រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យការប្រតិបត្តិអគារធនធាន និងសាលាបណ្ដាញក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃនេះលោក សេង សុធី អនុប្រធានមន្ទីរ តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានដឹកនាំមន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ២រូប ចូលរួមកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលើការប្រតិបត្តិអគារធនធាននិងសាលាបណ្ដាញនៅសាលប្រជុំអគារធនធានវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកតេជោសែនកោះកុង ជាមួយប្រតិភូក្រសួងអប់រំ និងមន្ត្រីគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី៣ (USESDP-II) ក្រោមអធិបតីភាពលោក ចេង សំអ៊ុល ប្រធានតំបន់កណ្ដាល ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស មន្ត្រីហេរញ្ញវត្ថុ ទីប្រឹក្សាគម្រោងកែលម្អសាលារៀនថ្នាក់តំបន់កណ្ដាល ជាប្រតិភូអមដំណើរមកពីក្រសួងអប់រំ លោក លោកស្រីជាគណៈនាយកវិទ្យាល័យ ច.ប.តេជោសែន កោះកុង នាយកសាលាបណ្ដាញ លោកគ្រូ អ្នកគ្រូប្រធានក្រុមបច្ចេកទេសនៃវិទ្យាល័យ ច.ប.តេជោសែន កោះកុង ផងដែរ។

លោក សេង សុធី អនុប្រធានមន្ទីរបានធ្វើបទបង្ហាញសង្ខេបពិស្ថានភាពអប់រំក្នុងខេត្ត និងការប្រើប្រាស់អគារធនធានក្នុងក្រងខេមរភូមិន្ទជូនគណៈអធិបតី និងសមាជិកសមាជិកាក្នុងអង្គប្រជុំ។ បន្ទាប់មកលោក ចេង សំអ៊ុល ប្រធានតំបន់កណ្ដាលបានផ្ដល់អនុសាសន៍មួយចំនួនជូនលោក លោកស្រីជាគណៈនាយក លោកគ្រូ អ្នកគ្រូ និងសាលាបណ្ដាញអនុវត្តបន្តដើម្បីប្រើប្រាស់អគារធនធានប្រកបដោយគុណប្រយោជន័ដល់ប្អូនៗជាសិស្សានុសិស្ស ពោលគឺការសិក្សាទ្រឹស្ដីត្រូវតែផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងទើបពួកគាត់ទទួលបានចំណេះដឹង សមត្ថភាព ជំនាញ ដើម្បីឆ្លើយតបនឹងសម្បទាទាំងបីគឺ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។


ក្នុងឱកាសនោះ លោក យី សុខសាន្ត ជាទីប្រឹក្សាគម្រោងបានលើកឡើងពីកិច្ចការខ្វះចន្លោះមួយចំនួនដែលកើតឡើងពីការមិនសូវបានចូលរួមពីសាលាបណ្ដាញមួយចំនួនគួបផ្សំនឹងវិបត្តិកូវីដ-១៩ដែលរាំងស្ទះនៃការប្រើប្រាស់អគារធនធានពីសាលាបណ្ដាញធ្វើឱ្យទទួលបានពិន្ទុពីគណៈកម្មការថ្នាក់ជាតិមានសភាពថមថយជាងបណ្ដាឆ្នាំកន្លងមក។ជាមួយគ្នានោះលោក ផូ ប៊ុនធឿន នាយកវិ.ចប.តេជោសែន កោះកុងក៏បានលើកជាសំណូមពរម្ចាស់គម្រោងជួយបើកវគ្គបំប៉នលោកគ្រូ អ្នកគ្រូ និងសាលាបណ្ដាញបន្ថែមទៀតដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមក្នុងការប្រើប្រាស់បន្ទប់ពិសោធន៍ក៏ដូចអគារធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់។ជាការឆ្លើយតបលោកទីប្រឹក្សាគម្រោងទទួលយកសំណួមពរ នឹងរៀបចំវគ្គបំប៉នសមត្ថភាពលោកគ្រូ អ្នកគ្រូនាឱកាសខ្លីខាងមុខដោយត្រូវបន្តពិនិត្យលើស្ថានភាពនៃការថមថយជំងឺកូវីដ-១៩ផងដែរ។


ក្រោយស្ដាប់ប្រសាសន៍របាយការណ៍លោកអនុប្រធានមន្ទីរ លោកនាយកវិទ្យាល័យ និងអនុសាសន៍គណៈអធិបតីដោយយកចិត្តទុកដាក់រួចមក លោកគ្រូ អ្នកគ្រូ គណៈនាយក និងសាលាបណ្ដាញបានប្ដេជ្ញាចិត្តសហការប្រើប្រាស់អគារធនធាន ជាពិសេសបន្ទប់ពិសោធន៍នៃវិទ្យាល័យនេះឱ្យកាន់តែញឹកញាប់និងប្រសិទ្ធភាពខ្ពស់ក្នុងបណ្ដាឆ្នាំសិក្សាខាងមុខបន្តបន្ទាប់។(អត្ថបទ ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង