សារលិខិតជូនពរ
របស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រឹស្តសករាជ ២០២៦
-ជាបឋម ខ្ញុំព្រះករុណា នាងខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ !
-សូមគោរព សម្តេច ឯកឧត្តម លោកជំទាវ ទ្រង់ អ្នកអង្គម្ចាស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ជាទីមេត្រី !
-លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ធុរជន អាជីវករ សេវាករ នៅទូទាំងខេត្តកោះកុង ជាទីគោរពរាប់អាន !
ថ្ងៃអង្គារ ១២រោច ដល់ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងថៃ្ងទី១៦ ខែមេសា ឆ្នាំ២០២៦ គឺជាទិវាដ៏មហោឡារិក ដែលប្រជាជាតិខ្មែរយើងទាំងមូល រួមគ្នាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ដោយកី្តមោទនៈ និងសោមនស្សរីករាយក្រៃលែង។
ពិធីបុណ្យនេះ ជាកេរដំណែលដ៏ពិសិដ្ឋពីបុព្វបុរសនៃយើង ដែលជាឱកាសឱ្យប្រជាជនយើង គ្រប់រូប ជម្រះចោលឱ្យជ្រះស្រឡះ នូវអពមង្គល ឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងឡាយ ក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មីប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា និងឧបេក្ខា ដោយតាំងចិត្ត ធ្វើបុណ្យទាន សាងកុសល ដើម្បីសិរីសួសី្ត សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំថ្មីនេះតរៀងទៅ។
ឆ្នាំចាស់កន្លងទៅ ដោយមានកម្លាំងមហាសាមគ្គីដ៏រឹងមាំ យើងទាំងអស់គ្នា ជម្នះបាននូវរាល់ឧបសគ្គតូចធំទាំងឡាយ ប្រកបដោយជោគជ័យ បំពេញបានល្អនូវភារកិច្ចកសាង និងអភិវឌ្ឍខេត្ត របស់យើង ដោយថែរក្សាសុខ សនិ្តភាព សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត ធានាបានសេចកី្តសុខ សុវត្ថិភាពជូនប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទេសក៏ឯកនយោបាយ ឈ្នះ ឈ្នះ ដែលបានប្រែក្លាយកម្ពុជាពីការបែកបាក់ជាតិ ទៅជាប្រទេសមានសុខសន្ដិភាព ពេញលេញ ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ ដែលធានាដល់ការរីកចម្រើនគ្រប់វិស័យ ប្រជាជនរស់នៅក្រោមដំបូលសន្ដិភាព ប្រកបដោយក្ដីសង្ឃឹម និងសុខក្សេមក្សាន្ដ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្ដអភិវឌ្ឍន៍និងពង្រីកប្រព័ន្ធគាំពារសង្គម ដែលមានវិសាលភាពគ្របដណ្ដប់ប្រជាពលរដ្ឋ គ្រប់រូបទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របគ្នា នឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមរមនា នៃសង្គមជាតិ។
តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្ញុំព្រះករុណា នាងខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរដោយស្មោះ ប្រគេន ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន-យុវនារី និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលបានខិតខំរួមគ្នា បំពេញភារកិច្ចតាមមុខងារ តួនាទីរបស់ខ្លួន ហើយបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការអភិវឌ្ឍខេត្តកោះកុងរបស់យើង ជាពិសេសការចូលរួមយ៉ាងសកម្ម ជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ ក្នុងការថែរក្សាបូរណភាពទឹកដី សន្តិភាព និងសន្តិសុខ សុវត្ថិភាពសាធារណៈនៅតាមព្រំដែន និងក្នុងភូមិសាស្ត្រខេត្ត។
ខ្ញុំព្រះករុណា នាងខ្ញុំមានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រជាជនយើងពិតជាទទួលបាន នូវវិបុលភាព សុខដុមរមនា និងសុភមង្គល ជាពិសេសនឹងនាំមកនូវការអភិវឌ្ឍថ្មីៗ ថែមទៀតជូនប្រទេសជាតិយើង។
ក្នុងទិវាដ៏មហានក្ខត្តប្ញក្សនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” សូមទ្រង់ព្រះមេត្តាប្រទានពរជ័យ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ ស្ថាប័នកំពូលរបស់ជាតិ ទទួលបានជោគជ័យ និងមានការអភិវឌ្ឍជាបន្តបន្ទាប់។
ខ្ញុំព្រះករុណា នាងខ្ញុំសូមគោរពជូនពរ និងប្រសិទ្ធពរបវរមហាប្រសើរ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជួយអភិបាលគ្រប់គ្រងថែរក្សា និងប្រសិទ្ធិពរជ័យសិរី សួសី្តជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា សណ្តោសប្រណី សាមគ្គីភាព រួមសុខ រួមទុក្ខជាមហាគ្រួសារតែមួយ នៅលើទឹកដីខេត្តកោះកុងរបស់យើង ប្រកបដោយកី្តសុខក្សេមក្សាន្ត និងដោយកិត្តិយសសេចកី្តថ្លៃថ្នូរតរៀងទៅ។ សូមអរព្រះគុណ និងសូមអរគុណ !

