លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង តំណាងលោក អ៊ុក ភ័ក្ត្រា អភិបាលរងទទួលបន្ទុក បានអញ្ជើញស្វាគមន៍ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាកសាងសមត្ថភាព និងផ្សព្វផ្សាយ ស្តីពី «ដំណើរការនៃការកំណត់និងបែងចែកតំបន់គ្រប់គ្រង និងការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ»។
លោកនាយរងរដ្ឋបាល បានលើកឡើងថាសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ និងមានគោលបំណង ដើម្បីផ្តល់ចំណេះដឹងទូលំទូលាយ និងចែករំលែកបទពិសោធន៍អំពីវិធីសាស្ត្រនៃការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង និងរៀបចំផែនការ គ្រប់គ្រងសម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ និងផ្សព្វផ្សាយតាមរយៈការបង្កើនសមត្ថភាពដល់មន្តី តំបន់ការពារធម្មជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យយល់ច្បាស់ពីដំណើរការ នៃការកំណត់បែងចែកតំបន់គ្រប់គ្រង និងរបៀបនៃការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងចូលរួមគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។ ជាមួយនិងច្បាប់នានា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវតែយល់ច្បាស់អំពីគោលការណ៍ណែនាំ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ មូលដ្ឋាននៃការធ្វើសារពើភ័ណ្ឌព្រៃឈើ ការសិក្សាស្រាវជ្រាវអំពីជីវចម្រុះ និងការប្រមូលទិន្នន័យសម្រាប់កំណត់បែងចែកតំបន់គ្រប់គ្រងក្នុងឧទ្យានជាតិភ្នំក្រវាញ និងតំបន់ការពារធម្មជាតិ ព្រមទាំងតំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ជាពិសេសការផ្ទៀងផ្ទាត់ផែនទី ជាមួយចូលរួមក្នុងការអនុវត្ត ឲ្យបានត្រឹមត្រូវ និងសមស្របបំផុត៕
ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ December 6, 2021