លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា បញ្ហាទំនាស់ដីធ្លីរបស់ក្រុមហ៊ុនយូញៀន និងបញ្ហាដីធ្លីនៅស្រុកបូទុមសាគរ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹង បញ្ហាដីធ្លី ចំនួន ២ករណី៖
១. បញ្ហាដីធ្លី ដែលក្រុមហ៊ុនយូញៀនស្នើសុំកិច្ចអន្តរាគមន៍ មករដ្ឋបាលខេត្ត ជួយដោះស្រាយ ៖ តំណាងក្រុមហ៊ុន យូញៀន បានធ្វើលិខិតមួយគោរពជូនមករដ្ឋបាលខេត្តកោះកុង ស្នើសុំជួយអន្តរាគមន៍ដោះស្រាយ ដោយបានអះអាងថា មានប្រជាពលរដ្ឋចូលកាន់កាប់ និងដាំដើមឈើហូបផ្លែក្នុងទីតាំងដីវិនិយោគរបស់ក្រុមហ៊ុនដែលបានជួលរយៈពេលវែងពីរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមអាជ្ញាធរឃុំ ស្រុក នៃស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នាយកទីចាត់ការអន្តរវិស័យ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងតំណាងក្រុមហ៊ុនយូញៀន។
២. ការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋ១៣១គ្រួសារ នៅស្រុកបូទុមសាគរ៖ ករណីទី២នេះ ជាកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត ជាមួយ អាជ្ញាធរស្រុកបូទុមសាគរ មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពន្យល់បង្ហាញពីគោលការណ៍ដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ១៣១គ្រួសារ ដែលរងផលប៉ះពាល់ ពីគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនស៊ីណូម៉ិចស៊ីម ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
រូបថត៖ ច័ន្ទ រាជធានី
ខ្លឹមសារ ៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង