ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញ និងចាត់តាំងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារថ្នាក់ស្រុកចុះរៀបចំទីតាំងសម្របសម្រួល ការចាក់វ៉ាក់សាំងការពារជងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅឃុំកោះកាពិ ស្រុកកោះកុង ដែលមានចំនួន ០៣ទីតាំង នៅភូមិកោះស្រឡៅ ភូមិ១(ឡាំដាំ) និងភូមិ២(កោះកាពិ) ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលរង ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ នៃនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ ដែលបានប្រតិបត្តិការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសុជីវធម៌ល្អប្រពៃជាមួយប្រជាពលរដ្ឋ ព្រមទាំងទឹកចិត្តសោមនស្សរីករាយ សហការគ្នាបានយ៉ាងល្អ និងអរគុណកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ការងារប្រកបដោយទឹកចិត្តរីករាយនិងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ព្រមទាំងសូមអរគុណប្រជាពលរដ្ឋទូទាំងឃុំកោះកាពិ ដែលបានមកទទួលការចាក់វ៉ាក់សាំងតាមទីតាំងដែលបានកំណត់ ដោយរក្សាបាននូវសេចក្ដីថ្លៃថ្នូរ មានសុជីវធម៌ មានសណ្ដាប់ធ្នាប់រៀបរយល្អ តាមការណែនាំរបស់ក្រុមការងារ ។