/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាល សាលាខេត្តកោះកុង

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាល សាលាខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ជាបឋម ខ្ញុំសូមសម្តែងនូវការអបអរសាទរ ចំពោះ លោក អ៊ូច ទូច ដែលត្រូវ បានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ផ្តល់ទំនុកចិត្ត សម្រេចតែងតាំង ជានាយករដ្ឋបាល សាលាខេត្តកោះកុង ហើយ ដែលកំពុងប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះ។
ជាមួយនឹងការអបអរសាទរចំពោះការចូលកាន់មុខតំណែងរបស់លោក អ៊ូច ទូច នាងខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសសើរដោយស្មោះ ចំពោះមន្ត្រីរាជការ ចំណុះសាលាខេត្តទាំងអស់ ដែលកន្លងមកបានសហការបំពេញតួនាទី ភារកិច្ច បានល្អប្រសើរ ធ្វើឱ្យរដ្ឋបាលខេត្តអាចបំពេញ បាននូវសេចក្តីត្រូវការ និងបម្រើសេវានានា ជូនប្រជាពលរដ្ឋ ក្នុងខេត្តរបស់យើង។ លទ្ធផលទាំងនេះ ក៏មិនអាចផ្តាច់ចេញពីការរួម ចំណែកយ៉ាងច្រើនពីសំណាក់លោក លឹម សាវាន់ អតីតនាយករដ្ឋបាល ដែលលោក បានធ្វើជាសេនាធិការ ជូនថ្នាក់ដឹកនាំខេត្ត ក្នុងតួនាទី ជានាយករដ្ឋបាលរយៈពេល ៧ ឆ្នាំកន្លងមក។
ជាគោលការណ៍ រាល់ការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រង របស់ មន្ត្រីរាជការ គឺត្រូវធ្វើឡើងផ្អែកលើគោលការណ៍ ប្រសិទ្ធភាព ប្រសិទ្ធផល ពិគ្រោះយោបល់ តម្លាភាព គណនេយ្យភាព សមធម៌ យុត្តិធម៌ អព្យាក្រឹតភាព ស្របតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។ ដោយឡែកការតែងតាំង មុខតំណែង គ្រប់គ្រង នៃរចនាសម្ព័ន្ធរដ្ឋបាលខេត្ត គឺត្រូវគោរពគោលការណ៍សំខាន់ៗរួមមាន៖ ជាមន្ត្រីដែលមានឧបនិស្ស័យ និងគុណសម្បត្តិស័ក្តិសម ដែលមានសមត្ថភាព បទពិសោធន៍ការងារ ការទទួលខុសត្រូវ សីលធម៌ល្អ និងសុខភាពល្អ ជាមួយគ្នានេះ ក៏ត្រូវផ្អែកលើ មុខតំណែងទំនេរ ទំហំការងារ ផលិតភាពការងារ គុណផលការងារ ឬ ហៅថាសម្មតិកម្ម ទំហំថវិកា និងការធានាបាននូវនិរន្តរភាពការងារ ក្នុងអង្គភាពផង ដែរ។ ហេតុនេះការផ្លាស់ប្តូរតួនាទីមន្ត្រីរាជការគឺជាបញ្ហាធម្មតា ក្នុងដំណើរការរដ្ឋបាល ជាពិសេសដើម្បីធានាបានប្រសិទ្ធិភាព ការងារក្នុងអង្គភាពរដ្ឋបាលនីមួយៗ។
ខ្ញុំក៏សូមយកឱកាសនេះ ជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា លោក អ៊ូច ទូច ធ្លាប់បំពេញតួនាទី ជានាយករដ្ឋបាលសាលាខេត្តកោះកុង នាពេលកន្លងមក ក្នុងអាណត្តិរបស់ឯកឧត្តម ប៊ុន លើត ជាអភិបាលខេត្ត និងបន្តរយៈ ១ឆ្នាំកន្លះ ក្នុងអាណត្តិលោកជំទាវ មិថុនា ភូថង។ តែនៅចុងឆ្នាំ២០១៨ លោកត្រូវបានផ្លាស់ប្តូរទៅបំពេញតួនាទី ជាប្រធានមន្ទីរធម្មការ និងសាសនាខេត្ត រហូតដល់ពេលនេះ លោកទទួលបានការទុកចិត្ត ពីថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានផ្តល់ឱកាសឱ្យទទួលមុខតំណែង ជានាយករដ្ឋបាល សាលាខេត្តកោះកុង ជាថ្មីម្តងទៀត។
ជាមួយនឹងការផ្តល់ទំនុកចិត្តឱ្យកាន់តួនាទីនេះ នាងខ្ញុំ សូមណែនាំបន្ថែមដល់ លោក នាយករដ្ឋបាលថ្មី នូវចំណុចសំខាន់ៗដូចខាងក្រោម៖
១.ត្រូវខិតខំអនុវត្ត តួនាទីភារកិច្ច ក្នុងនាមជាជំនួយការឱ្យអភិបាលខេត្ត គណៈ អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តឱ្យបានល្អប្រសើរ ដូចដែលបានប្តេជ្ញាចិត្តមុននេះ។
២.ក្នុងតួនាទី ជាជំនួយការ ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ ពន្លឿនការផ្តល់សេវាគ្រប់ប្រភេទការងារ ជាពិសេស គោរព ឱ្យបាននូវគោលការណ៍ណែនាំនានា ជាធរមាន ក៏ដូចជាការណែនាំរបស់ក្រុមប្រឹក្សា ខេត្ត និងគណៈអភិបាលខេត្ត។
៣.ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងចំណោមមន្ត្រីក្រោមឱវាទ ទាំង នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក៏ដូចជា មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាចំណុះសាលាខេត្តទាំងអស់។
៤.រក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីរាជការ ភាពថ្លៃថ្នូរក្នុងការបំពេញ តួនាទី ភារកិច្ច ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ មន្ត្រីជាអ្នកបម្រើ ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។
៥.ត្រូវពិនិត្យ និងផ្តល់អន្តរាគមន៍ ពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ រួមជាមួយ ការលើកទឹកចិត្ត ជូនរង្វាន់ លើកសសើរ ចំពោះមន្ត្រីណា ដែលបំពេញតួនាទីបានល្អ ប៉ុន្តែត្រូវម៉ឺងម៉ាត់ ក្នុងការដាក់វិន័យចំពោះមន្ត្រីណា ដែលមិនបានអនុវត្តតួនាទី ឬអនុវត្តខុសឆ្គង ក្នុងតួនាទីរបស់ខ្លួន ដោយត្រូវអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះ ក្អែល ព្យាបាល និងវះកាត់”។
អង្គពិធីទាំងមូលជាទីមេត្រី ! ក្នុងឱកាសនៃការជួបជុំនេះផងដែរ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាព និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានគាំទ្រ សហការ ជួយជ្រោមជ្រែងឱ្យនាងខ្ញុំផ្ទាល់អាចរួមចំណែកដឹកនាំខេត្តកោះកុង ទទួល បានលទ្ធផល គួរឱ្យកត់សម្គាល់ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍កិច្ចការព្រំដែន និងការងារគ្រប់គ្រងមន្ត្រី ព្រមទាំងការងាររដ្ឋបាលទូទៅ នៅសាលាខេត្តផងដែរ។

ខ្ញុំសូមជម្រាបជូនថា នៅពេលដ៏ឆាប់ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពសាខាជុំវិញខេត្ត នៅខេត្តកោះកុងរបស់យើង។ ដើម្បីជាការធ្វើបដិសណ្ឋារកិច្ច ចំពោះ តេជោ បិតាសន្តិភាព នៃកម្ពុជា ខ្ញុំសូមណែនាំចំពោះ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តការងារ ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ដោយត្រូវ យកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗរួមមាន ៖
១-ត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយចាត់តាំងអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងត្រូវយក ចិត្តទុកដាក់ធ្វើការ ផ្សព្វផ្សាយ អប់រំ ណែនាំជាប្រចាំ ចំពោះការទុកដាក់សំរាម ការថែរក្សាអនាម័យ បរិស្ថានសាធារណៈឱ្យបានល្អប្រសើរ។
២-បន្តយកចិត្តទុកដាក់ ដោះស្រាយ សំណើ សំណូមពររបស់ប្រជាជនក្នុង មូលដ្ឋានទាំងសេវាសាធារណៈ និងសេវារដ្ឋបាល ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ និងត្រូវមានស្មារតី ចងចាំថា “មន្ត្រីជាអ្នកបម្រើដ៏ស្មោះត្រង់ របស់ប្រជាជន”។
៣-កន្លងមកយើងមានប្រកាសអន្តរក្រសួង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុនិងក្រសួងមហាផ្ទៃស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ។ ក្នុងប្រការ២នៃប្រកាសអន្តរក្រសួងនេះ បានចែងអំពីសិទ្ធិក្នុងការដាក់ចេញនូវដីកា ដើម្បីកំណត់តម្លៃសេវា រដ្ឋបាលជាក់ស្តែង សម្រាប់ប្រតិបត្តិ ក្នុងដែនសមត្ថិកិច្ចរបស់ខ្លួន។ ប៉ុន្តែតាមរបាយការណ៍របស់អង្គភាពច្រកចេញចូលតែមួយ បញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានក្រុង ស្រុកណាមួយ បានចេញដីកានេះនៅឡើយ។
ខ្ញុំសូមស្នើនាយករដ្ឋបាលក្រុង ស្រុក ធ្វើជាសេនាធិការជូនគណៈអភិបាលនិង ក្រុមប្រឹក្សាក្រុង ស្រុកដើម្បីដាក់ចេញដីកា ឱ្យបានឆាប់រហ័សហើយគោរពឱ្យបាននូវ ខ្លឹមសារណែនាំ ក្នុងប្រកាសនេះ ជាពិសេសត្រូវពិនិត្យលទ្ធភាពក្នុងការលើកលែង យកតម្លៃ ឬកំណត់តម្លៃទាបបំផុត ទៅតាមស្ថានភាពជីវភាពប្រជាជន ក្នុងក្រុង ស្រុក របស់ខ្លួន។
៤-កន្លងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ចេញនូវប្រតិទិន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ហើយក្រសួង មហាផ្ទៃ ក៏បានចេញលិខិត ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយបានស្នើសូមឱ្យ អាជ្ញាធរថ្នាក់ក្រោមជាតិផ្តល់កិច្ចសហការគាំទ្រ ចែកលិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ កិច្ចការនេះ នាងខ្ញុំក្នុងនាមអភិបាលខេត្ត បានចេញលិខិតផ្លូវការព្រឹកមិញនេះ ស្នើឱ្យក្រុង ស្រុក ឃុំ សង្កាត់ ផ្តល់កិច្ចសហការលើការងារនេះ ដែលប្រព្រឹត្តិទៅចាប់ ពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ ខ្ញុំសូមស្នើលោក លោកស្រី យកចិត្តទុកដាក់បំពេញការងារនេះឱ្យទទួលបាន ប្រសិទ្ធភាពខ្ពស់បំផុត។
គណៈអធិបតី ! អង្គពិធីទាំងមូលជាទីមេត្រី ! ជាមួយការអបអរសាទរ ពិធីចូលកាន់មុខតំណែងថ្មី របស់នាយករដ្ឋបាល សាលាខេត្តនេះ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកនាយក ពិតជានាំយកនូវបទ ពិសោធន៍ សមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីបំពេញតួនាទី ជាសេនាធិការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជូនរដ្ឋបាលខេត្តកោះកុង របស់យើង។
នាងខ្ញុំស្នើសូមស្នើ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ពាក់ព័ន្ធទាំងអស់ ធ្វើការសហការឱ្យបានល្អ ជាមួយ លោកនាយករដ្ឋបាល ដើម្បីឱ្យគាត់អាចបំពេញភារកិច្ច ប្រកបដោយជោគជ័យ និងការទទួលខុសត្រូវ៕
ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    10/07/2026

    លោក គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរស្តីទី​ នៃមន្ទីរធម្មការនិងសាសនាខេត្ត​ អមដំណេីរលោក​ ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្រាបថ្វាយបង្គំបដិសណ្ឋារកិច្ច​ព្រះកោសល្យសត្ថា កែវ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមុនី សត្ថាចារ្យកោសល្យ ព្រះមេគណខេត្តកំពង់ស្ពឺ និងសហការី​ ព្រមទាំង ព្រះចៅអធិការវត្តទាំងប្រាំបួន និងសប្បុរសជន ដែលនិមន្ត និងអញ្ជើញមក សំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំងជួរមុខឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

  • មន្ទីររ៉ែ និងថាមពល/
    10/07/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមពិធីប្រកាសចូលកាន់តំណែងនាយករដ្ឋបាលសាលាខេត្តកោះកុង

  • ហេង គីមឆន/
    10/07/2026

    លោកវរសេនីយ៍ឯក ប្រាក់ យន្ត មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំក្រុមការងារ ដើម្បីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្តិ ប្រគល់ថវិកាមិត្តជួយមិត្តទូទាំងយោធភូមិភាគទី៣ ចំនួន១២ លានរៀល

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    10/07/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីចែកចង្រ្កាន ជូនប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល

  • ហេង គីមឆន/
    10/07/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្រាបថ្វាយបង្គំ ព្រះកោសល្យសត្ថា កែវ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមុនី សត្ថាចារ្យកោសល្យ ព្រះមេគណខេត្តកំពង់ស្ពឺ ព្រមទាំង ព្រះចៅអធិការវត្តទាំងប្រាំបួន និងសប្បុរសជន ដែលនិមន្ត និងអញ្ជើញមក សំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំងជួរមុខឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅវត្តនិគ្រោធារាម ហៅវត្តចាំយាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    10/07/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងនាំយកអំណោយ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត​ ផ្ដល់ជូនវីរកងទ័ព ដែលមកសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។