លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី“ជួបសំណេះសំណាលជាមួយពលទាហានថ្មី បំពេញក្របខណ្ឌកងទ័ពជើងគោក”
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាងខ្ញុំពិតជាមានសេចក្តីរីករាយឥតឧបមាដោយបានមកចូលរួមជាមួយ លោក លោកស្រី គណៈអធិបតី លោក លោកស្រីនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ក្នុងពិធី «សំណេះសំណាលជាមួយពលទាហានថ្មី បំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក» នាឱកាសនេះ។
នាងខ្ញុំសូមយកឱកាសនេះ ថ្លែងក្នុងនូវការកោតសរសើរដោយស្មោះ ចំពោះលោកមេបញ្ជាការ លោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងរងកោះកុង, កងឯកភាពក្រុមការងារប្រតិបត្តិទី២ លេខាធិការដ្ឋាន នៃគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តកងទ័ពជើងគោក, អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថកោះកុង ដែលបានសហការគ្នាខិតខំបំពេញការងារបានល្អប្រសើរ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីសម្រេចរបស់ក្រសួងការពារជាតិ សេចក្តីសម្រេចរបស់អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពីការជ្រើសរើសពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក តាមរយៈរបាយការណ៍របស់ លោកមេបញ្ជាការកងឯកភាព អំបាញ់មិញនេះ បានបញ្ជាក់យ៉ាងច្បាស់ពីដំណើរការនៃការជ្រើសរើស និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំពាក់ព័ន្ធ រហូតសម្រេចជ្រើសរើស បានយុវជនស្ម័គ្រចិត្តក្នុងវគ្គនេះចំនួន ៣៦រូប ស្របតាមគោលការណ៍ នីតិវិធីជាធរមាន និងមានតម្លាភាពខ្ពស់។
អង្គពិធីទាំងមូល ជាទីមេត្រី! នាងខ្ញុំសូមរំលឹកជូនថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានកំណត់នូវកម្មវិធីនយោបាយ ក្នុងការពង្រឹងខឿនការពារជាតិរបស់ប្រជាជន ដោយបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពទាំងវិជ្ជាជីវៈ ទាំងស្មារតី និងសម្ភារបច្ចេកទេស យុទ្ធោបករណ៍ ភស្តុភារនិងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ព ឱ្យឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍យោធាក្នុងតំបន់ និងលើពិភពលោក ព្រមទាំងធានាចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ ដើម្បីធានាបានការកសាងកម្លាំងប្រដាប់អាវុធមួយ ដែលមានឧត្តមគតិស្មោះត្រង់ចំពោះជាតិមាតុភូមិ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពាររាល់សមិទ្ធផលសង្គមជាតិ។
ក្នុងឱកាសអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិយើងចំនួន ៣ចំណុចធំៗ រួមមាន៖ ទី១ ជួយបង្កើតបរិមាណសាច់ទ័ព ទី២ ជួយបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព និងទី៣ ជួយពលរដ្ឋឱ្យក្លាយជាមនុស្សមានវិន័យសណ្តាប់ធ្នាប់។ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធា នឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ដោយជួយបង្កើនបរិមាណសាច់ទ័ព ព្រោះថាការរើសទ័ពកាតព្វកិច្ចទូលំទូលាយជាងការជ្រើសរើសទ័ពអាជីព។ ប៉ុន្តែពេលនេះ យើងអនុវត្តតាមសេចក្តីសម្រេចនានា ដូចបានរៀបរាប់ខាងលើ ដើម្បីធ្វើការជ្រើសរើសយុវជនស្ម័គ្រចិត្ត ជាពលទាហានថ្មីបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក បានចំនួន ៣៦រូប នៅវគ្គទី៦ នេះ ។
នាងខ្ញុំសូមទាញការចាប់អារម្មណ៍ថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺន បំប៉នជំនាញឯកទេស ស្របតាមស្ថានភាពនិងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ។ ដូច្នេះតាមយៈការបើកវគ្គហ្វឹកហ្វឺនរយៈពេល ០៣ខែ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខាងមុខនេះ ពិតជាបានផ្តល់ឱកាសដល់ពលទាហានថ្មី ក្នុងការកសាងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយទៅជាធនធានមនុស្សពិតប្រាកដ ចូលរួមចំណែក ក្នុងការការពារព្រំដែន និងការពារបូរណភាពទឹកដី ព្រមទាំងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
នាងខ្ញុំសូមចូលរួមអបអរសាទរចំពោះ ពលទាហានថ្មីទាំង ៣៦រូប របស់យើង ដែលត្រូវបានសម្រេចជ្រើសរើសជាពលទាហានបំពេញក្របខ័ណ្ឌឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកក្នុងឆ្នាំ២០២៥ នេះ និងសូមផ្តាំផ្ញើដល់ពលទាហានថ្មីទាំង ៣៦រូប ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺន រៀនសូត្រឱ្យបានល្អប្រសើរ និងត្រូវក្តាប់ឱ្យជាប់រាល់មេរៀនដែលគ្រូឧទ្ទេសនាម និងត្រូវប្រកាន់ភ្ជាប់តួនាទីភារកិច្ចរបស់ខ្លួន ហើយត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅរួមចំណែកពង្រឹងខឿនការពារជាតិបានរឹងមាំ ហើយនាងខ្ញុំសង្ឃឹមថា នៅពេលបញ្ចប់វគ្គហ្វឹកហ្វឺន ពលទាហានរបស់យើង នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយមានឆន្ទៈមោះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
មុននឹងបញ្ចប់ នាងខ្ញុំសូមស្នើដល់ ថ្នាក់ដឹកនាំ នៃតំបន់ប្រតិបត្តិការសឹករងកោះកុង និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អ និងបន្តខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតី បំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ និងត្រូវរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្តកោះកុងទាំងមូល។
ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥











































