ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ លេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកជំទាវអភិបាលខេត្តបាន មានលើកឡើងថា ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួម ជាមួយ
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ លេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលនេះ។ ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ នាងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះវត្តមាន របស់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការនៃមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។ មុននេះបន្ដិច អង្គពិធី បានស្តាប់រួចហើយនូវបទបង្ហាញរបស់ មន្ត្រីពាក់ព័ន្ធ ចំនួន ០៣រូប អំពីខ្លឹមសារសំខាន់ៗនៃ អនុក្រឹត្យលេខ ០៣ អនក្រ.បក និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លិខិតបទដ្ឋានទាំងនេះ គឺជាឧបករណ៍ច្បាប់ដ៏សំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងការការពារប្រជាពលរដ្ឋពីហានិភ័យនានាដែលអាចកើតមាននៅក្នុងសង្គម។ ជាពិសេស ក្នុងបរិបទដែលការរស់នៅតាមទីតាំងប្រមូលផ្តុំ ការធ្វើដំណើរ ការប្រើប្រាស់
បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងសេវាកម្មអនឡាញ កាន់តែមានការរីកចម្រើន ការយល់ដឹងអំពីច្បាប់ និងការចូលរួមអនុវត្តច្បាប់របស់ប្រជាពលរដ្ឋ ជាពិសេស មន្ត្រីរាជការ គឺមានសារៈសំខាន់ជាទីបំផុត។ នាងខ្ញុំយល់ថាការផ្សព្វផ្សាយនៅថ្ងៃនេះ មិនគ្រាន់តែជាការអាន ឬស្តាប់ខ្លឹមសារច្បាប់ និងអនុក្រឹត្យប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនការយល់ដឹង ឱ្យមន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អាចយកចំណេះដឹងទាំងនេះទៅអនុវត្តជាក់ស្តែងឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។ ចំពោះ ការពង្រឹងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដូចជា បុរី លំនៅឋាន អគារស្នាក់នៅ ផ្ទះជួល ខុនដូ និងទីតាំងផ្សេងៗ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន គឺត្រូវការការគ្រប់គ្រង និងការរៀបចំសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។ដូច្នេះ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់បទល្មើស ការរំខានសណ្តាប់ធ្នាប់ ការប្រើប្រាស់ទីតាំងខុសច្បាប់ ការបង្កហានិភ័យអគ្គិភ័យ និងហានិភ័យផ្សេងៗដែលអាចប៉ះពាល់ ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវពង្រឹងកិច្ចសហការ រវាងអាជ្ញាធរ ម្ចាស់ទីតាំង អ្នកគ្រប់គ្រងទីតាំង អ្នករស់នៅ និងកងកម្លាំងមានសមត្ថកិច្ច ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ បង្ការមុនកើតហេតុ ឆ្លើយតបបានទាន់ពេលវេលា និងដោះស្រាយដោយស្របច្បាប់។ ទន្ទឹមនឹងការពង្រឹងសន្តិសុខតាមទីតាំងរស់នៅ យើងក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចបង្កការខាតបង់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សន្តិសុខ សេដ្ឋកិច្ច និងសណ្តាប់ធ្នាប់ សង្គម។ នាងខ្ញុំសូមកត់សំគាល់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចកើតឡើងតាមរយៈការហៅទូរស័ព្ទ សារជាអក្សរ បណ្តាញសង្គម កម្មវិធីទំនាក់ទំនង គេហទំព័រ គណនីក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការប្រើប្រាស់វិធីសាស្ត្រផ្សេងៗ ដើម្បីបញ្ឆោតឱ្យជនរងគ្រោះផ្តល់ព័ត៌មានផ្ទាល់ខ្លួន លេខកូដសម្ងាត់ លេខគណនី ឬការសម្អាតប្រាក់ជាដើម។
ក្នុងន័យនេះ នាងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង«គិតមុនចុច គិតមុនផ្ទេរ គិតមុនជឿ»។ មិនត្រូវផ្តល់ព័ត៌មានសម្ងាត់ ឬព័ត៌មានហិរញ្ញវត្ថុ ទៅឱ្យអ្នកមិនស្គាល់ និងមិនត្រូវចុចលើតំណភ្ជាប់ ឬទាញយកកម្មវិធីដែលមានប្រភពមិនច្បាស់លាស់។ ប្រសិនបើមានការសង្ស័យថា ខ្លួនឯង ឬអ្នកដទៃកំពុងរងគ្រោះដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវប្រញាប់ជូនដំណឹងទៅសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ឱ្យបានទាន់ពេលវេលា។
