សាខា កក្រក កោះកុង៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការការពារជំងឺឆ្លងកូវីដ១៩ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន ឯកឧត្តម លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តសាខា ដឹកនាំកម្លាំងយុវជនកាកបាទក្រហម ចុះធ្វើការប៉ាន់ប្រមាណតម្រូវការ ស្រង់ព័ត៌មានត្រលប់ និងអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ យុទ្ធនាការនេះបានការជួយឧបត្ថម្ភគាំទ្រពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ និងឆ្លេីយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
គោលបំណងនៃយុទ្ធនាការនេះគឺ ដេីម្បីចូលរួមក្នុងយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) ។
ក្នុងយុទ្ធនាការនេះ ក៏មានការចុះសាកសួរពីអារម្មណ៍ ផ្លូវចិត្ត និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដេីម្បីធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ស្តីពី សុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩ ព្រមទាំងមានការចែកនូវម៉ាស់ ខិត្តប័ណ្ណអប់រំ និងមានចាក់ជាសារសម្លេងអប់រំពីវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ) និង ៣ កុំ ( ១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកមកៀកស្មាគ្នា កុំឱបគ្នាជាដេីម ) ។សកម្មភាពសាខាបានចុះប្រមូលព័ត៌មានត្រលប់ពីសហគមន៍បានចំនួន ១១៩ខ្នងផ្ទះ ស្មើនឹងប្រជាជនសរុប១៧៦នាក់ ស្រី៩៩ ដោយផ្តល់សាប៊ូដុំចំនួន១០៩ដុំ ម៉ាស់៩៤សន្លឹក ផ្ទាំងរូបភាពស្តីពីវិធានការការពារកូវីដ១៩ ចំនួន១៧សន្លឹក ប័ណ្ណប្រកាស៥១សន្លឹក និងអាវយឺត៦អាវ។