លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី ១៤ ទិវាអតីតយុទ្ធជនកម្ពុជា។
លោកជំទាវ បានមានប្រសាសន៍ថា នាងខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា ដោយមានការយកចិត្ត ទុកដាក់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតចំពោះ លោកអ៊ំ លោកពូ អ្នកមីង ជាអតីតយុទ្ធជន ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។ រយៈពេល ៤២ ឆ្នាំ យើងទាំងអស់គ្នា ពិតមិនអាចបំភ្លេចបាន នូវការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលមាននៅ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។ ទោះបីពេលវេលាបានកន្លង ផុតទៅ ជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នា នៅតែចងចាំជានិច្ច នូវមហា សោកនាដកម្ម និងគ្រោះមហន្តរាយ របស់ជាតិ ដែលបណ្តាលមកពី ភ្លើងសង្រ្គាមដ៏សន្ធោសន្ធៅ ដែលបង្កឡើង ដោយរដ្ឋប្រហារ របស់ពួក លន់ នល់ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ តាមខ្សែ ញាក់ របស់បរទេស និងមហាឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួក ឃាតករ ប៉ុល ពត រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ចាប់ពីក្រោយថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥មក ដែលបានធ្វើឲ្យកម្ពុជាត្រូវបំផ្លាញដោយសង្រ្គាមរួចហើយនោះ បានក្លាយជាគុកឥត ជញ្ជាំង ជាវាលពិឃាដដ៏សាហាវ ឃោរឃៅបំផុត និងជាសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន។ ដោយសារការឈឺចាប់ឥតឧបមា និងតាមសម្រែងដង្ហោយហៅ របស់ប្រជាជនកម្ពុជា ស្លូតត្រង់ ចលនាតស៊ូ ត្រូវបានបង្កើតឡើងដោយមានការដឹកនាំពីគណបក្សប្រជាជនកម្ពុជា រហូតបាន ទទួលជោគជ័យ ដ៏ធំធេងនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ នាងខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង។ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មក រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោល នយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនអតីត យុទ្ធជន ឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុនីតិសម្បទា ក៏ដូចជា ស្ថាប័នរដ្ឋ និងឯកជន ពាក់ព័ន្ធនានាបានផ្តល់អាទិភាព ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួល បាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ខ្ញុំសូមលំឱនកាយ គោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមថ្លែង អំណរគុណ ប្រកបដោយសេចក្តីគោរព ស្រលាញ់ ចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និង ក្រុមគ្រួសាររបស់បងប្អូន ដែលបាន នឹងកំពុងបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ នាងខ្ញុំនឹងបន្តប្រពៃណី ក្នុងការដឹកនាំល្អ និង អនុវត្តការងារឱ្យបានល្អប្រសើរ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងផលប្រយោជន៍នានា របស់បងប្អូនអតីតយុទ្ធជនយើង និងបន្តគាំទ្រ ជម្រុញ និងកៀងគរ ស្វែងរកមូលនិធិពីសប្បុរសជននានា ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ ពេលវេលា នូវបញ្ហាលំបាកនានា ជាពិសេសការ ផ្តល់នូវប្រាក់បេឡាមរណៈសង្គ្រោះ ឱ្យបានតាម គោលការណ៍កំណត់។ បច្ចុប្បន្ន លោកពូ អ្នកមីង ជាអតីតយុទ្ធជន ទាំងអស់ កំពុងទទួលប្រាក់ របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ចាប់ពីខែមេសា ឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានតំឡើង ប្រាក់ប្រចាំជូន និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់ ៦២ម៉ឺនរៀល និងត្រូវបន្ថែមដល់ ៦៤ម៉ឺនរៀល ក្នុងមួយខែ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល បានឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល និងពិធី បុណ្យភ្ជុំបិណ្ឌចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តនជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និង គ្រួសារអតីតយុទ្ធជន។ ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជន ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភ ជូនលោកអ៊ំ លោកពូ អ្នកមីង ជាអតីតយុទ្ធជន ទាំង ១៥០នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥គីឡូក្រាម មីម៉ាម៉ា ១កេសតូច ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ៦កំប៉ុង ហើយនាងខ្ញុំ ក្នុងនាមរដ្ឋបាល ខេត្ត និងជាប្រធានកិត្តិយស នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង សូមចូលរួមជាមួយ រាជរដ្ឋាភិបាល នូវទឹកប្រាក់ ៥ម៉ឺនរៀល ក្នុងម្នាក់ៗ សម្រាប់ជូនលោកអ៊ំ លោកពូ អ្នកមីង នាពេលនេះ៕
ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ November 17, 2021