លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំមន្រ្ដីក្រោមឱវាទចូលរួម ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ដែលប្រព្រឹត្តនៅថ្ងៃទី១៣ និង១៤ ខែកក្កដា ឆ្នាំ២០២៦ សាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិធីនេះបានផ្តោតសំខាន់លើការជំរុញការកែទម្រង់ និងការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ព្រមទាំងការពង្រឹងគុណភាព ប្រសិទ្ធភាព វិន័យការងារ ការទទួលខុសត្រូវ និងការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈ។
ការវាយតម្លៃ និងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាយន្តការដ៏សំខាន់ក្នុងការជំរុញឱ្យអង្គភាពនីមួយៗបន្តខិតខំអភិវឌ្ឍខ្លួន ពង្រឹងការគ្រប់គ្រង លើកកម្ពស់គុណភាពសេវា និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនេះដែរក្នុងនាមជាថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ សូមអបអរសាទរចំពោះអង្គភាពជ័យលាភីទាំងអស់ និងសូមបន្តរួមគ្នា ពង្រឹងសាមគ្គីភាព និងខិតខំអភិវឌ្ឍគុណភាពសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។
ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
July 14, 2026








