លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុក ស្ទឹងតាតៃលើ អានុភាព ១ ០០០មេហ្គាវ៉ាត់ ខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្តកោះកុងទាំងមូល នាងខ្ញុំពិតជា មានសេចក្តីរីករាយឥតឧបមា ដោយបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានផ្តល់កិត្តិយស អញ្ជើញ ជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង វារីអគ្គិសនី បូមទឹកស្តុកទុក ស្ទឹងតាតៃលើ អានុភាព ១ ០០០មេហ្គាវ៉ាត់ ខេត្តកោះកុង នាពេលនេះ។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមាន ឯកឧត្តម ឯកអគ្គ រដ្ឋទូត សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងពិធីដ៏មានសារៈសំខាន់នេះ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ អនុញ្ញាតឱ្យនាងខ្ញុំសូមសំដែងនូវការអបអរសាទរ ជាមួយ ក្រុមហ៊ុន China National Heavy Machinery Corporation ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យធ្វើការវិនិយោគ និងសាងសង់ ដូចដែលលោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់នៅក្នុងរបាយការណ៍អម្បាញ់មិញនេះ។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះក្រុមហ៊ុន China National Heavy Machinery Corperation ដែលបានដាក់ទុន វិនិយោគ នៅក្នុងទឹកដីខេត្តកោះកុង ក្នុងនោះគម្រោងទី១ របស់ក្រុមហ៊ុនគឺ វារីអគ្គិសនីតាតៃ ដែលមានអានុភាពផលិតអគ្គិសនី បាន ២៤៦មេហ្គាវ៉ាត់ បានដំណើរការនៅឆ្នាំ២០១៤ និង គម្រោងទី២ វារីអគ្គិសនីតាតៃលើ ក្នុងទំហំវិនិយោគ ចំនួនជិត៤០០លានដុល្លារ ដែលមាន អានុភាពផលិតអគ្គិសនី បាន១៥០មេហ្គាវ៉ាត់ផងដែរ។ ជាការរួមចំណែកយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្តល់ឱកាសការងារ ជូនប្រជាជនយើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅកម្ពុជា។
គណៈអធិបតី ជាទីគោរព ! អង្គពិធីទាំងមូល ជាទីមេត្រី ! រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងទាំងមូល ត្រូវបានកសាង និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ជាពិសេសក្រោយឆ្នាំ ១៩៩៨ ដែលប្រទេសជាតិយើងទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះ គឺជាកាលានុវត្តភាព ដ៏ប្រពៃសម្រាប់ការកសាង និងអភិវឌ្ឍជាតិយើង។
ខេត្តកោះកុង ក៏មានវាសនា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាបន្តបន្ទាប់ទាំង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន និងអរូបវ័ន្ត ដោយមានអ្នកវិនិយោគទាំងបរទេស និងក្នុងស្រុក ដាក់ទុនវិនិយោគលើគម្រោងជាច្រើន ក្នុងខេត្តយើង ធ្វើឱ្យខេត្តកោះកុង លែងជាខេត្តដាច់ ស្រយាលដូចមុនទៀតហើយ កោះកុងបានក្លាយ តារារះនាទិសនីរតី នៃកម្ពុជា។
ក្នុងរយៈពេលដែលមានបញ្ហាព្រំដែន រវាងថៃ-កម្ពុជា ខេត្តកោះកុងបានរងផលប៉ះពាល់ មួយចំនួនធំ លើការប្រកបរបរអាជីកម្ម និងការបំពេញការងាររបស់មន្ត្រីរាជការ និងប្រជាជន យើង ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ថ្នាក់ដឹកនាំកំពូលរបស់យើង មាន សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចពិជ័យសេនា ទៀ បាញ់ និងឥស្សរជនជាច្រើនទៀត បាននឹងកំពុងរកដំណោះស្រាយ ជាពិសេសលើសមរភូមិការទូត ក្នុងទិសដៅរក្សាឱ្យបាននូវ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងអាយុជីវិត និងភាពសុខសាន្តរបស់ប្រជាជនយើង។
នាងខ្ញុំសូមយកឱកាសនេះ អំពាវនាវ ដល់បងប្អូនយើងទូទាំងខេត្តកោះកុង សូមផ្តល់ ជំនឿជឿទុកចិត្តលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំកម្ពុជា ហើយរួបរួម សាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
អង្គពិធីទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខេត្តកោះកុងរបស់យើង នឹងទទួលសមិទ្ធផលថ្មីមួយទៀតគឺ វារីអគ្គិសនីបូមទឹកស្តុកទុក ស្ទឹងតាតៃលើ អានុភាព ១ ០០០មេហ្គាវ៉ាត់ ក្នុងចំណោមសមិទ្ធផលនានាជាច្រើន ដែលយើងបានអភិវឌ្ឍកន្លងមក ក្នុងរយៈពេល ៤៧ឆ្នាំ គឺក្រោយថ្ងៃ៧មករា ១៩៧៩ រហូតដល់បច្ចុប្បន្ន។ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា។ វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយ ព្រោះថាមពលអគ្គិសនីមិនមែនត្រឹមតែជាផលិតផល មួយ ដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាផលិតផលមួយ ដែលត្រូវការចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀតក្នុងផ្នែកសេដ្ឋកិច្ចផងដែរ។
នាងខ្ញុំជឿជាក់ថា ក្រោយពីគម្រោងបានបញ្ចប់ និងដាក់ឱ្យដំណើការ គម្រោងនេះ ពិតជាជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីបន្ថែមមួយកម្រិតទៀត ដើម្បីឈានទៅសម្រេច បាន”ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយចីរភាព ស្ថិរភាព គុណភាព និងមាន ថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែង ទូទាំងព្រះរាជាណាចក្រកម្ពុជា” ដែលជាកត្តាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព របស់ប្រទេស និងជួយបង្កើនសុខដុមនីយភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ។
នាងខ្ញុំសូមថ្លែងអំណរគុណ ជាថ្មីម្តងទៀតចំពោះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត អ្នកវិយោគចិន និងប្រជាពលរដ្ឋចិនទាំងអស់ ដែលមានទំនាក់ទំនងល្អ លើ គ្រប់វិស័យនាពេលកន្លងមក។
ជាទីបញ្ចប់នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តម រដ្ឋមន្ត្រី ឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦

















