/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យពូនភ្នំទុរេនសាមគ្គី ដែលរៀបចំឡើងនៅបរិវេណវត្តសិលាមុន្នីគិរីរង្សី (វត្តថ្មបាំងលើ) ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យពូនភ្នំទុរេនសាមគ្គី ដែលរៀបចំឡើងនៅបរិវេណវត្តសិលាមុន្នីគិរីរង្សី (វត្តថ្មបាំងលើ) ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍ថា ខេត្តកោះកុង ជាខេត្តស្ថិតនៅប៉ែកនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានភូមិសាស្ត្រសម្បូរបែប រួមមានខ្ពង់រាប ជួរភ្នំក្រវាញ និងតំបន់ទំនាបជាប់ឆ្នេរសមុទ្រ ដែលមានខ្សែឆ្នេរសមុទ្រវែងជាងគេក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤។ ទន្ទឹមនឹងនេះ ខេត្តកោះកុងក៏ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាខេត្តអេកូទេសចរណ៍ដ៏មានសក្តានុពល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
លោកជំទាវបានបញ្ជាក់ថា ក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង មានសក្តានុពលខុសៗគ្នាលើវិស័យសេដ្ឋកិច្ច និងសង្គម។ ដោយឡែក ស្រុកថ្មបាំង ត្រូវបានស្គាល់ថាជាគោលដៅទេសចរណ៍បៃតង (Green Season) និងទេសចរណ៍បែបផ្សងព្រេង ដោយមានតំបន់អារ៉ែង និងជីផាត ជាតំបន់ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។ ពីស្រុកដែលធ្លាប់ដាច់ស្រយាល និងមិនសូវមានអ្នកស្គាល់ បច្ចុប្បន្នថ្មបាំងបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្រៅពីសក្តានុពលទេសចរណ៍ ស្រុកថ្មបាំងក៏មានដីមានជីវជាតិ សមស្របសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ទេសចរណ៍។ ដំណាំសាវម៉ាវ មង្ឃុត ល្ហុង ចេក កៅស៊ូ និងជាពិសេស ទុរេន បានក្លាយជាដំណាំដ៏មានតម្លៃ ទទួលបានការទទួលស្គាល់ពីគុណភាព និងរសជាតិ ព្រមទាំងមានការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
លោកជំទាវអភិបាលខេត្តបានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ សហគមន៍ អាជ្ញាធរមូលដ្ឋាន និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមសេចក្តីរាយការណ៍របស់លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អង្គពិធីបានជ្រាបអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការរីកចម្រើនលើវិស័យកសិកម្ម និងទេសចរណ៍ក្នុងមូលដ្ឋាន។ ក្នុងនាមរដ្ឋបាលខេត្ត លោកជំទាវបានថ្លែងកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាកសិករទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់ការដាំដុះទុរេន រហូតក្លាយជាដំណាំមានសក្តានុពល និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងស្រុកថ្មបាំងផ្ទាល់។
ជាមួយគ្នានេះ លោកជំទាវបានសម្តែងក្តីសង្ឃឹមថា ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ស្រុកថ្មបាំង ដើម្បីអបអរសាទរទិន្នផលកសិកម្ម ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា កម្សាន្ត និងភ្លក់រសជាតិទុរេនថ្មបាំងកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនឹងនេះ លោកជំទាវបានស្នើឱ្យរដ្ឋបាលស្រុក បន្តរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ និងស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរពាណិជ្ជកម្ម រៀបចំឱ្យ ទុរេនថ្មបាំង ទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដើម្បីបង្កើនតម្លៃផលិតផល និងពង្រីកការប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។
លោកជំទាវក៏បានណែនាំដល់រដ្ឋបាលស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍អេកូទេសចរណ៍ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារបរិស្ថាន អនាម័យ និងគ្រប់គ្រងសំណល់ឱ្យបានល្អ ព្រមទាំងរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ ជាពិសេស ត្រូវរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានអវិជ្ជមាន ដែលអាចប៉ះពាល់ដល់កិត្តិយស និងការអភិវឌ្ឍវិស័យទេសចរណ៍របស់ស្រុកថ្មបាំង និងខេត្តកោះកុងទាំងមូល៕
ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តសិលាមុន្នីគិរីរង្សី (វត្តថ្មបាំងលើ) ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

  • ហេង គីមឆន/
    11/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំបដិសណ្ឋាកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមពិធីបុណ្យសពកុមារី ឈ្មោះ តាន់ លីហ័រ ភេទ ស្រី អាយុ ៧ឆ្នាំ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាម ស្ថិតនៅភូមិកោះស្ដេច

  • ហេង គីមឆន/
    11/07/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាអគារពិនិត្យនិងព្យាបាលអ្នកជំងឺ នៅមណ្ឌលសុខភាពអូរជ្រៅ នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងកំពង់សោម

  • ហេង គីមឆន/
    11/07/2026

    សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង ធ្វេីយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធទូរទាត់KHQR និងជម្រុងការប្រេីប្រាស់ប្រាក់រៀល

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/07/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក មេឃុំ និងស្មៀនឃុំទាំងបួន បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសចូលកាន់តំណែងនាយករដ្ឋបាលសាលាខេត្តកោះកុង