លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមជីកយកដីក្រួសក្រហមចំនួន ១ទីតាំង របស់ក្រុមហ៊ុន បេង ម៉េង គ្រុប ខូអិលធីឌី ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានជម្រាបឱ្យដឹងថា ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ក្នុងនោះមានចុះកិច្ចសន្យាលើការងារសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ ប្រវែង ៨៩.០៨គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ព្រមទាំងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅខេត្តគោលដៅចំនួន ៤ រួមមាន៖ ខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកោះកុង។ ចំពោះខេត្តកោះកុងយើង គឺនឹងមានសមិទ្ធផលថ្មី ផ្លូវជនបទចំនួន ២ខ្សែ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ព្រមទាំងសំណង់សិល្បការ្យចំនួន ១កន្លែង។ ខែ្សផ្លូវទី១៖ ប្រវែង ១៦.១០គីឡូម៉ែត្រ និងលូមូលចំនួន ១កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅឃុំជីផាត ស្រុកថ្មបាំង និងខ្សែផ្លូវទី២៖ ប្រវែង ១៦.១០គីឡូម៉ែត្រ តភ្ជាប់ពីឃុំឫស្សីជ្រុំ និងឃុំជំនាប់ ស្រុកថ្មបាំង។ លោកអភិបាលរង ក៏ជម្រាបបន្ថែមថា ការដឹកនាំកិច្ចប្រជុំពិភាក្សានិងចុះពិនិត្យទីតាំងស្នើសូមជីកយកដីក្រួសក្រហមចំនួន ១ទីតាំង ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង គឺតបតាមសំណើរបស់ក្រុមហ៊ុន បេង ម៉េង គ្រុប ខូអិលធីឌី ដែលជាក្រុមហ៊ុន ដែលបានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសាងសង់ផ្លូវជនបទទាំងពីរក្នុងភូមិសាស្រ្តខេត្ត ហើយការស្នើសូ ទីតាំងជីកយកក្រួសក្រហមចំនួន១ទីតាំងនេះទៀតសោត គឺដើម្បីយកទៅក្រាលធ្វើជាគ្រឹះផ្លូវខាងលើ។ ជាអនុសាសន៍ លោកអភិបាលរងខេត្ត ក៏បានណែនាំឱ្យមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវជួយផ្តល់កិច្ចសហការ និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការសាងសង់ផ្លូវជនបទនេះ ព្រមទាំងបានណែនាំឱ្យក្រុមហ៊ុន សហការឱ្យបានល្អប្រសើរជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ហើយមិនអនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយដែលពុំមានការសិក្សាផលប៉ះពាល់និងមានការអនុញ្ញាតជាមុននោះឡើយ។
ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦






