លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ សូមសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង នាពេលនេះ។
វត្តមានដ៏ថ្លៃថ្លារបស់ លោកជំទាវ រដ្ឋមន្ត្រី និងគណៈប្រតិភូ នាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ចំពោះការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការដឹកនាំ សំដៅលើកកម្ពស់វិស័យ ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅលើទឹកដីខេត្តកោះកុងយើងខ្ញុំ។
លោកជំទាវ រដ្ឋមន្ត្រី ជាទីគោរព ! អង្គពិធីទាំងមូល ជាទីមេត្រី! ខេត្តកោះកុង ជាខេត្តមួយដែលស្ថិតនៅប៉ែកនិរតីនៃកម្ពុជា ដែលពីមុនបានគេចាត់ទុកជាខេត្តមួយនៅឆ្ងាយដាច់ស្រយ៉ាល ប៉ុន្តែបច្ចុប្បន្នកោះកុងគឺជាខេត្តដែលមានការអភិវឌ្ឍដ៏មានសក្តានុពលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងសេវាកម្ម ដោយស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អគួរជាទីមោទនៈ។ កោះកុង មានផ្លូវជាតិតភ្ជាប់ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ចំនួនពីរខ្សែគឺផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ មានតំបន់វិស្សមកាលតារាសាគរ មានទីលានវាយកូនហ្គោលដ៏ទំនើប មានអាកាសយានដ្ឋានអន្តរជាតិ មានកំពង់ផែទឹកជ្រៅ មានសក្តានុពលទេសចរណ៍ ធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលកំពុងអភិវឌ្ឍជាបន្តបន្ទាប់។ សក្តានុពលទាំងនេះ បានបង្កើតឱកាសដ៏ធំធេងសម្រាប់ការពង្រីកវិស័យពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងឡូជីស្ទិក ព្រមទាំងភស្តុភារកម្ម។ ការរីកចម្រើននៃវិស័យពាណិជ្ជកម្ម គឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដោយបានបង្កើតឱកាសការងារ លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ពង្រឹងសមត្ថភាពប្រកួតប្រជែង និងភ្ជាប់ខេត្តកោះកុងទៅនឹងទីផ្សារជាតិ និងអន្តរជាតិ។ ក្នុងន័យនេះ មន្ទីរពាណិជ្ជកម្មខេត្ត មានតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ការសម្របសម្រួលជាមួយវិស័យឯកជន ការជំរុញផលិតផលក្នុងស្រុក និងការពារផលប្រយោជន៍អ្នកប្រើប្រាស់។
នាងខ្ញុំ សូមយកឱកាសនេះ សម្តែងនូវការអបអរសាទរ ចំពោះ លោក ឃី វុធ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ហើយដែលកំពុងប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែងនាឱកាសនេះ។ ជាមួយនឹងការអបអរសាទរចំពោះការចូលកាន់មុខតំណែងរបស់លោក ឃី វុធ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះមន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុងទាំងអស់ ដែលកន្លងមកបានសហការ បំពេញតួនាទី ភារកិច្ច បានល្អប្រសើរ ធ្វើឱ្យមន្ទីរអាចបំពេញបាននូវសេចក្តីត្រូវការ និងបម្រើសេវានានាជូនប្រជាពលរដ្ឋ ក្នុងខេត្តរបស់យើងដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍របស់លោក សាលីម ហ្វារីត នាពេលអំបាញ់មិញនេះ ។ លទ្ធផលទាំងនេះ ពិតជាមិនអាចផ្តាច់ចេញពីការរួមចំណែកយ៉ាងធំធេងពីសំណាក់លោក សាលីម ហ្វារីត អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដែលត្រូវបានចូលនិវត្តន៍នាពេលកន្លងមក។
អង្គពិធីទាំងមូល ជាទីគោរព! នាងខ្ញុំ សូមជូននូវការកត់សម្គាល់ដ៏សំខាន់មួយពាក់ព័ន្ធនឹងកាលបរិច្ឆេទប្រកាសប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងរបស់យើង។ នាងខ្ញុំអាចនិយាយថាជាការចៃដន្យ ឬជានិស្ស័យល្អ ក្នុងការបន្តវេនដឹកនាំ របស់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងក្នុងពីរជំនាន់បន្តមកនេះ នោះគឺការប្រកាស ចូលកាន់តំណែងរបស់លោក សាលីម ហ្វារីត បន្តពីលោក អ៊ុក សារិទ្ធ បានរៀបចំពិធីប្រកាសនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ហើយថ្ងៃនេះ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ យើងក៏រៀបចំពិធីប្រកាសលោក ឃី វុធ បន្តពីលោក សាលីម ហ្វារីត ពោលគឺរៀបចំនៅថ្ងៃទី៣ ខែសីហា ដូចគ្នា ដែលគិតមកដល់ថ្ងៃនេះគឺរយៈពេល៦ឆ្នាំគត់តែម្តង ។
នាងខ្ញុំមានជំនឿយ៉ាងមុតមាំថា លោក ឃី វុធ ពិតជានាំមកនូវចំណេះដឹង បទពិសោធន៍ និងសមត្ថភាពដឹកនាំរបស់ខ្លួន ដើម្បីបន្តប្រពៃណីដឹកនាំល្អ របស់លោក សាលីម ហ្វារីត ក្នុងការអភិវឌ្ឍមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការប្តេជ្ញាចិត្តរបស់ខ្លួន។
រដ្ឋបាលខេត្តកោះកុង នឹងខិតខំសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ការកែលម្អបរិយាកាសធុរកិច្ច ការទាក់ទាញវិនិយោគ ការពង្រីកទីផ្សារផលិតផលក្នុងស្រុក និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំ។ យើងនឹងបន្តលើកកម្ពស់កិច្ចសហការ រវាងរដ្ឋ និងវិស័យឯកជន បង្កើនប្រសិទ្ធភាពសេវាសាធារណៈ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវា និងរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល សំដៅ ធ្វើឱ្យខេត្តកោះកុងក្លាយជាគោលដៅវិនិយោគ និងពាណិជ្ជកម្មដ៏មានសក្តានុពល។
នាងខ្ញុំសូមអំពាវនាវដល់មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តទាំងអស់ នឹងបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង វិន័យការងារ និងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរថ្មី៕
ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦








































































































