លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញចុះសួរសុខទុក្ខ និងចែកជូនគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់ស្រ្តី ឈ្មោះ ផល បូផា អាយុ៣៧ឆ្នាំ មានអាសយដ្ឋាននៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលត្រូវបានសម្រាលកូនដោយក្រុមគ្រូពេទ្យ ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីវេលាម៉ោង៤:១៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ដោយសម្រាលបានកូនភ្លោះ៣នាក់ (ប្រុស២នាក់ ស្រី១នាក់) ទី១ ភេទប្រុស ទំងន់០,៧គក្រ ទី២ ភេទប្រុស ទំងន់១គក្រ និងទី៣ ភេទស្រី ទំងន់០,៧គក្រ ។ បច្ចុប្បន្ននេះស្ត្រី និងទារកទាំងនោះកំពុងទទួលការថែទាំ ព្យាបាលបន្តយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយើង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ដែលនេះគឺជាការមានផ្ទៃពោះនិងការសម្រាលកូនលើកទី៥របស់ស្ត្រីជាម្តាយ និងជាករណីទី១ដែលមានស្ត្រីមានកូនភ្លោះដល់ទៅ៣នាក់ ត្រូវបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។