លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងាររួមមាន លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត រដ្ឋបាលស្រុកស្រែអំបិល ការិយាល័យភូមិបាលស្រុកស្រែអំបិល មេឃុំ និងអ្នកពាក់ព័ន្ធ ដើម្បីប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋ និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំធ្វើការផ្ទេរសិទ្ធិកាន់កាប់ដីមិនទាន់ចុះបញ្ជី និងទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដីធ្លីដូចខាងក្រោម៖
១. ចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋឈ្មោះ កូឡា កូកា ស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុមិនទាន់ចុះបញ្ជីដីចំនួន២ក្បាលដី ស្ថិតនៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង និងស្ថិតនៅភូមិជ្រោយស្វាយកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
២. ចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋឈ្មោះ សួន មាន ស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុមិនទាន់ចុះបញ្ជីដីស្ថិតនៅភូមិផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង
៣. ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋឈ្មោះ យិន ម៉េង និងឈ្មោះ ហ៊ុន ស្រេង ស្នើសុំចុះបញ្ជីដីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃដីស្ថិតនៅភូមិឈើនាង-ជ្រោយស្វាយកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
៤. ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋឈ្មោះ លឹម បុក និងឈ្មោះ ឈីវ កៀក ស្នើសុំចុះបញ្ជីដីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃដីស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង
៥. ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋឈ្មោះ ស្រី ចាន់ថន និងឈ្មោះ រិទ្ធ ដារាវីន ស្នើសុំចុះបញ្ជីដីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃដីស្ថិតនៅភូមិសាលាម្ខាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីធ្លីនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់ថា នៅពេលក្រុមការងារចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជី មិនមែនមានន័យអនុញ្ញាតចុះបញ្ជីដីឱ្យនោះទេ។ ការអនុញ្ញាតឱ្យចុះបញ្ជីដីធ្លីបានលុះត្រាតែការកាន់កាន់ដីធ្លីនោះស្របច្បាប់ មានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ មានការកាន់កាប់និងអាស្រ័យផលជាក់ស្តែង និងលក្ខខណ្ឌផ្សេងៗទៀតដែលច្បាប់តម្រូវ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាពដីជារួមរួចហើយ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធនឹងចុចនិយាមកាដី តំឡើងផែនទីទីតាំងដី ដោយកាត់ចេញនូវចំណីព្រែក អូរ ស្ទឹង ផ្លូវ… ដើម្បីយកមកពិនិត្យផ្ទៀតផ្ទាត់ថាតើ ទីតាំងដីដែលស្នើសុំនេះមានស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ឬមានប៉ះពាល់ជាមួយតំបន់ការពារនានាឬទេ ហើយដីនេះមានទំនាស់ដែរឬអត់៕