នាងខ្ញុំសូមយកឱកាសនេះ ណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងការអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានទូលំទូលាយ និងងាយយល់នូវចំណុចដូចខាងក្រោម៖ ១.ត្រូវបង្កើនការចុះពិនិត្យ និងវាយតម្លៃស្ថានភាពសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ និងទីតាំងដែលមានហានិភ័យខ្ពស់ ព្រមទាំងបង្កើនកិច្ចសហការ ជាមួយម្ចាស់ទីតាំង និងប្រជាពលរដ្ឋ។ ២.ករណីមានលំនៅឋាន ឬទីតាំងជួល ត្រូវពិនិត្យអត្តសញ្ញាណអ្នកជួល ឯកសារផ្លូវច្បាប់របស់អ្នកជួល ធ្វើកិច្ចសន្យាជួលដោយមានការដឹងលឺពីប៉ុស្តិ៍នគរបាល និងមេឃុំ ចៅសង្កាត់ ត្រូវរាយការការណ៍អំពីជនបរទេសដែលស្នាក់នៅដើម្បីចុះក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស។ ៣.ត្រូវយកចិត្តទុកដាក់លើការទទួលព័ត៌មានពីប្រជាពលរដ្ឋ ការឆ្លើយតបចំពោះបញ្ហា និងការដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ទទួលខុសត្រូវ និងស្របតាមច្បាប់ជាធរមាន។ ៤.សន្តិសុខ និងសុវត្ថិភាព មិនមែនជាការទទួលខុសត្រូវរបស់សមត្ថកិច្ចតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់អាជ្ញាធរ ស្ថាប័ន អង្គភាព វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប។ ៥.ប្រជាពលរដ្ឋ ជាពិសេសមន្រ្ដីរាជការទាំងអស់ ចូលរួមអនុវត្តច្បាប់ មានស្មារតីប្រុងប្រយ័ត្ន និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបទល្មើស ឬសកម្មភាពគួរឱ្យសង្ស័យទៅអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់នេះឡើយ។ និង៦.ការចូលរួមរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយទប់ស្កាត់បទល្មើសមួយ ការពារទ្រព្យសម្បត្តិមួយ និងអាចជួយសង្គ្រោះជីវិតមនុស្សម្នាក់បាន។
ខ្ញុំសូមបញ្ជាក់ជូនថា៖ ចំពោះម្ចាស់ទីតាំង បើអនុវត្តមិនបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តទេ គឺមិនមានការលើកលែងទេ ត្រូវតែចាត់វិធានការផ្លូវច្បាប់ជាដាច់
ខាត។ បើមានតួនាទីជាមន្ត្រីរាជការទៀត គឺប្រឈមនឹងការអស់តំណែងតួនាទី ការបាត់បង់ក្របខ័ណ្ឌ ការចាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងឈានដល់ការបង្កកដកហូតទ្រព្យសម្បត្តិ និងជាប់ពន្ធធានាគារទៀតផង។ ក្នុងនាមអភិបាលខេត្ត នាងខ្ញុំមិនចង់ឃើញមន្ត្រីយើងណាម្នាក់មានបញ្ហាបែបនេះទេ ទើបយើងជួបជុំគ្នាពេលនេះដើម្បីនិយាយគ្នាឱ្យបានច្បាស់លាស់ ចៀសវាងពេលមានបញ្ហាកើតឡើង ឆ្លើយថាមិនបានដឹងឬថាថ្នាក់ដឹកនាំមិនបានផ្សព្វផ្សាយឱ្យបានច្បាស់លាស់។
ខ្ញុំសូមសំណូមពរដោយទទូច សូមមន្ត្រីយើងទាំងអស់ចៀសឱ្យឆ្ងាយពីការឃុបឃិត លាក់បាំងជួលផ្ទះឱ្យជនប្រព្រឹត្តបទល្មើស។ សូមកុំមើលឃើញផលប្រយោជន៍ជាធំហើយ
ឃុបឃិតប្រព្តឹត្តល្មើសច្បាប់ឱ្យសោះ។
ជាទីបញ្ចប់ ខ្ញុំសូមផ្តាំផ្ញើដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាព និងជាក់ស្តែងនៅមូលដ្ឋាន និងសូមបន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមរយៈការប្រជុំ វេទិកាសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបបានយល់ដឹងពីសិទ្ធិ កាតព្វកិច្ច និងវិធានការការពារខ្លួន។
នាងខ្ញុំមានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួម និងកិច្ចសហការរបស់យើងទាំងអស់គ្នា ខេត្តកោះកុងរបស់យើង នឹងកាន់តែមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងបរិយាកាសរស់នៅប្រកបដោយភាពកក់ក្តៅ សុខសាន្ត និងទំនុកចិត្ត។
-យើងត្រូវរួមគ្នា សម្អាតផ្ទះរបស់យើង !
-យើងរួមគ្នាទាក់ទាញវិនិយោគិនសេដ្ឋកិច្ចសមកកាន់ខេត្តកោះកុង !
ជាទីបញ្ចប់នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦












































































































