លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិឆ្នាំ២០២៥
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃដ៏វិសេសវិសាលក្រៃលែង ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិត ជាមានសេចក្តីសោមនស្សរីករាយបំផុត ដោយបានទទួលស្វាគមន៍ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ ដែលបានអញ្ជើញជាអធិបតី និងក៏សូមស្វាគមន៍នូវវត្តមាន ប្រតិភូអមដំណើរវិទ្យាស្ថានជាតិស្ថិត ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលបានអញ្ជើញចូលរួមក្នុង ពិធីប្រកាសផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិ ឆ្នាំ២០២៥ របស់ ខេត្តកោះកុង នាឱកាសនេះ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ នាងខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូន ឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសមាជិក សមាជិកានៃអង្គពិធីទាំងមូល បានជ្រាបដោយសង្ខេប អំពីភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្កានុពលនៃខេត្តកោះកុងដូចតទៅ ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតី នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រថៃ និងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។ ខេត្តកោះកុង មានផ្ទៃដីសរុបចំនួន ១០.០៤៥,៥៨គ.ម២ ចែកជា១ក្រុង(៣សង្កាត់) ៦ស្រុក(២៦ឃុំ) និងមានភូមិសរុបចំនួន១១៩ភូមិ។ នៅទូទាំងខេត្តមានគ្រួសារសរុបចំនួន ៣៦.៨៣៩គ្រួសារ មានប្រជាជនសរុបចំនួន ១៥៨.៧៥៦នាក់ ក្នុងនោះស្រីចំនួន ៧៩.៨៤៩នាក់ និងមានដង់ស៊ីតេប្រជាជន១៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ អត្រាភាពក្រីក្រក្នុងកម្រិត ៤.៨២% ក្នុងឆ្នាំ២០២៥។ បច្ចុប្បន្នប្រជាពលរដ្ឋប្រមាណ ៤៨,៧% ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្មដែលជាវិស័យ ចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ វិស័យសេវាកម្មនិងពាណិជ្ជកម្មប្រមាណ ៥១% និង វិស័យសិប្បកម្មឧស្សាហកម្មនិងមុខរបរបន្ទាប់បន្សំ ០,៣%។ ផលិតផលក្នុងស្រុកសរុប (GDP)ខេត្ត មានទំហំប្រមាណ ៤៧១,៤លានដុល្លារ ចំណូលមធ្យមសម្រាប់ប្រជាជនម្នាក់ៗ ២.៧៧៣ ដុល្លារ ឆ្នាំ២០២៥។ ផ្អែកលើស្ថានភាពភូមិសាស្ត្រ និងសក្តានុពលធម្មជាតិដ៏មានអំណោយផល បានបង្កលក្ខណៈ ងាយស្រួលដល់ខេត្តកោះកុងក្នុងការកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន។ ក្នុងនោះ ខេត្តមានផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចផ្លូវបំបែកស្រែអំបិល មកដល់ក្រុងខេមរភូមិន្ទ ប្រវែង១៤៨ គីឡូម៉ែត្រ ត្រូវបានជួសជុលកែលម្អលើកកម្ពស់កម្រិតគុណភាពផ្លូវ ព្រមទាំងផ្លូវជាតិលេខ១០ ប្រវែង ១៩៨គីឡូម៉ែត្រ ដែលតភ្ជាប់ខេត្តចំនួនបី គឺខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដោយផ្លូវជាតិទាំង២ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់បំផុត ក្នុងការរួមចំណែករុញច្រានកំណើនសេដ្ឋកិច្ចខេត្ត និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ខេត្តកោះកុង ក៏មានសមិទ្ធផល និងសក្តានុពលសេដ្ឋកិច្ច-ទេសចរណ៍សំខាន់ៗជាច្រើន ទៀតរួមមាន៖ តំបន់ធម្មជាតិដ៏ស្រស់ត្រកាលដែលគ្របដណ្តប់ដោយព្រៃភ្នំ និងភូមិសាស្ត្រប្រកបដោយប្រព័ន្ធអេកូឡូស៊ី, តំបន់អេកូទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតំបន់ព្រៃកោងកាងទំហំ ១២.០០០ ហិកតា, តំបន់កោះទាំង២៨ ដែលមាន ក្រុមហ៊ុនវិនិយោគចំនួន១១ក្រុមហ៊ុន, និងតំបន់ឆ្នេរសមុទ្រមានប្រវែង ២១៧គីឡូម៉ែត្រ លាតសន្ធឹងពីចំណុចជ្រោយស្វាយស្រុកស្រែអំបិល រហូតដល់ចំណុចចាំយាមស្រុកមណ្ឌលសីមា ស្មើនឹង៤៩% នៃប្រវែងឆ្នេរសមុទ្រសរុប ៤៤០គីឡូម៉ែត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ខេត្តកោះកុង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥កន្លែង បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន១៤.២២៤នាក់ ដោយទទួលបានប្រាក់ចំណូលជាមធ្យម ៣១១ដុល្លារក្នុងមួយខែ, មានទំនប់វារីអគ្គិសនីធំៗចំនួន៦កន្លែង, រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអានុភាព៩០០មេហ្គាវ៉ាត់, ព្រមទាំងតំបន់វិស្សមកាលតារាសាគរកោះស្តេច ដែលអមដោយទីលានវាយកូនហ្គោលខ្នាតអន្តរជាតិ, សណ្ឋាគារ,បឹងហ្គាឡូ, ព្រលានយន្តហោះខ្នាតអន្តរជាតិ, គម្រោងឈូងសមុទ្រឡងបេយ៍,និងកំពង់ផែសមុទ្រទឹកជ្រៅផងដែរ។
រដ្ឋបាលខេត្តកោះកុង តែងតែយកចិត្តទុកដាក់ជាប្រចាំ ក្នុងការទាញយកសក្តានុពលទាំងអស់ នេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ ធានាឱ្យបាននូវការផ្តល់ សេវាសាធារណៈ សុខាភិបាល អប់រំ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយប្រសិទ្ធភាព និងភាពឆ្លើយតបទាន់ពេលវេលា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងកែវភ្នែកប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
អង្គពិធីទាំងមូលជាទីគោរព ! កន្លងមករដ្ឋបាលខេត្តមានទិន្នន័យមួយចំនួនដូចជា ឯកសារព័ត៌មានស្ថានភាពស្តីពីសេដ្ឋកិច្ច សង្គមកិច្ចខេត្ត តារាងព័ត៌មានពិន្ទុវិស័យរបស់ខេត្ត ដែលផលិតដោយមន្ទីរផែនការខេត្ត និងបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ និងព័ត៌មានផ្សេងៗទៀតរបស់មន្ទីរ អង្គភាពជំនាញសម្រាប់ប្រើប្រាស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល និងសម្រាប់ធ្វើ សេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីអភិវឌ្ឍខេត្តឱ្យកាន់មានប្រសិទ្ធភាព។ ការគណនាផលិតផលក្នុងស្រុកសរុប(GDP)របស់ខេត្ត គឺជាគោលបំណងដ៏សំខាន់មួយទៀត ដែលរដ្ឋបាលខេត្ត ទន្ទឹងរងចាំជាយូរណាស់មកហើយ។ ទិន្នន័យប្រមូលបានពីបណ្តាមន្ទីរ អង្គភាព និងវិស័យឯកជន ផ្ដល់តាមរយៈមន្ទីរផែនការខេត្ត ជូនទៅនាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួង ផែនការ ដើម្បីធ្វើការគណនានិងវិភាគចេញជាលទ្ធផលសម្រាប់ថ្ងៃនេះ គឺពិតជាមានសារសំខាន់ យ៉ាងខ្លាំងសម្រាប់ការបំពេញបន្ថែមនូវព័ត៌មានជាក់លាក់ក្នុងការអភិវឌ្ឍខេត្ត។ លើសពីនេះទៅទៀត លទ្ធផលនៃការគណនានេះ ពិតជាបានធ្វើឱ្យខេត្ត ដឹងអំពីទំហំសេដ្ឋកិច្ច ចំណូល ចំណាយរបស់ខេត្ត និងចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗក្នុងខេត្ត ការវាស់វែងអតិផរណាក្នុងខេត្ត ដែលជាព័ត៌មាន មិនអាចខ្វះបាន សម្រាប់ខេត្តធ្វើការទាក់ទាញអ្នកវិនិយោគិន និងការរៀបចំគោលនយោបាយ ផ្សេងៗទៅថ្ងៃអនាគត។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏មានសារសំខាន់នេះ ខ្ញុំសូមគោរពថ្លៃងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សា ភិបាលវិទ្យាស្ថានជាតិស្ថិតិ ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ដឹកនាំគណៈប្រតិភូ និងមន្រ្តីជំនាញ មកធ្វើការ ប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ឆ្នាំ២០២៥ ខេត្តកោះកុង ជាពិសេស នាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលបានសហការគាំទ្រផ្នែកបច្ចេកទេសផលិតចេញនូវឯកសារដ៏មានសារសំខាន់នេះ និងក៏សូមថ្លែងអំណរគុណ ទៅដល់មន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត ដែលជាសមាជិកគណៈកម្មការប្រមូលទិន្នន័យ ចងក្រង ផលិតផលក្នុងស្រុកសរុប(GDP)ខេត្ត ដែលបានខិតខំរួមសហការផ្តល់ធាតុចូលទាំងឡាយសម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាចេញជាលទ្ធផលដែលមិនអាចខ្វះបាននាពេលនេះ។ ខ្ញុំសូមស្នើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ សហការជាមួយមន្ទីរផែនការខេត្តបន្តទៀត ដើម្បីផ្តល់ទិន្នន័យ សំខាន់ៗដែលជាប្រយោជន៍សម្រាប់ការគណនាផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៦ និងបន្តផ្តល់ទិន្នន័យទាំងនោះជាបន្តទៀត ជារៀងរាល់ចុងឆ្នាំនីមួយៗ។
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦




























































































