុក្រឹត្យលេខ ៤៦ គឺជាការផ្លាស់ប្តូរការគ្រប់គ្រងដី ដោយក្រសួងបរិស្ថាន ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកគ្រប់គ្រងដោយរដ្ឋបាលខេត្តវិញ ហើយទីតាំងដីកន្លងមកដែលជារបស់រដ្ឋ គឺរក្សាទុកជារបស់រដ្ឋដដែលសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ ចំណែកឯ លក្ខខណ្ឌនៃការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនៃដី ដែលបានកាត់ឆ្វៀលនេះ ជូនប្រជាពលរដ្ឋ លុះត្រាតែទីតាំងដីនោះ ជាដីដែលប្រជាពលរដ្ឋប្រើប្រាស់ អាស្រ័យផលជាក់ស្តែងយូរឆ្នាំ និងស្របតាមលក្ខខណ្ឌមួយចំនួនទៀតដែលច្បាប់កំណត់។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួចមក លោក សុខ សុទ្ធី បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដីជាក់ស្តែង និងបានណែនាំឱ្យរដ្ឋបាលស្រុកបូទុមសាគរ ដឹកនាំ និងសហការជាមួយមន្ត្រីជំនាញភូមិបាល មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធ ចុះអនុវត្តការងារនេះបន្ត ចុចយកនិយាមកាទីតាំងដី និងធ្វើរបាយការណ៍ ជូនមករដ្ឋបាលខេត្តវិញ ដើម្បីពិនិត្យពិភាក្សាបន្តនីតិវិធី៕
ថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ March 18, 2022

អត្ថបទទាក់ទង