នៅថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអញ្ជើញទៅបណ្ដុះបណ្ដាល វិធីសង្គ្រោះបឋម ដល់មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង តាមសំណើរ នៅមន្ទីរបរិស្ថានខេត្តកោះកុង។ ដែលការបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃគឺ ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៦។
វិធីសង្គ្រោះបឋម (first aid) គឺចំនេះដឹងដ៏សំខាន់ ដែលប្រជាពលរដ្ឋគ្រប់រូបគួរយល់ដឹង ព្រោះអាចមានឱកាសជួយសង្គ្រោះជនរងគ្រោះភ្លាមៗដែលនៅជិតខ្លួននៅនឹងកន្លែងកើតហេតុ ឱ្យមានឱកាសរស់រានមានជីវិតបាន មុនពេលជនរងគ្រោះជួបក្រុមគ្រូពេទ្យជួយសង្គ្រោះ ដូចជា ការរងគ្រោះភ្លាមៗដោយសារស្លាក់របស់ផ្សេងៗ ការសន្លប់បាត់ស្មារតី បាត់ជីពចរ និងដង្ហើមដោយសារគាំងបេះដូង ខ្សែភ្លើងឆក់ លង់ទឹក ឬដោយសារគ្រោះថ្នាក់ផ្សេង…។ល។
សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការសង្គ្រោះដោយប្រើទម្លាប់ តៗគ្នា ដូចជា ការចាប់ជើងឡើងលើរលាក់ឱ្យចេញទឹក ឬលីរត់ (ចំពោះជនរងគ្រោះលង់ទឹក) យកដីខ្សាច់ ឬភក់កប់ (ចំពោះជនរងគ្រោះខ្សែភ្លើងឆក់)។ ទង្វើបែបនេះមិនត្រឹមតែមិនអាចជួយជនរងគ្រោះបានទេ ថែមទាំងបង្ករគ្រោះថ្នាក់បន្ថែមដល់គាត់ទៅវិញ។






















