លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ក្នុងពិធីសម្ពោធផ្លូវបេតុងអាមេ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបំពាក់បង្គោលសូឡាបំភ្លឺផ្លូវសងខាង នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ពិតជាមានសេចក្តី រីករាយឥតឧបមា ដោយបានចូលរួមជាមួយ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស និងឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបំពាក់បង្គោលសូឡាបំភ្លឺផ្លូវសងខាង ដែលស្ថិតនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង នាពេលនេះ។ ជាបឋមនេះ អនុញ្ញាតឱ្យនាងខ្ញុំសូមសំដែងនូវការអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ និយាយដោយឡែក និងនិយាយ ជារួមគឺសាធារណៈជនទូទៅ ដែលបានទទួលនូវសមិទ្ធផលថ្មីមួយទៀត ដែលជាសសៃ ឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់បំផុត នោះគឺផ្លូវបេតុងអាមេ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបំពាក់បង្គោលសូឡាបំភ្លឺផ្លូវសងខាង នៅលើទឹកដីមាត់សមុទ្រដ៏ស្រស់ស្អាត របស់យើងនេះ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាអ្នកវិនិយោគមួយរូប ដ៏មានឥទ្ធិពល បានរួមចំណែកយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្តល់ឱកាសការងារជូនប្រជាជនយើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅកម្ពុជា។ ឯកឧត្តម អ្នកឧកញ៉ា បានយកចិត្តទុកដាក់វិនិយោគលើអាជីវកម្ម មួយចំនួនធំនៅខេត្តកោះកុង ដែលចាត់ទុកបានថា ជាគុណសម្បត្តិយ៉ាងធំធេង របស់ឯកឧត្តម អ្នកឧកញ៉ា ចំពោះទឹកដីកោះកុង និងប្រជាជន ក្នុងខេត្តកោះកុងយើងខ្ញុំ។
ឯកឧត្តម អ្នកឧកញ៉ា ! គណៈអធិបតី ! អង្គពិធីទាំងមូល ! ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងទាំងមូល ត្រូវបានកសាង និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ជាពិសេសក្រោយឆ្នាំ១៩៩៨ ដែលប្រទេសជាតិយើង ទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននោះ គឺជាកាលានុវត្តភាពដ៏ប្រពៃសម្រាប់ការកសាង និងអភិវឌ្ឍជាតិយើង។
ខេត្តកោះកុង ក៏មានវាសនា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាបន្តបន្ទាប់ទាំង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន និងអរូបវ័ន្ត ដោយមានអ្នកវិនិយោគទាំងបរទេស និងក្នុងស្រុក ដាក់ទុនវិនិយោគលើគម្រោងជាច្រើន ក្នុងខេត្តយើង ធ្វើឱ្យខេត្តកោះកុង លែងជាខេត្តដាច់ ស្រយាលដូចមុនទៀតហើយកោះកុងបានក្លាយ តារារះនាទិសនីរតី នៃកម្ពុជា។ ក្នុងរយៈពេលដែលមានបញ្ហាព្រំដែន រវាងថៃ-កម្ពុជា ខេត្តយើងបានរងផលប៉ះពាល់ មួយចំនួនធំ លើការប្រកបរបរអាជីកម្ម និងការបំពេញការងាររបស់មន្ត្រីរាជការ និងប្រជា ជនយើង ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ថ្នាក់ដឹកនាំកំពូលរបស់យើង មានសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចពិជ័យសេនា ទៀ បាញ់ និងឥស្សជនជាច្រើនទៀត បាននឹងកំពុងធ្វើការដោះស្រាយជាមួយភាគីថៃ ទាំងសមរភូមិ ប្រយុទ្ធ និងសមរភូមិកាទូត ក្នុងទិសដៅរក្សាបាននូវ ឯករាជ្យ អធិបតេយ្យភាពបូរណភាព ទឹកដី ព្រមទាំងអាយុជីវិត និងភាពសុខសាន្តរបស់ប្រជាជនយើង។
នាងខ្ញុំសូមយកឱកាសនេះ អំពាវនាវ ដល់បងប្អូនយើងទូទាំងខេត្តកោះកុង សូមផ្តល់ ជំនឿជឿទុកចិត្តលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំកម្ពុជា ហើយរូបរួម សាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សូមបងប្អូនទទួលយកព័ត៌មានពិត ដែលផ្សព្វផ្សាយដោយក្រសួង ស្ថាប័នជាតិ និង រដ្ឋបាលខេត្ត ហើយធ្វើការពិចារណា ចំពោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដើម្បី យើងទាំងអស់គ្នាមានលំនឹងចិត្ត ក្នុងការរស់នៅ និងប្រកបរបរ អាជីវកម្ម ជាប្រក្រតី ក្នុងមូលដ្ឋានរបស់យើងរៀងៗខ្លួន។ អង្គពិធីទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ បងប្អូនអ្នកកោះស្តេច បានទទួលសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើន ដែលយើងបានអភិវឌ្ឍកន្លងមក ក្នុងរយៈពេល ៤៧ឆ្នាំ គឺក្រោយថ្ងៃ៧ មករា ១៩៧៩ រហូតដល់បច្ចុប្បន្ន។
មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា។ មានផ្លូវមានក្តីសង្ឃឹម។ ផ្លូវរួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវ ដែលសម្ពោធនាពេលនេះ ពិតជា មានតម្លៃខ្លាំងណាស់ចំពោះសេដ្ឋកិច្ចជាតិ ជាពិសេសបម្រើឱ្យសេដ្ឋកិច្ចអ្នកោះស្តេចយើងតែម្តង។ ខ្ញុំសូមបងប្អូនទាំងអស់ប្រើប្រាស់ផ្លូវនេះ ប្រកបដោយការទទួលខុសត្រូវ ហើយ រួមគ្នាថែរក្សាផ្លូវ នេះឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។
នាងខ្ញុំសូមថ្លែងអំណរគុណ ជាថ្មីមទៀតចំពោះ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការសាង សង់ផ្លូវបេតុងអាមេ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបំពាក់បង្គោលសូឡាបំភ្លឺផ្លូវ សងខាងនេះឡើង ដើម្បីជាចំណងដៃ ដល់អ្នកកោះស្តេច និងសាធារណៈជនទូទៅប្រើប្រាស់។ សូមអរគុណ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ដែលតែងតែជួយឧបត្ថម្ភគាំទ្រចំពោះ រដ្ឋបាលខេត្តកោះកុង នូវរាល់សំណើ សំណូមពរនានា ដែលខេត្តបានស្នើឡើង។
ជាទីបញ្ចប់នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តម អ្នកឧកញ៉ា គណៈអធិបតី លោក លោកស្រី បងប្អូនក្មួយៗទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ ផ្លូវបេតុងអាមេ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបង្គោលសូឡាបំភ្លឺផ្លូវសងខាង ចាប់ពីពេលនេះតទៅ៕
ថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦
















































