រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ក្នុងភូមិសាស្រ្តខេត្ត

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋឈ្មោះ កែន វុត្ថា និងឈ្មោះ នុន ប៊ុន្ថា ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វិនិយោគដំណាំកសិ-ឧស្សាហកម្ម លឹម លុង ដែលមានទីតាំងស្ថិតនៅភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ជាលទ្ធផល កិច្ចប្រជុំបានសម្រេច ដូចខាងក្រោម ÷

១.ភាគីទំនាស់ ត្រូវរក្សាស្ថានភាពដើមនៅលើទីតាំងទំនាស់ ដោយហាមសាងសង់សំណង់ថ្មី
២.ភាគីក្រុមហ៊ុន ត្រូវបើកឲ្យធ្វើចរាចរឡើងវិញ នូវផ្លូវដែលបានបិទ
៣.ភាគីក្រុមហ៊ុន ត្រូវបានអនុញ្ញាតឲ្យអាស្រ័យផល និងថែទាំលើដំណាំ ដែលបានដាំដុះរួច ប៉ុន្តែទន្ទឹមនឹងនោះត្រូវបានហាមដាំដុះដំណាំថ្មី។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរអង្គភាព និងអាជ្ញាធរស្រុក ឃុំ ត្រូវដឹកនាំត្រួតពិនិត្យការអនុវត្តស្មារតី នៃកិច្ចប្រជុំ និងបានណែនាំឲ្យភាគីទំនាស់ពាក់ព័ន្ធ អនុវត្តឲ្យបានល្អប្រសើរ។ ចំពោះនីតិវិធីបន្ត ជាសមត្ថកិច្ចរបស់គណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត៕

ថ្ងៃអង្គារ ១៤ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ February 15, 2022

អត្ថបទទាក់ទង