ថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦
មន្ទីរធម្មការនិងសាសនាខេត្តកោះកុង សហការជាមួយសាលាគណទាំងពីរគណៈរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក នៅមណ្ឌលប្រឡងខេត្តកោះកុង ក្នុងវត្តជោតញ្ញាណ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្ថិតក្នុងពិធីដ៏ថ្លៃថ្លានេះមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងពិធីកាត់ស្រោមវិញ្ញាសា ប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក ។
ព្រមទាំងមានការនិមន្តជាព្រះគណៈអធិបតីពី៖
-ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះទីបរ័ក្ខសត្ថាចារ្យ ព្រះមេគណគណៈមហានិកាយខេត្ត
-ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត
និង មានការនិមន្តចូលរួមពី ព្រះរាជាគណៈ ព្រះសហការីគណ ព្រះអនុគណ ព្រះគ្រូចៅអធិការវត្ត ។
-លោក រី សារឹម ប្រធានប្រេសិត តំណាងក្រសួងធម្មការនិងសាសនា និងសហការី
-លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនា លោកស្រីអភិបាលរងក្រុង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី គណៈកម្មការប្រឡង ឯកឧត្តម លោកជំទាវ មហាឧបាសក មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បេក្ខសមណ បេក្ខជន សរុប ១៨០ អង្គ/នាក់។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរធម្មការ និងសាសនាខេត្ត សាលាគណទាំងពីរគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានុនក្រម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងគណៈកម្មការរៀបចំការប្រឡង ដែលបានខិតខំរៀបចំការប្រឡងនេះឱ្យប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងតម្លាភាព ។
បន្ថែមពីនោះលោកជំទាវក៏បានបញ្ជាក់ផងដែរថាៈ ការប្រឡងវិញ្ញាបនបត្រធម្មវិន័យ គឺជាកម្មវិធីដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការសិក្សាព្រះពុទ្ធសាសនា ការអភិរក្សអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ និងការបណ្តុះគុណធម៌ សីលធម៌ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទជំនាន់ក្រោយ ។ ការសិក្សាធម្មវិន័យមិនត្រឹមតែផ្តល់ចំណេះដឹងផ្នែកព្រះផ្លូវធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងធនធានមនុស្សប្រកបដោយគុណភាព សុជីវធម៌ និងការទទួលខុសត្រូវចំពោះសង្គមជាតិផងដែរ ។
លោកជំទាវបាននាំយកនូវថវិកាចំនួន ៣,០០០,០០០៛ ប្រគេននិងជូនគណៈកម្មការប្រឡងចាត់ចែងក្នុងប្រតិបត្តិការណ៍ប្រឡង ។
ក្រោយចប់កម្មវិធីកាត់វិញ្ញាសា លោកជំទាវបានផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់ ដឹកនាំគណៈអធិបតី ចុះពិនិត្យតាមបន្ទប់ប្រឡង ដេីម្បីលេីកទឹកចិត្តបេក្ខសមណៈ និងបេក្ខជនបន្ថែមទៀត ។



























