រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យជីផាត ចំនួន១៧នាក់ ទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ក្នុងដំណាក់ការកូវីដ-១៩

ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យជីផាត ចំនួន១៧នាក់ ទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ក្នុងដំណាក់ការកូវីដ១៩

សាខា កក្រក ខេត្តកោះកុង៖នៅវិទ្យាល័យ ជីផាត ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយវិទ្យាល័យ ជីផាត បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យ ចំនួន១៧នាក់ រយះពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ ទី២១ ខែ មករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឡុច ភិរ័ក្ស នាយករងសាខា និងលោក ទុយ ហុង នាយកវិទ្យាល័យជីផាត។

ជាកិច្ចចាប់ផ្តើម លោក ឡុច ភិរ័ក្ស នាយករងសាខា បានមានប្រសាសន៏ថា វគ្គបណ្តុះបណ្តាលវិជ្ជា សង្គ្រោះបឋម នាពេលនេះគឺដើម្បីផ្តល់នូវចំណេះដឹងថ្មីៗ នៃគោលការណ៏ការសង្គ្រោះ អោយដល់យុវជនកាកបាទក្រហមទាំងអស់ អោយមានសមត្ថភាព ក្នុងការជួយសង្គ្រោះអ្នកជនរងគ្រោះ មុនពេលគ្រូពេទ្យ និងក្រុមសង្គ្រោះបន្ទាន់មកដល់ និង ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលរងគ្រោះដោយសារគ្រោះថ្នាក់ណាមួយ ជាយថាហេតុអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន " ៣កុំ ៣ការពារ " ។

លោកនាយករងបន្តទៀតថា វិជ្ជាសង្គ្រោះបឋម គឺធ្វើឡើងក្នុងគោលបំណង ជួយកាត់បន្ថយការឈឺចាប់ និងជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលមានសភាពធ្ងន់ធ្ងរ ឱ្យបានធូរស្រាល ដើម្បីកាត់បន្ថយការស្លាប់នៃជនរងគ្រោះ ជាពិសេស នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ។

តមកលោកនាយកសាលា ក៏បានសំណូមពរដល់លោកគ្រូអ្នកគ្រូសម្របសម្រួល ធ្វើយ៉ាងណាបញ្ចេញអោយអស់ សមត្ថភាព ទេពកោសល្យ និងពន្យល់អោយបានក្បោះក្បាយ ប្រយោជន៍អោយសិក្ខាកាម ងាយយល់ និង ឆាប់ទទួលបានចំណេះដឹង ក្នុងពេលសិក្សា និងសំណូមពរដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រង ត្រាប់ស្តាប់ ការពន្យល់ណែនាំ របស់អ្នកសម្របសម្រួល ដើមប្បីទទួលបានចំណេះដឹង ពិតប្រាកដយកទៅបំរើសកម្មភាព សង្គ្រោះជនរងគ្រោះ នៅក្នុងសហគមន៍ អោយមានគុណភាព និងប្រសិទ្ធភាព ។

ចុងបញ្ចប់នៃមតិសំណេះសំណាល ក៏បានប្រកាសបើកវគ្គបំប៉ន វិជ្ជាសង្គ្រោះបឋម ជាផ្លូវការ និងផ្តល់កិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយសិក្ខាកាមទាំងអស់ផងដែរ ។

បន្ទាប់ពីប្រកាសបើកកម្មវិធី និងថតរូបជាអនុស្សាវរីយ៍រួចមក លោកនាយករងសាខា បានឡើងធ្វើបទបង្ហាញស្តីពីប្រវត្តិ កំណើត និងសកម្មភាពកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៏គ្រឹះនៃចលនា បដិរូប វិស័យស្នូលនិងយុទ្ធសាស្ត្រ ជូនសិក្ខាកាមបានយល់ដឹង។

តមកអ្នកសម្របសម្រួល ទទួលបន្ទុកវិជ្ជាសង្គ្រោះបឋមបានឡើងបង្ហាញពី ជំងឺកូវីដ១៩ និងបញ្ហាសុខភាពផ្លូវចិត្ត និងគោលបំណងវគ្គ តួនាទីអ្នកសង្គ្រោះ គោលការណ៍គ្រឹះនៃការសង្គ្រោះ សន្លប់ បាត់ស្មារតី វិបត្ដិដង្ហើម (មនុស្សពេញវ័យ, កុមារ, និងទារក) ដោយសិក្ខាកាមទាំងអស់គ្នា បានឡើងអនុវត្តសាកល្បង គ្រប់ៗគ្នា។

នៅថ្ងៃបន្ទាប់ គឺថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៃវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងបន្ថែមថ្មីៗ ទៅលើការជួយសង្គ្រោះរួមមាន (របួស ការហូរឈាម ការបាក់ឆ្អឹង និង ការលើកដាក់ បញ្ជូនជនរងគ្រោះបានត្រឹមត្រូវទៅតាមបច្ចេកទេស ពុល ប្រកាច់ ពស់ចឹកជាដើម) ថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាលនេះដែរសិក្ខាកាមទាំងអស់ ក៏បានធ្វើការប្រឡងទ្រឹស្តី ការអនុវត្តន៍នៅចុងបញ្ចប់វគ្គ ហើយទទួលបានលទ្ធផលល្អប្រសើរ៨០ភាគរយ ក្នុងការប្រឡងដោយអាចជួយជនរងគ្រោះ បានត្រឹមត្រូវទៅតាមចំណេះដឹងនៃអ្នកសង្គ្រោះបឋម ។

ចុងបញ្ជប់នៃកម្មវិធីវគ្គបណ្តុះបណ្តាក លោកនាយកសាលា បានធ្វើការកោតសសើរ ដល់អ្នកសម្របសម្រួល ដែលបានបញ្ចេញអស់ នូវទេពកោសល្យ ក្នុងការបង្រៀន ដែលធ្វើអោយសិក្ខាកាម ងាយយល់ និងងាយទទួលបានចំណេះដឹង និង ជាពិសេស បានកោតសសើរដល់សិក្ខាកាមទាំងអស់ ដែលខិតខំរៀនសូត្រ ហើយទទួលបានលទ្ធផលល្អ ជាងពេលដែលមិនទាន់បានចូលរួមវគ្គ និងអាចធ្វើការសង្គ្រោះជនរគ្រោះ ក្រុមគ្រួសារ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយចំណេះដឹង និងមានប្រសិទ្ធភាពខ្ពស់ ។

ជាចុងក្រោយលោក នាយកសាខា បានប្រកាសបិទវគ្គបណ្តុះបណ្តាល និង ផ្តល់កិត្តិយស ផ្តល់ វិញ្ញាបនបត្រ ដល់សិក្ខាកាម ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ ប្រកបដោយភាពរីករាយក្រៃលែង ។

អត្ថបទទាក់ទង