រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការទទួលកញ្ចប់អំណានថ្នាក់ទី១ និង ទី២

ក្រោយពីទទួលផលប៉ះពាល់ដោយជំងឺកូវីដ១៩ ជាច្រើនខែកន្លងមក វិស័យអប់រំ ក៍ដូចជាវិស័យនានាក្នុងប្រទេសកម្ពុជាមានការប៉ះពាល់គួរឱ្យកត់សម្គាល់ ។ សាលារៀនទាំងអស់ត្រូវបិទទ្វារក្នុងការជួបជុំសិស្សនិងគ្រូ ងាកមកសិក្សាតាមបណ្តុំតូចៗ និង ប្រព័ន្ធអេឡិកត្រូនិកជំនួសវិញ។ដោយពិនិត្យឃើញថា ការរៀនសូត្រប្រចាំថ្ងៃរបស់កុមារមិនសូវបានខ្ជាប់ខ្ជួន ទើបក្រសួងអប់រំយុវជន និង កីឡា សហការជាមួយអង្គការUnicefនិង ដៃគូរអភិវឌ្ឍមួយចំនួនទៀត បោះពុម្ព និងផលិត កញ្ចប់អំណានភាសាខ្មែរ ថ្នាក់ទី១ និង ទី២ឡើង សម្រាប់ជួយដល់អាណាព្យាបាលសិស្សបានជួយបង្រៀនកូនចៅ អាននៅផ្ទះបន្ថែម ដើម្បីបណ្តុះគំនិតកុមារឱ្យមានទម្លាប់អានប្រចាំថ្ងៃ ។ លោក សុខ វីន ប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង បានបញ្ជាក់ ថាកញ្ចប់អំណាននេះ នឹងចែកជូនដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សារដ្ឋទាំងអស់ ដែលមានចំនួនសរុប ១២១ សាលាទូទាំងខេត្ត ដោយឥតគិតថ្លៃ។ សូម លោក លោកស្រីជាអាណាព្យាបាលសិស្សទាំងអស់ ដែលមិនទាន់បានទទួលកញ្ចប់អំណាននេះយកទៅជួយបង្រៀន កូន ចៅ សូមទំនាក់ទំនង លោកគ្រូ អ្នកគ្រូ ប្រចាំថ្នាក់នៅតាមមូលដ្ឋានរៀងៗខ្លួន ។

អត្ថបទទាក់ទង