លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ខេត្តកោះកុងយើងមានកិត្តិយស និងមានមោទនភាពក្រៃលែង ដែលបានប្រារព្ធទិវា វប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ ដើម្បីរំលឹកនូវ គុណណូបការៈ របស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ទន្ទឹមនេះ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីបំផុសនូវមនសិការស្នេហាជាតិ ចូលរួម ការពារ ថែរក្សា លើកស្ទួយមរតកវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើន ទៀត ដែលជាអត្តសញ្ញាណជាតិរបស់ប្រជាជនខ្មែរគ្រប់រូប និងជាប្រភពមិនចេះរីងស្ងួតក្នុងការចូលរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ទិវាវប្បធម៌ជាតិ ៣មីនា ត្រូវបានប្រារព្ធធ្វើជាប្រចាំឆ្នាំ អស់រយៈពេល ២៨ឆ្នាំមកហើយ និងបាន ដាក់ចេញនូវប្រធានបទសំខាន់ៗជាច្រើនជាបន្តបន្ទាប់។ ប៉ុន្តែនៅរយៈពេល ១១ឆ្នាំ ចុងក្រោយនេះ ទិវា វប្បធម៌ជាតិ ៣មីនា បានរក្សានូវប្រធានបទដដែល គឺ « យុវជនដើម្បីវប្បធម៌ជាតិ» ដោយវិសាលភាពធំ ធេងនៃវិស័យវប្បធម៌ ការពង្រឹង ការថែរក្សា និងការអភិវឌ្ឍគ្មានដែនកំណត់ ជាកាតព្វកិច្ចរបស់យុវជនបន្ត វេន និងជាវិស័យដែលងាយរងហានិភ័យពីចរន្តលំហូរ នៃសិល្បៈ វប្បធម៌តំបន់ និងពិភពលោក រួមទាំងការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាយ៉ាងទូលំទូលាយ។ ក្នុងន័យនេះ យើងបានខិតខំប្រឹងប្រែង ជួយដល់អ្នកបន្តវេន ដោយធ្វើការបណ្តុះបណ្តាលគ្រប់ទម្រង់ គ្រប់ជំនាន់ ទាំងបទពិសោធ នៃការអនុវត្តន៍បញ្ញារបស់អ្នកជំនាន់មុន និងបានបំពេញដោយថាមពល និងនវានុវត្ត របស់អ្នកដឹកនាំជំនាន់ក្រោយ ដើម្បីបន្តវេនប្រកបដោយចីរភាព និងការអភិវឌ្ឍ។ មួយវិញទៀត ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្ស និង អភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែងវិស័យសិល្បៈវប្បធម៌ គឺជាផ្នែកមួយនៃគោលនយោបាយ និងផែនការសកកម្មភាព នៅគ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនត្រឹមតែ ជាកិច្ចការពារអត្ត សញ្ញាណជាតិ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែយើង បានពង្រឹង និងអភិវឌ្ឍវិស័យវប្បធម៌ ឱ្យក្លាយទៅជាវិស័យសកម្ម ដើម្បីចូលរួមដោយផ្ទាល់ និងដោយប្រយោលជួយដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈ សកម្មភាពទេសចរណ៍ និងតាមរយៈសកម្មភាពឧស្សាហ៍កម្មច្នៃប្រតិដ្ឋជាដើម។ ដើម្បីសម្រេចបាននូវ ទស្សនទាននេះ រាជរដ្ឋាភិបាលពិតជាត្រូវការនូវកម្លាំងយុវជនបន្តវេន ជាមួយផែនការសកម្មភាពជាក់ស្តែង ដែលមានលក្ខណៈច្បាស់លាស់អាចអនុវត្តន៍បាន គំនិតផ្តួចផ្តើមថ្មី បន្ថែមទៅលើមូលដ្ឋានដែលមានស្រាប់ ព្រមទាំងគំនិតច្នៃប្រតិដ្ឋ របស់សិល្បៈករគ្រប់រូបក្នុងក្របខ័ណ្ឌឧស្សាហ៍កម្មវប្បធម៌ ព្រមទាំងត្រូវសិក្សា ស្វែងយល់ពីបទពិសោធន៍ តាមបណ្តាប្រទេសដទៃ ដែលកំពុងទទួលបានកំណើនសេដ្ឋកិច្ច និងការចូល រួមយ៉ាងសំខាន់ពីវិស័យវប្បធម៌។
ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ បានបន្តរក្សានូវប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងបន្តជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ពិសេសយុវជនជំនាន់ក្រោយឱ្យ ចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌។ តាងនាមរដ្ឋបាលខេត្តកោះកុង ក៏ដូចរូបនាងខ្ញុំ ផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលវិជ្ជមាន ដែលបានកើតចេញពីដំណើរការ អភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព ការថែរក្សា ការពារ បណ្តុះបណ្តាល ផ្សព្វផ្សាយ ផ្ទេរចំណេះជំនាញ បច្ចេកទេស ទេពកោសល្យ ជំនាញវិជ្ជាជីវៈដូនតា ឱ្យដល់អ្នកជំនាន់ក្រោយ ពិសេស ស្រទាប់យុជន ដែលជាទំពាំងស្នងឬស្សី ដែលពោរពេញដោយសក្តានុពល ក្នុងសកម្មភាពអភិរក្សទំនើបកម្ម និងការបង្កើតថ្មី។កម្ពុជា ជាប្រទេសមួយមានប្រវត្តិដ៏ចំណាស់ មានដើមកំណើតច្បាស់លាស់ មានភាសា អក្សរ មាន វប្បធម៌ទាំងរូបី និងអរូបីដ៏ល្បីល្បាញ ឆ្លុះបញ្ចាំងឱ្យឃើញនូវកម្រិតអារ្យធម៌ដ៏ចំណាស់ ដែលគួរឱ្យស្ញប់ស្ញែង ដោយក្នុងនោះខ្មែរមានទេពកោសល្យច្នៃប្រតិដ្ឋខ្ពស់ ក្នុងវិស័យស្ថាបត្យកម្ម ចម្លាក់ គំនូរ កំណាព្យ តន្ត្រី ល្ខោន របាំ។ល។ ដែលយើងអាចមើលឃើញពីទេពកោសល្យទាំងនោះ តាមរយៈសំណង់ស្ថាបត្យកម្ម ប្រាង្គប្រាសាទនានារបស់ខ្មែរ តន្ត្រីបុរាណ និងរបាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ ដែលបានបន្សល់ទុក រហូតមកដល់បច្ចុប្បន្ន។
ទិវាប្បធម៌ជាតិ ៣មីនា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ធ្វើឡើងក្នុងបំណង
១-លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋ ក្នុង សង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន សំដៅធានាបាននូវសុខដុម រមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស។
២-បំផុសប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសយុវជន ចូលរួមជាកម្លាំងចលករ ក្នុងកិច្ចអភិរក្ស លើកស្ទួយនិងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើន ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិសាសន៍។
៣-បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភព មិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និង ផលិតផល វប្បធម៌ថ្មីៗ ប្រកបដោយភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍។
៤-លើកកម្ពស់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ និងសហគ្រាសធុនមីគ្រូ តូច និងមធ្យមក្នុងវិស័យ សិល្បៈវប្បធម៌ ដើម្បីរួមចំណែកការបង្កើតការងារឱ្យកាន់តែច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
៥-បំផុសគំនិតផ្តួចផ្តើមថ្មីៗ ដែលមានលក្ខណៈច្នៃប្រតិដ្ឋ និងនវានុវត្តន៍ រួមទាំងកាប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល ដើម្បីបង្កើនភាពទាក់ទាញនិងផ្តល់ភាពងាយស្រួលដល់ការចូលរួម ក្នុងសកម្មភាព វប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមានពិការភាព ក្រោមទិសស្លោក សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា»។
៦-លើកស្ទួយកិច្ចសហប្រតិបត្តិការ វប្បធម៌ និងទំនាក់ទំនងប្រជាជន និងប្រជាជន សំដៅលើក កម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក នៅក្នុងសហគមន៍ និងរវាងប្រជាជាតិមួយទៅប្រជា ជាតិមួយ ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។
ឆ្លៀតឱកាសនេះផងដែរ ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែង ពុះពារការលំបាក សព្វបែបយ៉ាង ក្នុងការអនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះបុព្វហេតុ នៃការថែរក្សា ការពារ លើកកម្ពស់សីលធម៌ គុណធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ការពង្រឹងអត្តសញ្ញាណជាតិ និង កិត្យានុភាពជាតិ ស្របតាមគោលនយោបាយជាតិ ដែលបានចាត់ទុកវិស័យវប្បធម៌ ជាកិច្ចការ អាទិ៍ភាពមួយ របស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ជា ពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយ និងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែត លើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់ របស់ជាតិ និងការកសាង ប្រព័ន្ធអេកូឡូស៊ី ដ៏រស់រវើក និងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជា ជាអរិយប្រទេស៕
ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦












