លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំក្រុមការងារប្រជុំ និងចុះពិនិត្យទីតាំងដីនៅស្រុកស្រែអំបិល ដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជី
លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ រួមមាន អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងមន្ត្រីការិយាល័យភូមិបាលស្រុកស្រែអំបិល ប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដី ដែលលោក ឡៅ ផេង ដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចំនួន២ទីតាំងដូចខាងក្រោម៖
១. ទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
២. ទីតាំងដីស្ថិតនៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងដីរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំឱ្យដូចខាងក្រោម៖
-ម្ចាស់ដីត្រូវបោះបង្គោលព្រំដីឱ្យបានរួចរាល់ ច្បាស់លាស់ រួចហើយទំនាក់ទំនងទៅមន្ត្រីជំនាញស្រុកស្រែអំបិល ដើម្បីចុះចុចនិយាមកាដី
-មន្រ្តីជំនាញបន្ទាប់ពីចុចនិយាមកាដីទាំងពីរទីតាំងនេះរួចហើយ ត្រូវរៀបចំតំឡើងផែនទីទីតាំងដីដើម្បីប្រជុំពិនិត្យផ្ទៀងផ្ទាត់ ថាតើដីនេះស្ថិតនៅក្នុងតំបន់អភិរក្ស ឬស្ថិតក្នុងអនុក្រឹត្យលេខ៣០អនក្រ.បក ឬមានប៉ះពាល់អ្វីខ្លះ។
ប្រភព៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង