ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចង្អុលបង្ហាញលោកប្រធានមន្ទីរនិងចាត់លោកអនុប្រធានមន្ទីរនិងមន្ត្រីក្រោមឪវាទចុះសួរសុខទុក្ខព្រះសង្ឃដែលបានជម្លៀសព្រះកាយសរុបចំនួន១២៤អង្គ មកពីវត្តចំនួន៧វត្តក្នុងនោះគណៈមហានិកាយ ៦វត្ត និងគណៈធម្មយុត្តិចំនួន១វត្ត។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានប្រគេនបច្ច័យដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងការរៀបចំចង្ហាន់នានាប្រគេនព្រះសង្ឃដែលភៀសសឹកនិងវត្តដែលទទួលជនភៀសសឹកស្នាក់នៅនូវបច្ច័យចំនួន៨០០ដុល្លារ(ប្រាំបីរយដុល្លារសហរដ្ឋអាមេរិក)។ ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដោយសង្កត់ធ្ងន់ចំពោះកន្លែងសឹង ចង្ហាន់ ការរក្សាអនាម័យ និងការផ្សព្វផ្សាយលើកទឹកព្រះទ័យ និងលើកទឹកចិត្តដល់ការជឿជាក់ចំពោះរាជរដ្ឋាភិបាលក្នុងដោះស្រាយបញ្ហាព្រំដែនដែលបានកើតឡើងនាពេលថ្មីៗនេះ និងបានប្រគេនពរដល់សូមព្រះសង្ឃមានព្រះសុខភាពល្អបរិបូរណ៍ និងគង់នៅជាម្លប់ក្នុងព្រះធម៌ដល់ពុទ្ធបរិស័តជានិច្ចនិរន្តរ៍។
ក្នុងនាមមន្ទីរធម្មការនិងសាសនាខេត្ត និងតំណាងឱ្យព្រះសង្ឃភៀសសឹកទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី សូមគោរពជូនពរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានាមប្រកបដោយពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥














