កោះកុង ព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយប្រតិភូក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃគុណភាពសេវា ការអនុវត្ត មុខងារដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសាលប្រជុំមន្ទីរសង្គមកិច្ចខេត្ត ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ វាយតម្លៃលើការគ្រប់គ្រង និងស្ថានភាពកុមារ នៅមណ្ឌលថែទាំកុមាររបស់រដ្ឋ និងការអនុវត្តមុខងារស្របតាម អនុក្រឹត្យលេខ ៣៤ អនក្រ.បក ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ទៅឱ្យរដ្ឋបាលរាជធានី រដ្ឋបាលក្រុង រដ្ឋបាលឃុំ ។
មានសមាសភាពចូលរួមពី ៖ លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រសួង ស.អ.យ ប្រធានមន្ទីរស.អ.យ ខេត្ត មន្រ្តីនៃមន្ទីរស.អ.យខេត្ត នាយិការងរដ្ឋបាលខេត្ត នាយករងទីចាត់ការអន្តរវិស័យ និងប្រធានមណ្ឌលកុមារកំព្រារដ្ឋ សរុបចំនួន ១៦នាក់ (ស្រី ០៥នាក់) ។




















