រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យសុវត្ថិភាពមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង : ២១ ធ្នូ ២០២០ នៅសាលប្រជុំ(ខ) រដ្ឋបាលខេត្ដ

វេលាម៉ោង ៨ព្រឹក ថ្ងៃនេះលោក សេង សុធី អនុប្រធានមន្ទីរ តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងបានចូលរួមប្រជុំស្ដីពី ការពិនិត្យសុវត្ថិភាពមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង : ២១ ធ្នូ ២០២០ ក្រោមសហអធិបតីភាព ឯ.ឧ. ស្រេង ហុង អភិបាលរងខេត្ត និងលោក សំឃិត វៀន អភិបាលរងខេត្ត នៅសាលប្រជុំ(ខ)នៃអគាររដ្ឋបាលខេត្តកោះកុង និងមានការចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការងនគរបាលខេត្ត លោកអភិបាលក្រុងខេមរភូមិន្ទ លោក លោកស្រី តំណាងមន្ទីរសុខាភិបាលខេត្ត តំណាង សសយក.ខេត្ត លោកស្រីអនុប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង លោកនាយកវិទ្យាល័យទាំង៨ លោកនាយកសាលាបឋមសិក្សា ទីរួមខេត្ត ដែលទីតាំងគ្រឹះស្ថាននេះត្រូវក្រសួងជ្រើសរើសជាមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០ ផងដែរ។
គណ់ៈអធិបតីបានត្រួតពិនិត្យលើសមាសភាព និងតួនាទីភារកិច្ចនៃកងកម្លាំង ក្រុមយុវជនស្ម័គ្រចិត្ត សសយក. និងក្រុមគ្រូពេទ្យប្រចាំការដែលត្រូវចុះទៅតាមមណ្ឌលប្រឡងនីមួយៗ។ "ដោយឡែកសម្រាប់មណ្ឌលប្រឡងនីមួយៗត្រូវបានណែនាំឱ្យរៀបចំត្រៀមបន្ទប់ពីរដាច់ដោយឡែកសម្រាប់ដាក់បេក្ខជនដែលត្រូវបានរកឃើញថាមានសីតុណ្ហភាពចាប់ពី ៣៧អង្សាសេឡើង" នេះជាការលើកឡើងរបស់ឯ.ឧ.អភិបាលរងខេត្ត។ ឯ.ឧ.បានណែនាំបន្ថែមឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្រូវត្រៀមម៉ាស៊ីនបាញ់អាល់កុលដាក់គ្រប់មណ្ឌល ត្រៀមថ្នាំបាញ់សម្លាប់មេរោគនៅគ្រប់មណ្ឌលដោយធ្វើការបាញ់ថ្នាំពីរដង(ព្រឹក និងរសៀល)មុនថ្ងៃប្រឡង ពោលគឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
សូមបញ្ជាក់ថាខេត្តកោះកុង ក្រសួងបានសម្រេចបង្កើតមណ្ឌលប្រឡងចំនួនបី សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ ធ្នូ ២០២០ខាងមុខ គឺ៖
១/មណ្ឌលវិទ្យាល័យ កោះកុង(បច្ចុប្បន្នជាវិ.ច.ប.តេជោសែនកោះកុង) ថ្នាក់វិទ្យាសាស្រ្ត មានចំនួន ២១បន្ទប់
២/មណ្ឌលសាលាបឋមសិក្សា ទីរួមខេត្ត ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១បន្ទប់
៣/មណ្ឌលអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៨បន្ទប់។
បេក្ខជនថ្នាក់វិទ្យាសាស្រ្តសរុប ៥២២នាក់ ស្រី ២២៩នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គមសរុប ៤៦០នាក់ ស្រី ២៣១នាក់។ ក្រសួងនៅតែទាមទារគុណភាពដូចឆ្នាំកន្លងមកពុំមានការបន្ធូរឡើយ ទោះបីយើងជួបនូវវិបត្តិកូវីដ-១៩ក៏ដោយចុះ។
ចុងក្រោយក្នុងនាមរដ្ឋបាលខេត្តសហអធិបតី បានផ្ដាំផ្ញើលោកនាយកវិទ្យាល័យទាំងអស់ក៏ដូចបេក្ខជនត្រូវថែទាំសុខភាព រាល់ការធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់។(អត្ថបទ ៖ សុវណ្ណ)

អត្ថបទទាក់ទង