លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ ស្តីពីការកែសម្រួលសៀវភៅកិច្ចការរដ្ឋបាលឃុំ សង្កាត់
លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះជំនួសមុខឱ្យលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម សំដែងនូវមនោសញ្ចេតនារីករាយ និងសូមស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានដឹកនាំក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលបានចុះប្រមូលធាតុចូលលើការកែសម្រួលសៀវភៅកិច្ចការ រដ្ឋបាលឃុំ សង្កាត់ នាព្រឹកនេះ និងបន្តចុះប្រមូលធាតុចូលរដ្ឋបាលក្រុងខេមរភូមិន្ទ រដ្ឋបាលសង្កាត់ស្មាច់មានជ័យ រដ្ឋបាលស្រុកស្រែអំបិល និងរដ្ឋបាលឃុំស្រែអំបិល។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនឯកឧត្តមប្រធានក្រុមការងារ និងសហការីទាំងអស់មេត្តាជ្រាបថា ការកែសម្រួលសៀវភៅកិច្ចការរដ្ឋបាលឃុំ សង្កាត់ ជាកិច្ចការមួយមានសារៈសំខាន់ណាស់ ព្រោះ សៀវភៅនេះមានរយៈពេលជាង២០ឆ្នាំហើយ មិនធ្លាប់បានកែសម្រួលទេ ដើម្បីឱ្យស្របនឹងលិខិតបទដ្ឋាន គតិយុត្តថ្មីៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លង ពិសេសឱ្យស្របទៅនឹងការវិវត្តន៍ នៃសម័យកាលបច្ចុប្បន្នទាំងការអភិវឌ្ឍបច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍធនធានមនុស្ស។ ខ្ញុំជឿជាក់ថា តាមរយៈការចូលរួមប្រមូលធាតុចូលពីតួអង្គពាក់ព័ន្ធ យើងនឹងអាចកែសម្រួលសៀវភៅកិច្ចការ រដ្ឋបាលឃុំ សង្កាត់ដ៏មានសារៈសំខាន់នេះ ពិតជាមានប្រសិទ្ធភាពខ្ពស់ពិសេសការផ្តល់សេវាសាធារណៈ នៅរដ្ឋបាលឃុំ សង្កាត់ជាក់ជាមិនខាន។
ដើម្បីសម្រេចការងារតាមកម្មវិធីគ្រោងទុក ខ្ញុំសូមប្រគល់ភារកិច្ចនេះជូន ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃ ដើម្បីដឹកនាំកិច្ចពិភក្សាជាទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត និងស្នើសុំឱ្យ ទីចាត់ការ និងអង្គភាពចំណុះជួយផ្តល់ធាតុចូលទៅតាមសមត្ថកិច្ចរៀងៗខ្លួន។
ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦




















