លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំ លោក លោកស្រី សមាជិកក្រុម ប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ ស្មៀនឃុំ ជំនួយការឃុំ ប្រជាការពារភូមិ ប្រជាពលរដ្ឋទាំង២ភូមិ ចូលរួមក្នុងកម្មវិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រោមអធិបតីភាព លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំគណៈប្រតិភូ និងមន្ត្រីនៃរដ្ឋបាលស្រុកកោះកុង ដើម្បីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទីទាល់ច្រក លំបាក ខ្វះខាត ចាស់ជរាគ្មានទីពឹង និងគ្រួសារងាយរងហានិភ័យ ដែលពិធីនេះបានប្រព្រឹត្តទៅដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅបំផុត ចំពោះកាយវិការ និងទឹកចិត្តដ៏ប្រពៃនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋាន ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ ក្នុងឱកាសនោះ គ្រឿងឧបភោគបរិភោគ និងស្បៀងអាហារចាំបាច់មួយចំនួន ត្រូវបានប្រគល់ជូនដៃបងប្អូន ដើម្បីជួយសម្រាលបន្ទុកជីវភាព និងជាការលើកទឹកចិត្តដល់ពួកគាត់ផងដែរ។
រដ្ឋបាលឃុំតាតៃក្រោម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលស្រុក និងក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះមកផ្តល់ស្នាមញញឹម និងកំដៅបេះដូងជូនដល់ប្រជាពលរដ្ឋក្នុងឃុំតាតៃក្រោមនាពេលនេះ៕
នៅវត្តពោធិគិរីមនោរម្យ ហៅវត្តតាតៃភូមិដូង ស្ថិតនៅភូមិអន្លង់វ៉ាក ឃុំតាតៃក្រោម ស្រុកកោះកុង។
តាតៃក្រោម ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦














