/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន ក្រុមការងារជំនាញនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត លេខាធិការដ្ឋាន ក្រុង ស្រុក និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនឃុំ សង្កាត់

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន ក្រុមការងារជំនាញនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត លេខាធិការដ្ឋាន ក្រុង ស្រុក និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនឃុំ សង្កាត់។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាការខិតខំរួមគ្នាក៏ដូចជាបំផុសនូវស្មារតីដឹងគុណយ៉ាងស្មោះស្ម័គ្រ និងជាការសម្តែងនូវកតញ្ញូតាធម៌ដ៏ឧត្តុង្គឧត្តមចំពោះគុណូបការៈដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតដើម្បីបុព្វហេតុជាតិគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្ររបស់មាតុភូមិកម្ពុជា ក៏ដូចជាឱ្យស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន មាណែត ជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយយោងតាមមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានផ្លាស់ប្តូរឈ្មោះពីសមាគម អតីតយុទ្ធជនកម្ពុជា(ស.អ.ក)ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា(អ.ន.ក) ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ និងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានរចនាសម្ព័ន្ធគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងប្រទេសផងដែរ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង ជាពិសេស លោក លោកស្រី នាងកញ្ញា ដែល បានប្រកាសទទួលស្គាល់ក្នុងថ្ងៃនេះរួមមាន សមាសភាពលេខាធិការដ្ឋាន ក្រុមការងារ ជំនាញនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត លេខាធិការ ដ្ឋាន អ.ន.ក.ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ត្រូវយកចិត្តដាក់លើការងារអតីត យុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនានា។
យើងទាំងអស់គ្នា ដែលជាអ្នកបន្តវេន កំពុងរស់នៅក្នុងភាពសុខសាន្ត មិនត្រូវ បំភ្លេចដាច់ខាតនូវសច្ចធម៌ប្រវត្តិសាស្ត្រ ដែលថាបងប្អូនអតីតយុទ្ធជនរបស់យើង គឺជាអ្នក ដែលបានយកដើមទ្រូងទៅធ្វើជាជញ្ជាំង ការពារជាតិ និងការពារទឹកដី យកសាច់ស្រស់ ឈាមស្រស់ទៅស្រោចស្រពលើខ្សែបន្ទាត់ព្រំដែនដើម្បីប្រឈមមុខទប់ទល់ និងបដិសេធន៍ ដាច់ខាតរាល់ឧបាយកល និងសកម្មភាពប៉ុនប៉ងរំលោភបំពានឈ្លានពានពីសំណាក់ សត្រូវខាងក្រៅ។ ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់ និងការប្រឈមមុខដាក់គ្នា យ៉ាងតានតឹងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន បងប្អូនយុទ្ធជនយើងបានឈរជើង យ៉ាងរឹងមាំដូចមហាកំផែងដែកថែប នៅតាមសមរភូមិជួរមុខ តាមព្រៃភ្នំ ក្រោមថ្ម និងតំបន់ដាច់ស្រយាលទាំងយប់ទាំងថ្ងៃ និងទទួលរងនូវការគំរាមកំហែងគ្រប់វិនាទីពី សត្រូវឈ្លានពាន។ បងប្អូនខ្លះបានពលីជីវិតចោលប្រពន្ធកូន សាច់ញាតិ និងខ្លះទៀត បានបាត់បង់សរីរាង្គ ប្រែជាមានពិការភាពជាប់ខ្លួនពេញមួយជីវិតនៅលើសមរភូមិ ដើម្បី ធានាការពារដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីមិនឱ្យមានការបាត់បង់សូម្បី តែមួយចំអាម។ យើងទាំងអស់គ្នាត្រូវទទួលស្គាល់ដោយស្មោះត្រង់ថា ទោះបីជាបច្ចុប្បន្ននេះស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន នៃភូមិសាស្ត្រខ្លះ(ជាពិសេសតំបន់ព្រំដែនជាប់ ប្រទេសថៃ) នៅតែមានភាពស្មុគស្មាញ មិនទាន់មានស្ថិរភាពពេញលេញ និងមិនទាន់ មានប្រសិទ្ធភាពនៃការគ្រប់គ្រងបានល្អយ៉ាងណាក៏ដោយ ប៉ុន្តែវីរភាពនិងការឈរជើង របស់បងប្អូនកាលពីអតីតកាល បានក្លាយជាគ្រឹះដ៏រឹងមាំ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល បច្ចុប្បន្នមានឱកាសបន្តជំរុញ ការការពារ និងការកសាងតំបន់ព្រំដែនជាជំហានៗ ប្រកបដោយការអត់ធ្មត់ និងភាពម៉ឺងម៉ាត់បំផុត។ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋគ្រប់រូប នឹងចងចាំជានិច្ច និងសូមលំឱនកាយវាចាចិត្ត គោរពដល់ព្រលឹងដួងវិញ្ញាណក្ខន្ធ និងគុណបំណាច់ដ៏ធំធេងឧត្តុងឧត្តមនេះជារៀងរហូត។
រាជរដ្ឋាភិបាលមិនដែលបំភ្លេច ឬបោះបង់ចោលបងប្អូន អតីតយុទ្ធជន និងមន្ត្រីរាជការម្តងណាឡើយ។ ជាក់ស្តែងក្នុងស្មារតីយកចិត្តទុកដាក់លើ សុខទុក្ខ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យស្របទៅនឹងការប្រែប្រួលនៃសេដ្ឋ កិច្ច រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តអនុវត្តការដំឡើងប្រាក់បៀវត្សជូនដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការកែសម្រួលដំឡើងប្រាក់របបសន្តិសុខសង្គម ប្រចាំខែជូនដល់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារ។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលបានផ្តល់ជូនប័ណ្ណថែទាំសុខភាព ប.ស.ស ជូនជនមាន ពិការភាព, និវត្តជន, និងជនបាត់បង់សមត្ថភាពការងារ ជាអតីតយុទ្ធជននិងអតីតមន្ត្រី រាជការស៊ីវិល និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនគ្រួសារជនពលី និងគ្រួសារជន មរណៈជាអតីតយុទ្ធជន ដើម្បីទៅព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យា ជាមួយ ប.ស.ស ដោយមិនបង់ប្រាក់។ នេះមិនមែនគ្រាន់តែជាការផ្តល់ថវិកាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីការផ្តល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការដឹងគុណតបស្នង វិញពីសំណាក់រដ្ឋចំពោះអ្នកដែលមានគុណបំណាច់លើកិច្ចការពារជាតិ មាតុភូមិ។

ទន្ទឹមនឹងនេះ ក្នុងនាមគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត រួមជាមួយក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បាននឹងកំពុងអនុវត្ត យ៉ាងសកម្មនូវយុទ្ធសាស្រ្តគន្លឹះ ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ ចំពោះបងប្អូន អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារដែលកំពុងជួបការលំបាកខ្លាំង គ្មានដីធ្លីបង្កបង្កើនផល និងគ្មានផ្ទះសម្បែងជាជម្រកពិតប្រាកដ។ យើងបាននឹងកំពុង ខិតខំស្វែងរកដីធ្លី រៀបចំជាភូមិអភិវឌ្ឍន៍អតីតយុទ្ធជន បូករួមទាំងការផ្តល់ដីសម្បទាន សង្គមកិច្ច និងការកសាងផ្ទះសង្គមកិច្ច ឬផ្ទះទេវតា ជូនបងប្អូនដោយឥតគិតថ្លៃ។
គោលបំណងធំធេងនៃគោលនយោបាយនេះ គឺដើម្បីធានាឱ្យបានដាច់ខាតថា «មិនត្រូវទុកឱ្យបងប្អូនអតីតយុទ្ធជនណាម្នាក់ រស់នៅក្នុងភាពអនាថា គ្មានទីពឹង និង គ្មានជម្រកសមរម្យនោះឡើយ»។ យើងទាំងអស់គ្នាត្រូវតែចូលរួមជួយឱ្យបងប្អូនមានដី បង្កបង្កើនផល មានផ្ទះសម្បែងរស់នៅប្រកបដោយភាពកក់ក្តៅ មានលទ្ធភាពបង្កើតមុខរបរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង និងមានភាពស្មើមុខស្មើមាត់ នៅក្នុងសង្គមជាតិ។

ដើម្បីបន្តលើកកម្ពស់សុខុមាលភាព ធានាបាននូវការផ្តល់សេវាគាំពារ និងការរក្សា កិត្តិយសជូនបងប្អូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារ ឱ្យកាន់តែ មានប្រសិទ្ធភាពទ្វេឡើង ក្នុងនាមប្រធានគណៈកម្មាធិការ អ.ន.ក ខេត្ត ខ្ញុំសូមធ្វើការ អំពាវនាវ និងដាក់ចេញនូវគោលការណ៍ការណែនាំដូចតទៅ៖
១. សមាសភាពលេខាធិការដ្ឋាន អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក ឃុំ សង្កាត់ ត្រូវសហការរៀបចំធ្វើបច្ចុប្បន្នភាពជូនសមាជិក អ.ន.ក ដែលមានស្រាប់ជាអតីតយុទ្ធជន មានដូចជា គ្រួសារពលី គ្រួសារមរណៈ និវត្តជន ជនពិការ ជនបាត់បង់សមត្ថការងារ និងចុះ ឈ្មោះថ្មីជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល សម្រាប់ជាសមាជិក អ.ន.ក តាមវិស័យ ស្របតាមការណែនាំរបស់ អ.ន.ក ថ្នាក់កណ្តាល ចាប់ពីពេលនេះតទៅឱ្យបានទាន់ពេល វេលា និងត្រូវធ្វើបច្ចុប្បន្នភាពគ្រប់មុខសញ្ញាឱ្យបានមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ។
២. សូមបញ្ជាក់ផងដែរដល់គណៈកម្មាធិការ អ.ន.ក ក្រុង ស្រុក និងសាខា អ.ន.ក ឃុំ សង្កាត់ ពេលចុះធ្វើបច្ចុប្បន្នភាពចំពោះចំណុចណាមិនយល់សូមទាក់ទង និងសហ ការជាមួយលេខាធិការដ្ឋាន អ.ន.ក.ខេត្ត និងសាខាមូលនិធិជាតិជំនួយសង្គម ។
៣. គ្រប់សមាសភាពទាំងអស់នៃ អ.ន.ក.ខេត្ត ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួនតាមរចនាសម្ព័ន្ធ ឋានានុក្រម ស្របទៅតាមសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅដែលមានស្រាប់តាំងពីថ្នាក់ខេត្ត ក្រុង ស្រុក រហូតដល់ថ្នាក់ ឃុំ សង្កាត់។
៤. មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវតែបង្កើនការយកចិត្ត ទុកដាក់ខ្ពស់បំផុត ក្នុងការចុះសួរសុខទុក្ខផ្ទាល់ដល់មូលដ្ឋាន តាមដានសុខភាព និងការ រស់នៅរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារ ដោយត្រូវផ្តល់ អាទិភាពខ្ពស់បំផុតដល់គ្រួសារពលី ជនមានពិការភាព និងអ្នកដែលធ្លាប់បានលះបង់នៅ លើសមរភូមិខ្សែបន្ទាត់ព្រំដែន ជាពិសេសការសម្របសម្រួល និងផ្តល់សេវាសាធារណៈ ឱ្យបានលឿន និងទាន់ពេលវេលា។
៥. ត្រូវផ្សព្វផ្សាយទៅគ្រប់ស្រទាប់យុវជន និងប្រជាពលរដ្ឋគ្រប់រូប ឱ្យខិតខំរៀន សូត្រឱ្យបានជ្រៅជ្រះ ពីស្មារតីស្នេហាជាតិ មាតុភូមិដ៏មោះមុតរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងត្រូវរួមគ្នាសាមគ្គីជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ក្នុងការ ចូលរួមការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ទោះជាស្ថិតក្នុងតម្លៃ ណាក៏ដោយ។
៦. សូមធ្វើការផ្សព្វផ្សាយបន្តទៅដល់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារ ឱ្យរក្សានូវស្មារតីវីរភាពដ៏ឧត្តុង្គឧត្តមនិងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ ជាតិមាតុភូមិ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ ទោះបីជាស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ សូមបន្តអប់រំកូនចៅ ជំនាន់ក្រោយឱ្យស្រឡាញ់ទឹកដី ស្រឡាញ់សន្តិភាព និងធ្វើជាបង្អែកដ៏រឹងមាំ ក្នុងការចូលរួមថែរក្សាការពារអធិបតេយ្យភាពជាតិឱ្យបានគង់វង្សជានិរន្តរ៍ ដោយ រាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណ បំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនគ្រប់រូបចំពោះជាតិមាតុភូមិ ជាទី ស្នេហានៃយើង។
ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    17/08/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចូលរួមក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន ក្រុមការងារជំនាញនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត លេខាធិការដ្ឋាន ក្រុង ស្រុក និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនឃុំ សង្កាត់ ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង នៅសាលមហោស្រពខេត្ត។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    17/08/2026

    លោក ប៉ រ៉ានី នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយក្រុមល្បាតសហគមន៍នេសាទសាលាម្នាង ចេញប្រតិបត្តិការត្រួតពិន្យបទល្មើសជលផលស្ថិតក្នុងដែនសហគមន៍នេសាទសាលាម្នាង

  • រដ្ឋបាលស្រុកថ្មបាំង/
    17/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាព លេខាធិការដ្ឋាន អ.ន.ក ខេត្ត ក្រុមជំនាញរបស់ គណៈកម្មាធិការ អ.ន.ក ខេត្ត លេខាធិការ អ.ន.ក ក្រុង ស្រុក និងប្រធាន អនុប្រធាន សាខា អ.ន.ក ឃុំ សង្កាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    17/08/2026

    ក្រោមការចង្អុលបង្ហាញពីលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានដឹកនាំក្រុមការងារស្រុក លោកមេឃុំកោះស្ដេច អាជ្ញាធរភូមិ មន្ត្រីពាក់ព័ន្ធ ព្រមទាំងកង័កម្លាំង ចុះផ្សព្វផ្សាយពីច្បាប់ស្តីពីផ្លូវថ្នល់ និងអនុវត្តវិធានរដ្ឋបាល លើសំណង់ រោង កញ្ចុះ ដែលគ្មានរបៀបរៀបរយ លើអូរ ប្រឡាយ និងចំណីផ្លូវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    17/08/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ រួមទាំងលោកមេឃុំនៃស្រុកគិរីសាគរ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន អ.ន.ក ខេត្ត ក្រុមជំនាញរបស់គណៈកម្មាធិការ អ.ន.ក ខេត្ត លេខាធិការ អ.ន.ក ក្រុង ស្រុក និងប្រធាន អនុប្រធាន សាខា អ.ន.ក ឃុំសង្កាត់

  • ហេង គីមឆន/
    17/08/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម អគ្គានុរក្សថ្នាក់លេខ៣ ទេស សាឡាត់ អនុប្រធានពន្ធនាគារខេត្ដកោះកុង