លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រួមទាំងសហការី បានអញ្ជើញចូលររួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើត របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកជំទាវអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ មានក្តីរន្ធត់ជាខ្លាំង ក្រោយពីបានទទួលដំណឹងថាឧបាសិកា ស ស៊ន់ បានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៥០នាទីយប់ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។ ការទទួលមរណភាពរបស់ឧបាសិកា ស ស៊ន់ គឺជាការបាត់បង់នូវបងស្រី មាតា ជីដូន ជីដូនឡូត មួយរូប ប្រកបដោយព្រហ្មវិហារធម៌ ដែលគួរឱ្យគោរពស្រលាញ់បំផុត គ្រប់សមាជិកគ្រួសារ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកោះកុង លោកជំទាវសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យ ជាមួយក្រុមគ្រួសារ សម្តេចក្រឡាហោម ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងសូមបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធ សពឧបាសិកា ស ស៊ន់ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចក្រឡាហោម ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា៕
ថ្ងៃសុក្រ ៧ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ November 26, 2021